មួយឃ្លាដ៏មានន័យ ពីលោក ហ្សង់ ហ្វ្រង់ស័រតាន់ «ធ្វើការដើម្បីរស់ ប៉ុន្តែកុំរស់ដើម្បីតែធ្វើការ»
លោកហ្សង់ហ្វ្រង់ស័រតាន់ ត្រូវបានមហាជនខ្មែរភាគច្រើនស្គាល់ថា ជានាយកប្រតិបត្តិគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI និងជា អ្នកវិភាគនយោបាយអន្តរជាតិ ដ៏មានប្រជាប្រិយភាពមួយរូប មានទស្សនៈទូលំទូលាយប្រកបដោយភាពច្បាស់លាស់ គួរឱ្យគោរព និងស្ញើចសរសើរ។
ថ្មីៗនេះ អ្នកវិភាគនយោបាយអន្តរជាតិរូបនេះ បានចែករំលែកនូវទស្សនៈ ជូនសាធារណៈជន ត្រិះរិះពិចារណា ផ្សារភ្ជាប់ជាមួយការរស់នៅប្រចាំថ្ងៃ តាមរយៈផេកផ្លូវការរបស់លោក អំពីឃ្លាដ៏មានន័យមួយថា «ធ្វើការដើម្បីរស់ ប៉ុន្តែកុំរស់ដើម្បីតែធ្វើការ»។
តាមរយៈឃ្លាខាងលើ នាយកប្រតិបត្តិគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI បានលើកទឡ្ហីករណ៍ និងបំណកស្រាយបែបនេះថា មានមូលហេតុយ៉ាងតិចចំនួន ៤ ដែលមនុស្សងើបពីព្រលឹម ហើយចេញទៅធ្វើការ ដែលមូលហេតុទាំងនោះ មានដូចជា ៖
ទីមួយ ៖ ដើម្បីរកលុយមកចិញ្ចឹមជីវិត។
ទីពីរ ៖ ដើម្បីលក្ខន្តិកៈសង្គម(social status) បានន័យថា មនុស្សធ្វើការដ្បិតជាពលរដ្ឋសកម្ម ដែលចូលរួមកសាងសង្គមដើម្បីប្រយោជន៍ជាតិ តាមរយៈកិច្ចការទោះតូចឬធំ ក្នុងអាជីពនិងក្នុងជំនាញរបស់ខ្លួន។
ទីបី ៖ ដើម្បីទំនាក់ទំនងសង្គម បានន័យថា មានការធ្វើ នាំឱ្យជួបគេឯងដែលជាពលរដ្ឋដទៃ ដែលជាសហការីរួមការងារ ឬដែលជួនកាលក្លាយជាមិត្តភក្តិរួមការងារ។
ទីបួន ៖ ដើម្បីបំពេញបំណង ដើម្បីធ្វើឱ្យសុបិន(អ្នកខ្លះចង់បង្រៀន អ្នកខ្លះចង់ព្យាបាល អ្នកខ្លះទៀតចង់សរសេរ ចង់គូរ ចង់ក្លាយជា…) ក្លាយជាការពិត។
ប៉ុន្ដែ ការធ្វើការយូរទៅ នាំឱ្យមនុស្សច្រើនឡើងៗ ពិសេសក្នុងសង្គមទំនើប យល់ឃើញនៅទីបំផុតថា ខ្លួនជាទាសករ, ទាសករនៃថៅកែ, ទាសករនៃតម្រូវការ, ទាសករនៃជីវិត…។ ធ្វើការយូរទៅ នាំឱ្យហត់ទាំងកាយហត់ទាំងចិត្ត ពីព្រោះកិច្ចការច្រើនពេក ពីព្រោះកន្លែងការងារជាទីនៃការកកិតប៉ះទង្គិចគ្នារវាងមនុស្សខុសគ្នា រវាងបុគ្គលិកលក្ខណៈខុសគ្នា រវាងចរិតចរិយាខុសគ្នា រវាងប្រយោជន៍ខុសគ្នា។ ធ្វើការ យូរទៅ នាំឱ្យធុញថប់ ដ្បិតសុបិនរលាយដូចអំបិលត្រូវទឹក ដ្បិតមិនដូចការគិត ហើយប្រាក់ខែក៏តិចទៀត។
ម្ល៉ោះហើយ លោកបានផ្ដល់ជាទស្សនៈថា ដើម្បីសុខកាយសប្បាយចិត្ត ទន្ទឹមគ្នានឹងការងារដែលត្រូវធ្វើ ម្នាក់ៗគួរស្វែងរកអ្វីផ្សេង ស្វែងរកសុភមង្គលក្នុងគ្រួសារ មិត្តភក្តិនៅក្រៅរង្វង់ការងារ ឱកាសនៅឃ្លាតឆ្ងាយពីការងារពេលថ្ងៃសម្រាក ឬ ពេលវិស្សមកាល និងចំណីសម្រាប់អារម្មណ៍សប្បាយរីករាយ។ ធ្វើបែបនេះ មិនខុសទេ មិនបាបទេ៕