ផ្អើលនៅថៃ! រកឃើញសាកសពមនុស្សជាង ៤០ នាក់ក្នុងវត្តមួយកន្លែង ដែលព្រះសង្ឃប្រើប្រាស់សម្រាប់ធ្វើសមាធិ
វត្តអារាមមួយកន្លែនៅក្នុងប្រទេសថៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីអាជ្ញាធររកឃើញសាកសពមនុស្សជាង ៤០ នាក់នៅទីនោះដែលឮថាទុកប្រើប្រាស់សម្រាប់ការធ្វើសមាធិ នេះបើតាមការបញ្ជាក់ពីប៉ូលិសកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។
បើតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ថ្លែងប្រាប់សារព័ត៌មាន AFP បានឱ្យដឹងថា សាកសពមនុស្សចំនួន ៤១ នាក់ត្រូវបានរកឃើញក្នុងវត្ត Pa Nakhon Chaibovorn នាខេត្ត Phichit ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។ លោកបានឱ្យដឹងថា សាកសពទាំងនោះមានមកជាមួយនឹងលិខិតបញ្ជាក់មរណភាព និង លិខិតប្រគល់សព ហើយមកទល់ពេលនេះមិនទាន់មានការចោទប្រកាន់ណាមួយបានធ្វើឡើងនោះឡើយ។
មន្ត្រីប៉ូលិសដដែលបានឱ្យដឹងទៀតថា ខាងប៉ូលិសបានទាក់ទងទៅខាងសាច់ញាតិនៃសពដើម្បីបញ្ជាក់ថាសាកសពទាំងនោះពិតជាបានប្រគល់ដោយព្រមព្រៀងគ្នាពិតប្រាកដមែនឬក៏យ៉ាងណា។ គួរឱ្យដឹងថា ការរកឃើញសាកសពយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើលនេះគឺកើតមានឡើងត្រឹមប៉ុន្មានថ្ងៃក្រោយប៉ូលិសរកឃើញសពមនុស្ស ១២ នាក់នៅវត្តអារាមមួយកន្លែងផ្សេងទៀតក្នុងខេត្ត Kamphaeng Phet កាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ នេះបើតាមការចេញផ្សាយពីសារព័ត៌មានក្នុងតំបន់។
បើតាមចៅអធិការវត្តប្រចាំខេត្ត Phichit ព្រះនាម Saifon Phandito បានថ្លែងប្រាប់ទូរទស្សន៍ថៃ PBS ថា ការប្រើប្រាស់សាកសពនេះគឺជាផ្នែកមួយនៃវិធីសាស្ត្រសមាធិដែលព្រះអង្គបង្កើតឡើង។ ព្រះអង្គមានសង្ឃដីកាថា៖ «ភាគច្រើននៃអ្នកដែលមករៀនសមាធិនេះគឺជាចៅអធិការ ហើយព្រះសង្ឃទាំងនេះតែងតែទទួលជោគជ័យលើចំណេះដឹងនេះ។ អាត្មាមិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេដែលបន្តវិធីសាស្ត្រសមាធិរបស់អាត្មានេះ»។ ព្រះចៅអធិការដដែលក៏បានមានសង្ឃដីកាប្រាប់ទូរទស្សន៍មួយផ្សេងទៀតដែរថា៖ «អ្នកធ្វើសមាធិក្នុងមហាកុដិ ( ព្រះពន្លា) គឺធ្វើឡើងជាមួយមឈូសដែលមានសាកសពក្នុងនោះ»។
គួរបញ្ជាក់ដែរ ប៉ូលិសខេត្ត Phichit កំពុងសហការជាមួយខាងអាជ្ញាធរតាមបណ្ដាខេត្តផ្សេងៗទៀតដើម្បីស៊ើបអង្កេតលើករណីអនុវត្តការធ្វើសមាធិមួយនេះថារីករាលដាលខ្លាំងប៉ុនណា៕
ប្រភព៖ CNA