ឃើញមិត្តរួមសិល្បៈទាស់ទែងគ្នាមិនឈប់ ចេន មិនឈរមើលនឹងភ្នែកបង្ហោះសារមួយផាំង មហាជនពេញចិត្តស្ដូក
កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងសំឡេងផ្អែម ចេន បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ព្រាត ក្រោយឃើញលោកបង្ហោះសារមួយ ចូលទៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន ក្រោយលោកមិនអាចទ្រាំឱបដៃឈរមើលមិត្តៗ រៀមច្បង ឬ សិស្សប្អូនក្នុងវិស័យសិល្បៈទាស់ទែងគ្នា មើលមុខគ្នាលែងចំដោយប្រការណាមួយ។
ជាក់ស្ដែង នៅក្នុងសារដែលលោកបានបង្ហោះនោះ លោកបានរៀបរាប់យ៉ាងវែងអន្លាយថា ៖ «តើពេលណាទៅដែលយើងឃើញនរណាម្នាក់មានកំហុស យើងគប្បីគួរលើកទឹកចិត្តគ្នាទៅវិញទៅមក ជំរុញគ្នាឱ្យទៅមុខតទៀតទើបយើងរីកចម្រើនទាំងអស់គ្នាត្រូវទេ? កុំឈ្លៀតឱកាសឃើញនរណាម្នាក់ជួបបញ្ហាបន្តិច ចាំជាន់បន្ថែមគឺមិនល្អឡើយ…»។
លើសពីនេះទៅទៀតនោះ លោកក៏បានចោតជាសំណួរថា ៖ «តើទង្វើចំអន់ ទង្វើសើចចំអកអ្នកដទៃ ទង្វើច្រណែន ផុសវាយប្រហារគេ អត់យកពេលពង្រឹងខ្លួនឯង គិតតែចំណុចអវិជ្ជមានរបស់គេ តើនោះជាសញ្ញាធ្វើឱ្យអ្នកខ្លួនឯងជោគជ័យ?»។
មិនតែប៉ុណ្ណោះ លោកបានពន្យល់បន្ថែមទៀតថា ៖ «អ្នកខិតខំតស៊ូឈោងចាប់ក្តីស្រមៃរបស់គេពិតប្រាកដ គេមិនប្រព្រឹត្តទង្វើទាំងអស់នោះទេ គេសំងំធ្វើ មិនថាដួល ឬ ជោគជ័យក៏ដោយ តែគេមិនប៉ះពាល់អ្នកដទៃឡើយ»។
គ្រាន់តែលោកបានផ្ញើរសារដ៏មានអត្ថន័យមួយនេះហើយ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅបញ្ចេញមតិគាំទ្រទៅនឹងសម្ដីរបស់លោកព្រាត ព្រមទាំងសង្ឃឹមថា សារមួយនេះអាចដាស់តឿន និង ជួយក្រើនរំឭកដល់ជនមួយចំនួន ដែលតែងតែរិះរកវិធីជាន់ពន្លិចអ្នកដែលកំពុងត្រូវការកំលាំងចិត្ត ជាហេតុធ្វើឱ្យវិស័យសិល្បៈក្នុងប្រទេសរបស់យើង មិនទាន់សូវមានភាពទូលំទូលាយប្រទេសជិតខាង៕