(វីដេអូ) ស្អាតឥតទាស់! ប៊ី សុធារី ត្រូវបានអញ្ជើញជាកិត្តិយសក្នុងកម្មវិធីប្រកួតបវរកញ្ញានៅថៃ
គិតមកដល់ពេលនេះ ជាង ១ ខែមកហើយ ដែលកញ្ញា ប៊ី សុធារី បានគ្រងតំណែងជាម្ចាស់ជ័យលាភី Miss Grand Cambodia 2024 និង កំពុងក្លាយជាបវរកញ្ញាដ៏លេចធ្លោ មានគុណភាពក្នុងចិត្តមហាជនចូលចិត្តតាមដានគាំទ្រ។
ក្រោយពីគ្រងតំណែងជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2024 នេះ ប៊ី សុធារី បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំងកំពុងធ្វើការហ្វឹកហាត់ត្រៀមខ្លួន ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិ ដោយពង្រឹងទាំងការដើរ ចំណេះដឹង ភាសា និង សមត្ថភាពផ្សេងៗ ជាពិសេសថែរូបសម្រស់ឱ្យកាន់តែស្រស់ស្អាត។
ស្របពេលនេះដែរ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ យប់មិញនេះ ប៊ី សុធារី បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញវត្តមានរបស់នាងនៅលើឆាកបវរកញ្ញានៅឯប្រទេសថៃ ដែលនាងត្រូវបានអញ្ជើញចូលរួមជាបវរកញ្ញាកិត្តិយសក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Grand Saraburi ជាមួយនឹង Miss Grand មកពីប្រទេសផ្សេងៗទៀត។
ចំពោះវត្តមានរបស់ ប៊ី សុធារី ក្នុងកម្មវិធីនៅក្រៅប្រទេសលើកដំបូងនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ចំពោះការដើរបង្ហាញខ្លួនរបស់នាងលើឆាក Miss Grand Saraburi ដែលស្រស់ស្អាតលេចធ្លោខ្លាំង ទាំងរូបសម្រស់ និង ភាពជឿជាក់មិនចាញ់ Miss Grand ប្រទេសដទៃទៀតឡើយ៕