គួរសរសើរ! គីមហុង អាយុទើប ១៣ ឆ្នាំ មានសមត្ថភាពពូកែ ទើបប្រឡងបាក់ឌុបចប់ម្សិលមិញ
កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវសមត្ថភាពរបស់ក្មេងប្រុសមួយរូបឈ្មោះ គីមហុង ដែលមានវ័យទើប ១៣ ឆ្នាំ តែមានសមត្ថភាពអាចប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បញ្ចប់ទៅកាលពីថ្ងៃម្សិលមិញនេះ។
ចំពោះរឿងរ៉ាវក្មេងប្រុសខាងលើ តាមរយៈគណនីលោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថាក្មេងប្រុស ហ៊ឺ ទៀងគីមហុង មានអាយុ ១៣ ឆ្នាំ បានខិតខំរៀនសូត្ររហូតឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៥ ធ្នូ ២០២២ ដែលទើបបានបញ្ចប់នៅថ្ងៃទី ០៦ ធ្នូ ម្សិលមិញនេះ។
ទន្ទឹមនោះ លោក ដួង តារា បានថ្លែងអំណរគុណទៅដល់ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប (Beltei) និង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដែលបានផ្តល់អាហារូបករណ៍ដល់ក្មេងប្រុសខាងលើ ឱ្យទទួលបានការសិក្សានៅសាលាប៊ែលធីអន្តរជាតិរហូតមកទល់ពេលនេះ ព្រមទាំងគោរពអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានទំនុកបម្រុងឧបត្ថម្ភជម្រកស្នាក់នៅ ព្រមទាំងថវិកាឧបត្ថម្ភដល់ការសិក្សារបស់ គីមហុង និង ក្រុមគ្រួសារនៅក្នុងរាជធានីភ្នំពេញ៕
សូមរំឭកផងដែរថា កាលពីឆ្នាំ ២០១៧ កន្លងទៅ ក្មេងប្រុស ហ៊ឺ ទៀងគីមហុង បានធ្វើឱ្យមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយរូបគេអាយុទើបតែ ៧ ឆ្នាំ តែមានសមត្ថភាពយ៉ាងពូកែ អាចធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី ១២ បានគួរឱ្យស្ញើចសរសើរ៕