ប៉ែន ភ័ក្រ្តសុធារិទ្ធ ថារាល់ការសម្ដែងសុទ្ធតែប្រើបេះដូងទម្រាំចេញមួយរឿងៗ សូមអ្នកគាំទ្រកែលម្អដោយប្រើពាក្យសមរម្យផង
មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគំាំទ្រតាមដានជីវិតសិល្បៈរបស់តារាសម្ដែង ហ្វាហ្វា បានជ្រាបហើយថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងផ្ទុះការបញ្ចេញមតិវែកញែកយ៉ាងខ្លាំងពីសំណាក់មហាជនជុំវិញឈុតខ្លីៗនៃខ្សែភាពយន្ត «ស្នេហាល្ងង់ + ល្ងង់» ដែលមានទាំងមតិសរសើរ និង រិះគន់ស្ថាបនាលាយឡំបញ្ចូលគ្នា។
ដោយឡែក ស្របពេលកំពុងផ្ទុះការបញ្ចេញមតិវែកញែកពីមហាជនកាន់តែខ្លាំងលើបណ្ដាញសង្គមចំពោះរឿងរ៉ាវនេះ គេក៏បានឃើញតារាសម្ដែងប្រុស ប៉ែន ភ័ក្រសុធារិទ្ធ ដែលជាដៃគូសម្ដែងម្នាក់របស់កញ្ញា ហ្វាហ្វា បានបង្ហោះរូបភាពជាមួយនាងភ្ជាប់ជាមួយនឹងសារបង្ហាញពីជីវិតក្នុងវិស័យសម្ដែងភាពយន្តរបស់ពួកគេ និង បានធ្វើការស្នើសុំដល់អ្នកគាំទ្រប្រសិនបើរាល់សាច់រឿងសម្ដែងរបស់ពួកគេមានកំហុស ឬយ៉ាងណាសុំឱ្យបញ្ចេញមតិដោយការកែលម្អ និង ពាក្យសម្ដីសមរម្យចំពោះពួកគេផង។
ក្នុងនោះ តារាសម្ដែង ប៉ែន ភ័ក្រ្តសុធារិទ្ធ បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពថា ៖ «សម្រាប់ពួកយើងជាតារាសម្តែងក៏ដូចជាក្រុមការងារបានខិតខំគ្រប់បែបយ៉ាងមិនថាពិបាក ឬហត់យ៉ាងណាក៏ពួកយើងប្រឹងប្រែងអស់ពីបេះដូងទម្រាំបានមួយរឿងៗ ព្រោះតែការស្រឡាញ់ និង ដើម្បីបម្រើអារម្មណ៍បងប្អូន ចឹងពួកយើងមិនចង់បានអីក្រៅពីពាក្យលើកទឹកចិត្តនោះទេ តែបើមានកន្លែងណាខុសឆ្គងសុំបងប្អូនអភ័យទោស និង ខមមិនដោយប្រើការកែលម្អ និង ពាក្យសមរម្យដល់ពួកយើងផង ជួបពួកយើងទាំងពីរឆាប់ៗ “ព្រះនាងម្ចាស់ក្នុងទ្រុងមាស” Fa Fa»៕