នៅមិននៅទៅសាក់មុខដូចយក្ស សាក់ហើយចូលសង្គមលែងចុះ ចុងក្រោយប្រកាសសុំជំនួយយកលុយលុបសាក់វិញ
ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ហួសចិត្តយ៉ាងខ្លាំងទៅលើរឿងរ៉ាវរបស់យុវជនជំទង់ម្នាក់ ដោយរូបគេបានសាក់មុខដូចយក្ស តែបែរជាចូលសង្គមលែងចុះ គេស្អប់ខ្ពើម ចុងក្រោយប្រកាសសុំជំនួយយកលុយទៅលុបសាក់វិញ។
យុវជនខាងលើមានវ័យ ១៦ ឆ្នាំ ជាអ្នកស្រុកបុរីរ៉ាំ រូបគេបានឱ្យដឹងថា គេបានទៅសាក់មុខបែបនេះតាំងពីអាយុ ១៤ ឆ្នាំមកម្ល៉េះ តម្លៃ ៥០០ បាត ដោយមានអ្នកស្គាល់គ្នាម្នាក់នាំទៅ។ ក្រោយពីសាក់ហើយ ជីវិតក៏ចេះតែពិបាកទៅ ព្រោះទៅណាមកណាក៏គេមើលមុខដោយមិនពេញចិត្ត ញ៉ែស្រីៗក៏គេមិនយក ព្រោះគេគិតជាមនុស្សមិនល្អ។ លើសពីនេះទៅទៀត នៅពេលសុំគេធ្វើការក៏គេមិនយកទៀត ពោលគឺតាំងពីសាក់មក ជីវិតក៏ចូលសង្គមលែងចុះ។
ដោយមិនដឹងធ្វើយ៉ាងណា ក្មេងប្រុសរូបនេះក៏បានព្យាយាមផុសវីដេអូស្វែងរកជំនួយនៅតាមបណ្តាញសង្គម ដែលចុងក្រោយក៏មានគ្លីនិកមួយនៅទីក្រុងបាងកកធានាថានឹងលុបឱ្យដោយមិនគិតថ្លៃ តែត្រូវចំណាយការធ្វើដំណើរឡើងមកដោយខ្លួនឯង៕