មកដឹងទំនាយទាំង ៧ អំពីហេតុភេទកើតក្នុងស្រុកទេស នាឆ្នាំថ្មី ឆ្នាំថោះ គ្រិស្តសករាជ ២០២៣
ទេវតាឆ្នាំថ្មី បុត្រីទី ៦ នៃកបិលមហាព្រហ្ម ជាមគ្គនាយិកាព្រះនាម កិមិរាទេវី នឹងយាងចុះមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល។
តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយនៃទេវតាឆ្នាំថ្មីដូចខាងក្រោម ៖
១. កេណ្ឌព្រះពិរុណសាស្ត្រ ៖ ឆ្នាំនេះ ចន្ទ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ ៣ បង្អុរទឹកភ្លៀង ៤០០ មេ ដែលចែកចេញជា ៖
- ចក្រវាល ១២០ មេ
- ព្រៃហេមពាន្ត ១៥០ មេ
- មហាសមុទ្រ ១០០ មេ
- និង ជម្ពូទ្វីបមនុស្សលោកយើង មានចំនួន ៥០ មេ បណ្តាលឱ្យមានទឹកភ្លៀងនៅដើមឆ្នាំតិច កណ្តាលឆ្នាំភ្លៀងល្អ និង ចុងឆ្នាំភ្លៀងឧត្តមល្អប្រសើរណាស់។
២. កេណ្ឌធារានិគុណ ៖ ឆ្នាំនេះមានកេណ្ឌ (១) ត្រូវត្រង់តេជោធាតុចុះទំនាយថា ភ្លើងកាចសាហាវណាស់ធាតុអាកាសក្ដៅ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ច្រើន មានរន្ទះកាចណាស់។
៣. ទំនាយទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេ មានសំណល់ (៦) ទំនាយថា ទឹកទន្លេមធ្យម មិនតូចហើយក៏មិនធំណាស់ណាដែរ។
៤. កេណ្ឌធញ្ញាហារ ៖ ឆ្នាំនេះមានកេណ្ឌ (៤) ឈ្មោះថាមជ្ឈិមា ទំនាយថា ស្រូវក្នុងស្រែចម្ការ ផល្លានុផលផលដំណាំបានតែមួយភាគខូចខាតអស់មួយភាគ ប្រជានុរាស្ត្រមានសេចក្ដីសុខខ្លះ មានសេចក្ដីទុក្ខខ្លះស្មើគ្នា ធុញ្ញាហារ មង្សាហារ ផល្លាហារ នឹងសម្បូរជាមធ្យម។
៥. ទំនាយការធ្វើស្រែ ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៨) ទំនាយថា ស្រែដីទំនាប និង ស្រែដីទួល គ្រប់ទីកន្លែង បានផលល្អដូចគ្នាទាំងអស់។
៦. កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវចំសេស ៣ ត្រូវត្រង់ ដើមល្វាជាស្ដេច មានទំនាយថា មនុស្សផងទាំងឡាយនៅមានកល្លិយុគ តែសម្បូរមនុស្សនិយាយមិនសូវពិតត្រង់ ល្អតែខាងក្រៅ ក្នុងចិត្តមិនសូវស្មោះត្រង់ មានការភូតកុហកបោកប្រាស់គ្នាច្រើន។
៧. កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យគឺ មេឃ ជាដើមទៅ ទំនាយថា នៅមានសឹកសង្គ្រាមប្រហារជីវិតគ្នា ជាច្រើនអន្លើនៅលើជម្ពូទ្វីបលោកនេះ។ ស្ត្រីទាំងឡាយនឹងប្រសូត្រកូនបានល្អ (អតិជាតិបុត្រ) នឹងមានភ្លៀងច្រើន។
សូមបញ្ជាក់ផងដែរថា ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី (បុត្រទី ៦) គង់នៅចាតុម្មហារាជិកា ភក្សាហារ ចេកណាំវ៉ា ឬ ចេកទឹក ទ្រង់អម្ពរពណ៌ សេត (ពណ៌ស) សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ (ចាប៉ី) គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ៕
ដកស្រង់ពី ៖ មហាសង្ក្រាន្ត ឆ្នាំថោះ រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ
រូបភាព ៖ ទទក , ថៃ សាន្ត & ទេពធីតាសង្រ្កាន្ត