អបអរសាទរ! កីឡាករ គង់ សិលា ដណ្ដើមបានមេដាយមាស ២ គ្រឿងជូនជាតិ លើប្រភេទវិញ្ញាសាលើកទម្ងន់
នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ អត្តពលិក គង់ សិលា បានបន្តឈ្នះមេដាយមាស ១ គ្រឿងបន្ថែមទៀត ក្នុងការប្រកួតវិញ្ញាសាលើកទម្ងន់ជនពិការ ប្រភេទទម្ងន់ ១០៧ គីឡូក្រាម នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នៅកម្ពុជា។ អត្តពលិក គង់ សិលា គឺជាអត្តពលិកបុរសដំបូងគេបង្អស់ ដែលបានឈ្នះមេដាយមាស នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣។
នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ កីឡាករកម្ពុជា លោក គង់ សិលា បានឈ្នះមេដាយមាសចំនួន ២ គ្រឿង ពីប្រភេទកីឡាប៉ារ៉ាលើកទម្ងន់ វិញ្ញាសាទម្ងន់ក្រោម ១០៧ គីឡូក្រាម (លើកសរុប ៣ ជុំ សរុបបាន ១៥៨ គីឡូក្រាម) ដែលការប្រកួតនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។
ជាក់ស្ដែង ការប្រកួតកីឡាលើកទម្ងន់នេះកីឡាករ គង់ សិលា ដែលពិការជើងទាំងពីរបានឈ្នះមេដាយមាស លើវិញ្ញាសាលើកទម្ងន់ធ្ងន់ ១០៧ គីឡូក្រាម ដោយលោកលើកបានទម្ងន់ធ្ងន់បំផុតចំនួន ៥៥ គីឡូក្រាម។ ការប្រកួតទម្ងន់ ១០៧ គីឡូក្រាមនេះដែរ ត្រូវបានគណៈកម្មការបែងចែកជាវិញ្ញាសាបូកសរុបលទ្ធផល ១ ទៀត ប៉ុន្តែដោយសារគ្មានដៃគូប្រជែងទើបកីឡាករ គង់ សិលា បានឈ្នះមេដាយមាសបន្ថែមមួយទៀតតាមរយៈការបូកសរុបលទ្ធផលនៃការ ៣ ជុំ ដែលជុំដំបូងលើកបាន ៥០ គីឡូក្រាម ហើយជុំទី ២ លើកបាន ៥៣ គីឡូក្រាម និង លើកទី ៣ លើកបាន ៥៥ គីឡូក្រាម សរុបរួមបាន ១៥៨ គីឡូក្រាម។
គួរដឹងដែរថា សរុបមេដាយទាំងអស់ដោយបូកបញ្ចូលទាំង ២ គ្រឿងរបស់កីឡាករ គង់ សិលា ត្រឹមម៉ោង ១២ នេះ កម្ពុជាទទួលបានមេដាយមាសចំនួន ៨ គ្រឿងហើយ ដែលនេះគឺគ្រប់បានតាមគោលដៅឈ្នះមេដាយមាស ៨ គ្រឿងនៅអាស៊ានប៉ារ៉ាហ្គេម កំពុងដំណើរការនៅរាជធានីភ្នំពេញ៕