ផ្ទុះការវែកញែកជាថ្មី! V និង Jennie ត្រូវគេចាប់បានភស្តុតាងថាណាត់ជួបគ្នាលួចលាក់
ដូចដែលបានចុះផ្សាយពីមុនមកហើយ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ នៅលើប្រព័ន្ធផ្សព្វផ្សាយបាននិយាយអំពីការណាត់ជួបរបស់ V សមាជិក BTS និង Jennie សមាជិក BLACKPINK បានកាន់ដៃគ្នាដើរលេងកម្សាន្តនៅតាមមាត់ទន្លេក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ទោះជាយ៉ាងណាមិញ បន្ទាប់ពីផ្ទុះរឿងចចាមអារ៉ាមស្នេហាផ្អើលអ្នកគាំទ្រ នាពេលកន្លងមកខាងផលិតកម្ម YG និង HYBE បានចេញសេចក្តីថ្លែងការណ៍ថានេះគឺជាព័ត៌មានមិនពិត ដោយនិយាយដូច្នេះថា ៖ «ពួកយើងមិនដឹងច្បាស់នោះទេ ព្រោះនេះជាជីវិតឯកជនរបស់តារាសិល្បៈ» ចាប់តាំងពីមានរឿងរ៉ាវស្នេហាមក តារាទាំងពីរក៏ត្រូវបានគេផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង។
រហូតមកដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ នេះ ស្រាប់តែ Naver បានចុះផ្សាយអំពី Jennie ដែលបានយករូបថតចាស់ៗមកបង្ហោះជាបន្តបន្ទាប់ បង្អួតជាមួយនឹងស្ទីលលេងខ្លួនក្នុងឈុតសម្លៀកពាក់ប្រេនទាន់សម័យ និង មានរូបថតអាហារដ៏ប្រណីតដទៃទៀត ក្នុងការបង្ហោះនៅលើ Instagram។ ភ្លាមៗនោះ ក៏បានឃើញរូបថត V បានអង្គុយជុំគ្នានៅតុអាហារតែមួយ ដែលរូបថតរបស់តារាទាំងពីរនេះបានក្លាយជាប្រធានបទដែលអ្នកគាំទ្រយកមកពិភាក្សាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។
ទោះជាមានរឿងចចាមអារ៉ាមស្នេហា និង លួចលាក់ណាត់ជួបគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែខាងផលិតកម្មរបស់អ្នកទាំងពីរ ហាក់ដូចជាមិនទាន់មានប្រតិកម្មណាមួយ បញ្ជាក់ថាអ្នកទាំងពីរកំពុងមានស្នេហានឹងគ្នានោះទេ៕