ជាប់លេខ ១ តាំងពីថ្នាក់ទី ១ ដល់ទី ១២ ព្រោះសិស្សដ៏ឆ្នើមរូបនេះ មានគន្លឹះងាយៗ ៧ យ៉ាង
យុវតីរស់ ចាន់ត្រា គឺជាសិស្សឆ្នើមមួយរូបប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងឆ្នាំ ២០១៦ បច្ចុប្បន្នកំពុងសិក្សាបន្តនៅប្រទេសជប៉ុន ធ្លាប់រៀនជាប់លេខ១ តាំងពីថ្នាក់ទី ១ ដល់ទី ១២ តែម្ដង ។ ចំណែកឯគន្លឹះសំខាន់ៗ ដែលចាន់ត្រា តែងអនុវត្ត ជាប្រចាំរហូតមកនោះ ជាមូលហេតុនាំឱ្យយុវតីវ័យក្មេងរូបនេះ ទទួលបានជោគជ័យដូចសព្វថ្ងៃ ។ ឆ្លើយឆ្លងតាមសារអេឡេចត្រូនិចជាមួយ «ប្រជាប្រិយ» ចាន់ត្រា បានចែករំលែកបទពិសោធដូចតទៅ ៖
១. ចំណាយពេលរំលឹកក្រោយរៀនចប់ភ្លាមៗ
អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៦ ប្រាប់ថា ពេលរៀន ដើម្បីឱ្យឆាប់ចាំ ក្នុងអំឡុងពេលម៉ោងចេញលេង ១៥ នាទីគួរតែមើលឱ្យហើយ ជៀងវាងទុកចោលយូរ ដូចជា ចាំអាទិត្យក្រោយ ចាំមើល គឺការចងចាំមិនសូវបានល្អឡើយ ។
២. មុនទៅរៀនអានឡើងវិញ
មុនទៅរៀនអានមួយចប់ ពិសេសដូចជា មេរៀនជីវ ដែល ចាន់ត្រា គិតថា ពិបាកចាំ គឺនាងតែងមើលមួយចប់សិន រកកន្លែងឆ្ងល់ហើយ Note ទុកទៅសួរគ្រូ ។ ម្យ៉ាងវិញទៀតពេលគ្រូពន្យល់ប៉ះអ្វីដែល ចាន់ត្រា ឆ្ងល់គឺរំញោចទៅខួរក្បាលកតែម្ដង ឱ្យចំណាំទុក ហើយប្រសិនបើពេលគ្រូពន្យល់នោះពុំមានចំណុចណាមួយគួរឱ្យឆ្ងល់ ទើប ចាន់ត្រា យកអ្វីដែលខ្លួនបាន Note ទុកទៅសួរគ្រូតាមក្រោយ ។
៣. យកពាក្យបច្ចេកទេសដែលពិបាកយល់យកទៅស្រមើស្រមៃនឹងរូបភាពអ្វីមួយ
សិស្សឆ្នើមរូបនេះប្រាប់ថា ពាក្យខ្លះនៅក្នុងមេរៀន ជីវ គីមី រូបវិទ្យា ដែលជាពាក្យបច្ចេកទេសពិបាកចាំ គឺចាន់ត្រា តែងស្រមើស្រមៃយកពាក្យទាំងនោះ ទៅប្រៀបប្រដូចនឹងអ្វីមួយដូចជា ប្រៀបទៅជាដើមផ្កា ដើមឈើ ឬរបស់ផ្សេងទៀត ។
៤. មើលមេរៀនប្រចាំថ្ងៃ ប្រចាំសប្ដាហ៍
ចំពោះ ចាន់ត្រា តែងមើលមេរៀនទាំងផ្នែកអក្សរ ទាំងផ្នែកគណនា ប្រចាំថ្ងៃ ប្រចាំអាទិត្យ មិនដែលខាន ហើយនៅពេលប្រឡងប្រចាំខែ វាប្រៀបដូចជាការរំលឹកឡើងវិញដូច្នោះដែរ ។ ចាន់ត្រា នៅតែមានទម្លាប់បែបនេះរហូតដល់ប្រឡងឆមាស និង បាក់ឌុបទៀត ក៏មិនចេញអ្វីក្រៅពីមេរៀនទាំងនោះដែរ ។
៥. រៀនធ្វើលំហាត់តូចៗឱ្យស្ទាត់
ចំពោះមុខវិជ្ជាលំហាត់ដូចជា គណិត រូប គីមី ជីវ ចាន់ត្រា ចូលចិត្តបំផុត គឺការសាកល្បងធ្វើលំហាត់ ហើយចូលចិត្តធ្វើលំហាត់ពីតូចៗទៅ ទើបទៅរៀនធ្វើលំហាត់ធំៗដែលពិបាក ពីព្រោះពេលធ្វើលំហាត់ធំៗតាមក្រោយ ធ្វើឱ្យចាន់ត្រា នឹកឃើញពីក្បួនដែលធ្លាប់អនុវត្តលើលំហាត់ចាស់ៗ ។
៦. ការរៀនជាមួយមិត្តភក្ដិ
ចំពោះចំណុចនេះវិញ សិស្សអាហារូបករណ៍រៀននៅជប៉ុនរូបនេះ ប្រាប់ថា ខ្លួនតែងរៀនជាមួយមិត្តភក្ដិ ព្រោះកន្លែងណាដែលមិនចេះអាចសួរគេបាន ហើយកន្លែងណាដែលចេះច្បាស់ គឺពន្យល់បន្តទៅមិត្តភក្ដិវិញ ដែលធ្វើឱ្យចាន់ត្រា យល់កាន់តែច្បាស់ថែមទៀត ។
៧. ការយកចិត្តទុកដាក់ផ្ចង់អារម្មណ៍ក្នុងម៉ោងរៀន
ក្នុងម៉ោងរៀន គឺត្រូវផ្ដោតអារម្មណ៍យកចិត្តទុកដាក់លើអ្វីដែលគ្រូកំពុងពន្យល់ ដើម្បីកុំឱ្យដាច់ភាគ តាមដានលែងទាន់ ។ ដូច្នេះសូមបែងចែកឱ្យដាច់ម៉ោងរៀន គឺដឹងរៀន ម៉ោងលេងគឺលេង កុំឱ្យការរៀន និង ការលម្ហែលាយឡំគ្នា ។ នេះជាចំណុចចុងក្រោយ ដែលសិស្សឆ្នើម រស់ ចាន់ត្រា ចង់ចែករំលែក ៕