ដល់-ក! នៅថៃរកឃើញកន្លែងផលិត Botox ក្លែងក្លាយ និង គ្រឿងរក្សាសម្ផស្សជាច្រើន ដែលគេចែកចាយទៅតាមគ្លីនិចកែសម្ផស្សក្នុងប្រទេស
ថ្មីៗនេះ ការិយាល័យកណ្តាលស៊ើបអង្កេត (CIB) រួមជាមួយនឹងរដ្ឋបាលចំណីអាហារ និង ឱសថ (FDA) របស់ថៃ បានដឹកនាំកម្លាំងចុះទៅបង្រ្កាបកន្លែងផលិត Botox ក្លែងក្លាយ ដែលជាកន្លែងមេបោះដុំចែកចាយទៅកាន់គ្លីនិកកែសម្ផស្សជាច្រើននៅក្នុងប្រទេស។
ការបង្រ្កាបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានរកឃើញផលិតផលកែសម្ផស្សក្លែងក្លាយជាច្រើន ត្រូវបានគេលក់តាមប្រព័ន្ធអនឡាញ។ ដោយអាជ្ញាធរបានចុះទៅដល់កន្លែងផលិត និង វេចខ្ចប់ផ្ទាល់ ដែលជាផ្ទះវីឡាមួយកន្លែងនៅទីក្រុងបាងកក ហើយក្នុងនោះអាជ្ញាធរបានរឹបអូសគ្រឿងសម្អាង និង ផលិតផលរក្សាសម្ផស្ស ២៦២៩៣ មុខ រួមទាំងឧបករណ៍ផលិតជាង ៩០ មុខទៀត សរុបទឹកប្រាក់ប្រហែល ១០ លានបាត។ លើសពីនេះទៅទៀត អាជ្ញាធរក៏បានរឹបអូសគណនីធនាគារចំនួន ៥ ដែលប្រើសម្រាប់ទទួលប្រាក់ពីការលក់ផលិតផលក្លែងក្លាយនេះផងដែរ។
ចំពោះម្ចាស់ទីតាំងមានឈ្មោះ Ploy ត្រូវបានគេបញ្ជាក់ថាជាម្ចាស់នៃការផលិតនេះ ហើយរូបគេនឹងត្រូវចោទប្រកាន់ក្រោមច្បាប់ផ្សេងៗ រួមមានការផលិតឱសថក្លែងក្លាយ, លក់ ឬ នាំចូលឱសថក្លែងក្លាយ, ផលិតលក់ ឬ នាំចូលឱសថទំនើបដោយគ្មានការអនុញ្ញាតិ, ក្រុមហ៊ុនផលិត ឬ អ្នកនាំចូលមិនបានចុះបញ្ជីគ្រឹះស្ថាន, ការផលិត ឬ នាំចូលឧបករណ៍វេជ្ជសាស្ត្រដោយគ្មានការអនុញ្ញាត, លក់ឧបករណ៍វេជ្ជសាស្ត្រដោយគ្មានការអនុញ្ញាត, លក់គ្រឿងសម្អាងដែលមិនបានចុះបញ្ជី៕
ប្រភព៖ Khaosod