មកស្ដាប់គន្លឹះសំខាន់ៗ សិស្សនិទ្ទេស A លំដាប់ពិន្ទុខ្ពស់បំផុតទូទាំងប្រទេស តែងធ្វើពេលបាក់ឌុបជិតដល់
ប៉េង គីមហេង គឺជាសិស្សឆ្នើមនិទ្ទេស A ប្រចាំឆ្នាំ ២០១៨ ក្នុងលំដាប់ពិន្ទុ 99.999 ពោលគឺជាពិន្ទុខ្ពស់លំដាប់ទី ២ នៅទូទាំងប្រទេស ។ តើ គីមហេង មានការត្រៀមទុកបែបណាខ្លះទើបរូបគេទទួលបានលទ្ធផលយ៉ាងល្អប្រសើរបែបនេះ ? ដូច្នេះសូមសិស្សថ្នាក់ទី ១២ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិថ្ងៃទី ១៩ សីហា ២០១៩ ទៅដឹងទាំងអស់គ្នា ៖
គីមហេង ប្រាប់ «ប្រជាប្រិយ» ថា តាមបទពិសោធន៍របស់គេ ក្នុងអំឡុងពេលនេះ គឺគេផ្ដោតលើការទន្ទេញមេរៀនវិញ ពីព្រោះកន្លងទៅតាំងពីដើមឆ្នាំមក គេតែងអនុវត្តលំហាត់ជារៀងរាល់ថ្ងៃ ។ មូលហេតុដែល គីមហេង ប្រឹងប្រែងទៅលើការអនុវត្តលំហាត់ដូចជា គណិត រូប គីមី ជីវៈ ព្រោះមុខវិជ្ជាទាំងនេះអាចថា ពិបាកជាងមេរៀនផ្នែកអក្សរ ។ ដូច្នេះនៅពេលចេះចាំស្ទាត់ហើយ ដល់ពេលជិតប្រឡង គីមហេង ដកឃ្លាពីការអនុវត្តលំហាត់ខ្លះ ហើយងាកមកផ្ដោតលើមេរៀនវិញ ។
សិស្សឆ្នើមនិទ្ទេស A ដែលកំពុងបន្តការសិក្សា Computer Science នៅសហរដ្ឋអាមេរិកបន្តថា ប្រសិនបើមិនខំមើលមេរៀនផ្នែកអក្សរខ្លះទេ ក៏មិនអាចបានពិន្ទុពេញ និង និទ្ទេសល្អដែរ ពោលគឺត្រូវ ចេះដូចគ្នា ។
ក្រៅពីចំណុចខាងលើនេះ អ្វីដែលមិនគួរប្រហែសគឺ ការរក្សាសុខភាពឱ្យល្អ និង គេងឱ្យបានគ្រប់គ្រាន់ ។ ជាចុងក្រោយ គីមហេង លើកឡើងថា គ្រប់សិស្សទាំងអស់ មានវិធីសាស្ត្រ ក្នុងការសិក្សា មិនខុសគ្នាប៉ុន្មានទេ តែអ្វីដែលសំខាន់គឺត្រូវចេះលើកទឹកចិត្តខ្លួនឯងថា ហេតុអ្វីយើងចង់បាននិទ្ទេស A ? ហើយប្រសិនបើចង់បានគួរធ្វើបែបណាខ្លះ? ហើយហេតុអ្វីបានជាយើងត្រូវខិតខំប្រឹងប្រែង ? ការចេះលើកទឹកចិត្ត ជំរុញខ្លួនឯងបែបនេះហើយ ទើប គីមហេង អាចទទួលបានលទ្ធផលយ៉ាងប្រសើរ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ