គួរឱ្យសរសើរ ! ពីក្មេងរស់លើគំនរសំរាម ពេលនេះ សុភី តស៊ូរហូតបញ្ចប់ការសិក្សាបានសម្រេច ពីប្រទេសអូស្ត្រាលី !
ចេញពីក្មេងប្រើជីវិតរស់នៅលើគំនរសំរាមនៅតំបន់ស្ទឹងមានជ័យ ដែលពុំមានសម្លៀកបំពាក់ និង ការហូបចុកគ្រប់គ្រាន់ ហើយមិនដែលមានក្តីរំពឹងថាជីវិតរបស់ខ្លួនមានភាពត្រចះត្រចង់នោះ ប៉ុន្តែនៅពេលនេះ យុវតី សុភី បានសម្លឹងឃើញពន្លឺនៃជីវិតជាបណ្តើរៗហើយ ដោយនាងទើបតែបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយប្រទេសអូស្ត្រាលី ។
យុវតី សុភី ជាក្មេងដើររើសសំរាម និង រស់នៅលើគំនរសំរាមនៅតំបន់ស្ទឹងមានជ័យ បើទោះបីជានាងកើតមក និង រស់នៅក្នុងគ្រួសារក្រីក្រយ៉ាងណាក្តី ប៉ុន្តែក្នុងចិត្តរបស់នាងចង់សិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីប្រែក្លាយជីវិតងើបឱ្យផុតពីជីវភាពក្រលំបាកដែលនាងបានជួបប្រទះ ។ នាងមិនបានទៅសាលារៀនរហូតដល់នាងមានអាយុ ១១ ឆ្នាំ ។
នាងក៏បានចូលទៅរស់នៅ និង សិក្សារៀនសូត្រ នៅអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) រហូតដល់ទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សាថ្នាក់មូលដ្ឋាន Trinity College Foundation Studies នៅសាកលវិទ្យាល័យ មែលប៊ន នៃប្រទេសអូស្ត្រាលី ។ ហើយការសិក្សារបស់នាងបានទទួលជោគជ័យ និង ទើបតែបញ្ចប់សិក្សាកាលពីពេលថ្មីៗនេះ ។ ហើយនៅពេលឆាប់ៗខាងមុខនេះ សុភី នឹងមកចែករំលែកបទពិសោធដែលនាងបានឆ្លងកាត់ ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ។
អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៤ ដោយលោក Scott Neeson ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសំរាមស្ទឹងមានជ័យ ឱ្យមានឱកាសបានទទួលការអប់រំដូចក្មេងដទៃទៀត ។ កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន អង្គការនេះបានជួយសង្គ្រោះជីវិតកុមារដែលរស់នៅលើគំនរសំរាមបានជាច្រើនមកហើយ ៕
ដោយ ៖ឧត្តម