បុរសវៀតណាមម្នាក់ ត្រូវពិន័យអស់ជាង ៤០០ ដុល្លារ ក្រោយធ្វើស៊ី IshowSpeed ជួលក្ដារស្គីអគ្គិសនីឱ្យជិះ ៥ នាទីទារលុយ ៤០ ដុល្លារ
បុរសជនជាតិវៀតណាមម្នាក់ត្រូវពិន័យប្រាក់ចំនួន ១០ លានដុង (ប្រមាណ ៤០៧ ដុល្លារ) ក្រោយលោភលន់កោរ Youtuber ដ៏ល្បី IshowSpeed ជួលក្ដារស្គីអគ្គិសនីជិះត្រឹម ៥ នាទីយកថ្លៃដល់ទៅ ១ លានដុង (ប្រមាណ ៤០ ដុល្លារ)។
កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ប៉ូលិសសង្កាត់ ១ នៅប្រទេសវៀតណាម បានធ្វើការដាក់ពិន័យលើបុរសវ័យ ២៣ ឆ្នាំម្នាក់ ដែលបានប្រើប្រាស់ផ្លូវដើរខុសច្បាប់ដើម្បីជួលក្ដារស្គីអគ្គិសនី និង ជួញដូរទំនិញដែលគ្មានប្រភពច្បាស់លាស់។ ជាក់ស្ដែង កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ IshowSpeed ដែលជា Youtuber ដ៏ល្បីមានអ្នកតាមដានជិត ៣០ លាននាក់ បានទៅផ្លូវ Nguyen Hue ដើម្បីដើរលេង និង ថតវីដេអូ។
ទៅដល់ទីនោះ IshowSpeed បានជួបអ្នកជួលក្ដារស្គីអគ្គិសនីម្នាក់ ហើយក៏ប្រាប់អ្នកបកប្រែថាលោកចង់សាកជិះស្គីនោះនៅតាមផ្លូវ។ ដំបូងឡើយបុរសនោះទារថ្លៃចំនួន ១០០ ដុល្លារក្នុងមួយម៉ោង ដែលធ្វើឱ្យ IshowSpeed ហាក់ស្ទាក់ស្ទើរប៉ុន្តែក្រោយមកក៏ដកលុយ ១ លានដុងទៅឱ្យដើម្បីយកស្គីនោះជិះលេងរយៈពេល ៥ នាទី។
ហេតុការណ៍ទាំងមូលត្រូវបានបង្ហាញផ្សាយលើ channel Youtube របស់ IshowSpeed ហើយក៏មានមហាជនជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិថាថ្លៃជួលនោះថ្លៃពេកហើយ ដោយតម្លៃជាធម្មតាជិះ ១៥ នាទីគឺត្រឹម ៥ ម៉ឺនដុង ( ២ ដុល្លារ) ប៉ុណ្ណោះ។ ក្រោយមានការផ្ទុះផ្អើលរឿងកាប់ស៊ីភ្ញៀវបរទេសបែបនេះ ខាងអាជ្ញាធរក៏បានចុះទៅសួរនាំបុរសជាអ្នកជួលកង់អគ្គិសនីរូបនោះ ដោយរូបគេបានសារភាពប្រាប់អាជ្ញាធរថា គេតែងតែយកក្ដារស្គីអគ្គិសនីចំនួន ៣ គ្រឿងទៅកាន់ផ្លូវ Nguyen Hue ដើម្បីជួល ហើយពេលឃើញជនបរទេសចង់ជួលបែបនេះ គេក៏ដាក់តម្លៃខ្ពស់ជាងធម្មតាក្នុងតម្លៃ ១០០ ដុល្លារក្នុងមួយម៉ោង។
ដោយឃើញទង្វើមិនល្អអាចធ្វើឱ្យអាប់ឱនមុខមាត់ប្រទេសបែបនេះ អាជ្ញាធរក្នុងតំបន់ក៏បាននាំបុរសជាអ្នកជួលកង់ទៅកាន់សណ្ឋាគារដែល IshowSpeed ស្នាក់នៅដើម្បីធ្វើការសុំទោស និង សងប្រាក់វិញ។ IshowSpeed ព្រមទទួលការសុំទោស និង និយាយថាហេតុការណ៍នេះមិនធ្វើអ្វីឱ្យប៉ះពាល់ដល់លោកនោះទេ៕
ប្រភព៖ VN Express