បង្ហាញមុខថ្នាក់ដឹកនាំ ៣ រូប កំពុងសកម្មខ្លាំង និង លេចធ្លោបំផុត អាចឆក់យកបេះដូងប្រជាជនខ្មែរ
ថ្នាក់ដឹកនាំជាមន្ត្រីសំខាន់ៗ ដែលជាដៃ ជាជើង របស់រាជរដ្ឋាភិបាល គឺជាចំណែកមួយដ៏សំខាន់បំផុតក្នុងការរុញច្រានប្រទេសជាតិឱ្យកាន់តែរីកចម្រើន ពិសេសគឺការផ្ដល់នូវសេវា នូវភាពកក់ក្ដៅ ក្នុងនាមជាមន្ត្រីទៅកាន់ប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញមុខថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ៣ រូបកំពុងលេចធ្លោ និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន ៖
១. ឯកឧត្ដម ស៊ុន ចាន់ថុល
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបានប្រជាពលរដ្ឋ ចាត់ទុកថា ជារដ្ឋមន្ត្រីមួយរូប ដែលតែងតែដើរទាន់សម័យបច្ចេកវិទ្យា ចេះទាញយកបច្ចេកវិទ្យាទំនើប មកបម្រើឱ្យការងារកាន់តែរលូន ផ្ដល់ភាពងាយស្រួល លឿនរហ័សទាន់ចិត្ត ។ ចាប់តាំងពីក្លាយជារដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល បានធ្វើកំណែទម្រង់ជាច្រើនដូចជា ការធ្វើប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ការប្រឡងយកប័ណ្ណបើកបរ ទៅជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ការជួសជុលផ្លូវដែក ផ្លូវថ្នល់ និង សមិទ្ធផលជាច្រើនទៀតត្រឹមរយៈពេលខ្លីប៉ុនណោះ ។
ក្រៅពីជារដ្ឋមន្ត្រីជឿនលឿនតាមសម័យបច្ចេកវិទ្យា ឯកឧត្ដម ស៊ុន ចាន់ថុល ក៏ចាត់ទុកជាមន្ត្រីមុខដែក ដែលអនុវត្តការងារច្បាស់លាស់ និង តឹងរ៉ឹងបំផុត ។ មួយរយៈចុងក្រោយនេះ លោកតែងជិះកង់ដឹកនាំមន្ត្រីចុះត្រួតពិនិត្យមើលគុណភាពផ្លូវជាតិនានា ទូទាំងប្រទេស ហើយលោកបានឱ្យក្រុមហ៊ុនទទួលខុសត្រូវធ្វើផ្លូវ ធ្វើការសាងសង់ឡើងវិញ ទៅលើផ្លូវជាច្រើនខ្សែជាក់ស្ដែងដូចជាផ្លូវជាតិ លេខ៣ លេខ ៧ ជាដើម ។ បន្ទាប់ពីលោករកឃើញថា ធ្វើមិនត្រឹមត្រូវទៅ តាមបច្ចេកទេស មិនអាចទទួលយកបាន ពិសេសថែមទាំងដកមន្ត្រី ៦ រូបចេញពីតំណែង ក្រោយមន្ត្រីទាំងនោះខ្វះការទទួលខុសត្រូវលើការងារ ។
២. ឧត្ដមសេនីយ៍ឯក ស ថេត
យុទ្ធនាការបង្ក្រាបគ្រឿងញៀនតាមក្លឹបធំៗ យ៉ាងកក្រើកនៅរាជធានីភ្នំពេញ បានធ្វើឱ្យប្រជាពលរដ្ឋសាទរជាខ្លាំង ពីព្រោះមិនធ្លាប់មានមន្ត្រីណាហ៊ានចេញមុខបង្ក្រាបយ៉ាងគគ្រឹកគគ្រេងបែបនេះឡើយ ។ អ្នកដែលនៅពីក្រោយប្រតិបត្តិការដ៏សំខាន់បំផុតនេះ គឺឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការរងនគរបាលជាតិ និង ជាអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ។ កេរឈ្មោះឧត្ដមសេនីយ៍ឯក ស ថេត បានល្បីខ្ទរខ្ទារក្នុងរយៈពេលត្រឹមមួយប៉ព្រិចភ្នែក ក្រោយលោកបានចេញប្រតិបត្តិការ និង ដឹកនាំ កម្លាំងធ្វើសកម្មភាពជាច្រើនគួរឱ្យកត់សម្គាល់ ។
បើនិយាយពីក្នុងអង្គភាពវិញលោកបានកែប្រែនគរបាល កងកម្លាំងឱ្យចេះគោរពវិន័យ ចេះទទួលខុសត្រូវលើតួនាទីភារកិច្ច លោកយកចិត្តទុកដាក់សូម្បីតែកាត់សក់របស់មន្ត្រីនគរបាលឡើងទៅ ។ កាលពីពេលថ្មីៗនេះលោកបានដាក់ចេញគោលការណ៍ថ្មីៗ និង ទទួលការសាទរកាន់តែខ្លាំងដូចជា ហាមមិនឱ្យមន្ត្រីទៅការពារ ឬ យាមនៅតាមក្លឹប ខារ៉ាអូខេ កាស៊ីណូ និង បើកឡានសារ៉ែន ហែរហម ការពារអ្នកធំជាដើម ។ ក្រៅពីនេះលោកបានបង្កើតក្រុមការងារចល័ត ចុះជួយសម្រួលបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ និង ដោះស្រាយបញ្ហាបន្ទាន់ៗទាន់ហេតុការណ៍ ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកឧត្ដមសេនីយ៍ឯក ស ថេត បានចុះអនុវត្តច្បាប់ចរាចរណ៍ដោយផ្ទាល់តែម្ដង ដោយធ្វើការចុះអប់រំណែនាំប្រជាពលរដ្ឋឱ្យចេះពាក់មួកសុវត្ថិភាព និង ដាក់គោលការណ៍ថា មិនផាកពិន័យនោះទេ តែមានលក្ខខណ្ឌមួយថា ទាល់តែពលរដ្ឋដែលគ្មានមួកនោះ ទៅរកមួកសុវត្ថិភាពមកពាក់ឱ្យបានសិន ទើបប្រគល់យាន្តជំនិះឱ្យវិញ ។
៣. ឯកឧត្ដម គួច ចំរើន
ជាប្រវត្តិសាស្ត្រមិនធ្លាប់កើតមាននៅប្រទេសកម្ពជា គឺការផ្លាស់ប្ដូរមុខ តំណែង និង ទីកន្លែងបំពេញការងារភ្លាមៗរបស់មន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជា ក្នុងមួយប៉ព្រិចភ្នែក ។ ឯកឧត្ដម គួច ចំរើន បានផ្លាស់ប្ដូរពីអភិបាលខេត្តកំពង់ចាម ទៅធ្វើជាអភិបាលខេត្តព្រះសីហនុភ្លាមៗ បន្ទាប់ពីខេត្តជាប់សមុទ្រមួយនេះ ស្ថិតក្នុងភាពវឹកវរមានគ្រោះអាសន្ន ។ ការចាកចេញពីទឹកដីកំពង់ចាម បានធ្វើឱ្យប្រជាពលរដ្ឋនៅខេត្តនេះ ដែលធ្លាប់ជ្រកក្រោមម្លប់សុខរបស់លោក មានការអាឡោះអាល័យជាខ្លាំង ចំពោះថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌រូបនេះ ។
ការចូលកាន់តំណែង ក្នុងនាមជាអភិបាលខេត្តថ្មី នៃទឹកដីព្រះសីហនុ គឺបានផ្ដល់នូវស្នាមញញឹម និង ក្ដីសង្ឃឹមថ្មីមួយទៀតដល់ប្រជាជនដែលកំពុងរស់នៅពោរពេញក្ដីបារម្ភ បានស្រាកស្រាន្តក្នុងចិត្តខ្លះ ។ ជាការពិតគេថាអ្នកខ្លាំងទៅដល់ទីណានៅតែខ្លាំង ឯកឧត្ដម គួច ចំរើន បានបញ្ចេញអស់នូវសមត្ថភាពគ្មានលាក់ និង ដាក់ផែនការអនុវត្តបន្ទាន់ៗដូចផ្លេកបន្ទោរ និង ធ្វើឱ្យខេត្តព្រះសីហនុផ្លាស់ប្ដូរមកប្រសើរឡើងវិញ ក្នុងរយៈពេលដ៏ខ្លី ។
ឯកឧត្ដម បានចុះរុះរើសំណង់អនាធិបតេយ្យ គ្មានច្បាប់ ខុសបច្ចេកទេសដោយគ្មានញញើត លោកបានដឹកនាំប្រជាជនធ្វើយុទ្ធនាការសំអាតបរិស្ថានធំបំផុតមិនធ្លាប់មាន ការជួសជុលផ្លូវថ្នល់ដែលរងការខូចខាតស្ទើរទូទាំងខេត្ត ។ ក្រៅពីនេះឯកឧត្ដម ថែមទាំងស្នើរឱ្យមានការបើកស្ថានកុងស៊ុលចិនមួយប្រចាំខេត្ត ដើម្បីទុកដោះស្រាយបញ្ហាជាមួយជនជាតិចិនទៀតផង ។ ខេត្តព្រះសីហនុ ធ្លាប់មានកេរឈ្មោះល្បីល្បាញ បងប្អូនខ្មែរនិយមចូលចិត្តទៅលេងសមុទ្រ និង ទទួលទានគ្រឿងសមុទ្រស្រស់ៗ នឹងវិលមករកភាពប្រក្រតីវិញជាក់ជាមិនខាន ក្រោមការដឹកនាំរបស់ឯកឧត្ដម គួច ចំរើន ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ