ឡូយណាស់! ក្រុមហ៊ុនមួយនៅចិន ទិញ iPhone 16 Pro ចែកបុគ្គលិកម្នាក់មួយៗ សូម្បីអ្នកមក Interns ក៏បានដែរ
ក្រុមហ៊ុនមួយក្នុងប្រទេសចិនឈ្មោះ Mediastorm កំពុងធ្វើឱ្យមនុស្សជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈក្រុមហ៊ុនមួយនេះបានធ្វើការផ្ដល់កាដូដ៏វិសេសមួយសម្រាប់រាល់បុគ្គលិករបស់ខ្លួន នោះគឺជាទូរស័ព្ទទំនើបសេរីថ្មី iPhone 16 Pro។
screenshot សាររបស់ CEO ក្រុមហ៊ុន Mediastorm ដែលត្រូវបានបុគ្គលិករបស់លោកម្នាក់ទម្លាយបានធ្វើឱ្យមានការផ្ទុះផ្អើលខ្លាំងលើបណ្ដាញសង្គមនានាក្នុងប្រទេសចិនដោយមានអ្នកចុចចូលមើលរាប់លានដងឯណោះ។ សារនោះដែរបានរៀបរាប់ថា៖ «ដូចកន្លងមក គ្រប់គ្នានឹងទទួលបាន iPhone 16 Pro ម្នាក់មួយគ្រឿង។ កាដូនេះបានគ្រប់គ្នាមិនថាជាបុគ្គលិក intern ឬ បុគ្គលិកទើបចូលថ្មីនោះឡើយ ឱ្យតែធ្វើការក្នុងក្រុមហ៊ុននេះ អ្នកទាំងអស់គ្នាដឹងតែបានគ្រប់ៗគ្នា។ ក្រុមហ៊ុនក៏នឹងរ៉ាប់រងលើពន្ធថែមទៀត ដូចនេះកុំព្រួយបារម្ភអី»។
គួរឱ្យដឹងថា ទូរស័ព្ទ iPhone សេរីថ្មីនេះដែរទើបតែប្រកាសចេញលក់លើទីផ្សារកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅទេ ហើយម៉ូដែល Pro នេះដែរអាចមានតម្លៃរហូតដល់ជាង ១២០០ ដុល្លារ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយនោះឡើយដែលក្រុមហ៊ុនមួយនេះផ្ដល់កាដូជាទូរស័ព្ទ iPhone ដល់បុគ្គលិករបស់ពួកគេនោះ។ ជាក់ស្ដែង ក្រុមហ៊ុននេះតែងតែធ្វើបែបនេះរយៈពេល ៣ ឆ្នាំជាប់គ្នាហើយ ដោយកាលពីឆ្នាំ ២០២២ បុគ្គលិកទទួលបាន iPhone 14 Pro និង ក្នុងឆ្នាំ ២០២៣ ពួកគេទទួលបាន iPhone 15 Pro៕
ប្រភព៖ 8days