នាយឧត្តមសេនីយ៍ ស ថេត សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ហើយត្រូវបញ្ឈប់នូវការពួនស្ទាក់
នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយមើលឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះ ពិសេស ៦ ខែ ឆ្នាំ ២០២៤ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ និង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋជាច្រើននាក់ បើធៀបឆ្នាំកន្លងទៅ។
ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកចំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និង ការត្រួតពិនិត្យជាតិស្រវឹង ជាដើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គូសបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើផែនការអនុវត្តឱ្យបានច្បាស់លាស់ តាមអ្វីដែលជាការណែនាំ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេនាធិការនឹងធ្វើការតាមដានជាប់ជាប្រចាំ។ ប៉ុន្ដែមុននឹងអនុវត្តការរឹងបន្ដឹងច្បាប់ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន តាមមធ្យោបាយនានា ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គម៕
ប្រភព ៖ អគ្គស្នងការនគរបាលជាតិ