(វីដេអូ) ម្ចាស់ផលិតកម្ម LD ហ៊ានបោះទុន ៨ ម៉ឺនដុល្លារឱ្យ Allan ផលិតកុន បើការណាត់ជួបស្អែកមិនជោគជ័យ ត្រូវការតែលក្ខខណ្ឌមួយគត់
ការវែកញែកលើវិស័យកុនខ្មែរ កំពុងតែក្ដៅគគុកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីអ្នកផលិតមាតិកាល្បីឈ្មោះមួយរូប គឺលោក Allan បានឆ្លើយតបសំណើពីអ្នកជំនួញឈ្មោះ Sokhorn Oeun ដែលលោកហ៊ានបោះទុនចំនួន ៨ ម៉ឺនដុល្លារ ដើម្បីឱ្យ Allan ផលិតភាពយន្តប្រទេស Sci-fi ប្រកបដោយគុណភាព ហើយបើតាមការឱ្យដឹង អ្នកទាំងពីរនឹងណាត់ជួបដើម្បីពិភាក្សាគ្នាលម្អិតនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។
ទន្ទឹមនឹងរឿងរ៉ាវមួយនេះ កំពុងតែក្ដៅដូចបាយពុះ ស្រាប់តែនៅថ្ងៃទី ២៥ កញ្ញា នេះ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD ដែលជាផលិតករផលិតរឿង «ប្រវត្តិស្នេហ៍នាងនាថ» បានចេញវីដេអូមួយនៅលើហ្វេសប៊ុកប្រមាណជា ៣០ នាទី ដើម្បីឆ្លើយតបយ៉ាងលម្អិតទៅលោក Allan ដែលក្នុងវីដេអូនោះ លោក លៀក លីដា បានអះអាងបញ្ជាក់ម្ដងហើយម្ដងទៀតថា លោកមិនខឹងនឹងមតិរិះគន់របស់ Allan ចំពោះរឿងកុនរបស់លោកឡើយ តែលោកយល់ថា Allan រិះគន់រឿងរបស់លោក គឺមានចេតនាអ្វីម្យ៉ាង។
បកមកការណាត់ជួបរវាង Allan និង អ្នកវិនិយោគ Sokhorn Oeun នៅថ្ងៃ ២៦ កញ្ញា ស្អែកនេះវិញ លោក លៀក លីដា ក៏បានបញ្ជាក់ច្បាស់ៗថា បើសិនក្នុងករណីលោក Sokhorn Oeun បដិសេធមិនបោះទុនវិនិយោគទេ លោកហ៊ានបោះទុនចំនួន ៨ ម៉ឺនដុល្លារនោះឱ្យ Allan ផលិតកុននេះ ដោយមិនជ្រៀតជ្រែកលើការងារ ឬគម្រោងអ្វីទាំងអស់ តែត្រូវការលក្ខខណ្ឌតែមួយគត់ គឺលោកសូមឱ្យ Allan ធានាលើកុននោះ ដូចអ្វីដែលម្ចាស់ផលិតកម្ម LD រូបនេះ ធ្លាប់ធានាដល់អ្នកវិនិយោគកន្លងមក។
សូមទស្សនាវីដេអូរបស់លោក លៀក លីដា លម្អិតខាងក្រោម ៖