បើអ្នកចង់ក្លាយជាសហគ្រិនជោគជ័យ ដាច់ខាតកុំយកខ្លួនធ្វើរឿងឥតប្រយោជន៍ទាំង ១០ នេះ
ចង់ក្លាយជាសហគ្រិនជោគជ័យលើមុខជំនួញ ឬ អាជីវកម្មណាមួយ វាមិនមែនជារឿងងាយស្រួលនោះទេ សហគ្រិនត្រូវមានគម្រោងច្បាស់លាស់ ចេះសិក្សាស្វែងយល់ពីទីផ្សារ តម្រូវការអតិថិជន មានចក្ខុវិស័យ និង មានឆន្ទៈខ្ពស់ក្នុងការតម្រង់ទិសដៅ ក៏ដូចជារុញច្រានអាជីវកម្មឲ្យលឿនលយទៅមុខរហូតសម្រេចដល់គោលដៅដែលបានកំណត់។ នេះសុទ្ធតែជាអ្វីដែលសហគ្រិនជោគជ័យទូទៅរមែងប្រកាន់ខ្ជាប់ ហើយដើម្បីជោគជ័យរលូនផងនោះ មានរឿង ១០ យ៉ាង ដែលពួកគេគ្មានថ្ងៃធ្វើជាដាច់ខាត។ រឿងទាំងនោះមានដូចជា ៖
១. កើតក្តីច្រណែន
សហគ្រិនដែលរមែងកើតចិត្តច្រណែន និង ចូលចិត្តឈ្នានីសនៅពេលឃើញមនុស្សជុំវិញខ្លួនជោគជ័យ ឬ អាចនិយាយបានថាគ្មានសេចក្តីសុខនៅពេលឃើញអ្នកផ្សេងល្អជាងខ្លួន មិនយូរមិនឆាប់ពួកគេតែងធ្លាក់ខ្លួនចូលទៅក្នុងភាពបរាជ័យ។ សហគ្រិនជោគជ័យពួកគេតែងតែរីករាយ និងជួយត្រេកអរនៅពេលឃើញមនុស្សជុំវិញខ្លួនជោគជ័យ ហើយប្រសិនបើភាពជោគជ័យនោះជារបស់គូប្រកួតប្រជែង ពួកគេក៏មិនដែលយកខួរក្បាលមកទំនេរបង្កើ្តតភាពច្រណែន ឬ ស្អប់ឡើយ ផ្ទុយមកវិញវាបានក្លាយជាថាមពលដែលជំរុញឲ្យពួកគេខិតខំប្រឹងប្រែងបន្ថែមដើម្បីសម្រេចជោគជ័យឲ្យស្មើឬលើសគូប្រកួតប្រជែងរបស់ខ្លួន។ ដូចនេះគួរយល់ថា នរណាៗក៏អាចមានសមត្ថភាពក្លាយជាសហគ្រិនជោគជ័យដែរ អ្វីដែលសំខាន់ ការខ្ជះខ្ជាយពេលវេលាទៅច្រណែនអ្នកដៃនឹងធ្វើឲ្យយើងខាតបង់ពេលវេលាធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់ខ្លួន។
២. ចង់បកក្រោយ
ចំពោះសហគ្រិនជោគជ័យ បើទោះពួកគេបោះជំហានដើរទៅមុខយឺត ពេលខ្លះជួបរឿងស្មុគស្មាញ និងជួបភាពបរាជ័យយ៉ាងណា ពួកគេនៅតែព្យាយាមបន្តដំណើរទៅមុខរហូតដោយមិនខ្ចីងាកក្រោយឡើយ។ ដូចនេះ នៅពេលជួបឧបសគ្គធំ ឬ តូនៅលើវិថីកំពុងដើរ មិនគួរគេចវេះ ឬ ថយក្រោយ ឬ ព្យាយាមរត់ចេញពីបញ្ហាឡើយ ពោលត្រូវព្យាយាមស្វែងរកដំណោះស្រាយដើម្បីជម្នះ និង បន្តដំណើរទៅមុខជានិច្ច។
៣. គេចវេះ
នៅពេលធ្វើការសម្រេចចិត្តខុសឬបោះជំហានខុសពីផ្លូវដែលបានគ្រោងទុក សហគ្រិនជោគជ័យគ្មានថ្ងៃបោះបង់ចោល ឬគេចវេះមិនទទួលខុសត្រូវនោះទេ ពួកគេនឹងព្យាយាមស្វែងរកដំណោះស្រាយទៅលើបញ្ហាដែលបានកើតឡើង ហើយរៀនពីបញ្ហាទាំងនោះដើម្បីជាបទពិសោធ ក៏ដូចជាធ្វើជាមេរៀនកុំកើតមានកំហុសទៅថ្ងៃបន្ទាប់។
៤. ឈប់រៀន
សហគ្រិនជោគជ័យតែងគិតថាការរៀនសូត្រគឺជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ខ្លួន ជាក់ស្តែងបើទោះពួកគេមានអាយុច្រើន ឬ មានបទពិសោធច្រើនយ៉ាងណា ពួកគេនៅតែបន្តការរៀនសូត្រពេញមួយជីវិតដើម្បីយកបទពិសោធពីមនុស្សជុំវិញខ្លួនមកអភិវឌ្ឍខ្លួន និង អាជីវកម្ម រួមទាំងធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរឡើង។ ពិតប្រាកដណាស់ នៅលើលោកនេះមិនមែនមនុស្សម្នាក់ដឹងរឿងគ្រប់យ៉ាងនោះទេ ដូច្នេះគួរតែបន្តសិក្សាស្វែងយល់ពីបុគ្គលជោគជ័យល្បីៗដែលពួកគាត់សុទ្ធសឹងមានបទពិសោធ និងមានទស្សនៈល្អៗដែលជួយជំរុញស្មារតីឲ្យយើងប្រឹងប្រែងបន្តទៅមុខ។
៥. ចូលរួមជាមួយបុគ្គលអវិជ្ជមាន
មនុស្សដែលបង្កើតកំហុសដដែលៗ ពូកែត្អូញត្អែរ និង ចូលចិត្តសម្លឹងអ្វីមួយក្នុងផ្លូវអវិជ្ជមាន សហគ្រិនជោគជ័យមិនដែលយកធ្វើជាដៃគូ ឬយកចិត្តទុកដាក់ជានោះទេ ពីព្រោះមនុស្សប្រភេទនេះនឹងនាំពួកគេឆ្ពោះទៅផ្លូវមួយដែលគ្មានថ្ងៃរីកចម្រើន។ សហគ្រិនជោគជ័យតែងរាប់អានមនុស្សដែលមានគោលដៅដូចគ្នា និង មនុស្សដែលមានភាពខ្លាំងជាងខ្លួន ដោយសារពួកគេជឿជាក់ថាមនុស្សទាំងនេះនឹងធ្វើឲ្យពួកគេទទួលបានបទពិសោធថ្មីៗល្អៗ ហើយអាចរីកចម្រើនទៅមុខឥតឈប់ឈរ។
៦. ភ្ញាក់ពីដេកដោយគ្មានគម្រោង
ពេលវេលាច្បាស់លាស់គឺជាភាពហ្មត់ចត់មួយរបស់សហគ្រិនជោគជ័យ។ ក្នុងមួយថ្ងៃមាន ២៤ ម៉ោង ដើម្បីទទួលបានប្រសិទ្ធភាព សហគ្រិនជោគជ័យតែងដឹងច្បាស់ពីគោលដៅរបស់ខ្លួន ចេះបែងចែកពេលវេលា និង ដឹងច្បាស់ពីការងារដែលខ្លួនត្រូវធ្វើ។ សហគ្រិនជោគជ័យដឹងច្បាស់ថា ការគ្មានគម្រោងច្បាស់លាស់នឹងធ្វើឲ្យអាជីវកម្មរបស់ពួកគេជួបតែបញ្ហារាំងស្ទះ និង ខាតពេលវេលាឥតប្រយោជន៍ ឯជីវិតក៏គ្មានន័យផងដែរ។
៧. ភ័យខ្លាចក្នុងការផ្លាស់ប្តូរ
សហគ្រិនជោគជ័យភាគច្រើនគិតថា ភាពភ័យខ្លាចក្នុងការផ្លាស់ប្តូរនឹងធ្វើឲ្យពួកគេគ្មានថ្ងៃរីកចម្រើន ពីព្រោះការផ្លាស់ប្តូរគឺជាឱកាសដ៏ល្អដែលជំរុញឲ្យទទួលបានជោគជ័យទៅថ្ងៃមុខ។ ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុន Apple ដំបូងឡើយគ្រាន់តែជាក្រុមហ៊ុនចែកចាយលក់កុំព្យូរទ័រប៉ុណ្ណោះ ប៉ុន្តែដើម្បីពង្រីកអាជីវកម្មកាន់តែធំ ក្រុមហ៊ុនបានបង្កើតឧបករណ៍ស្តាប់តន្ត្រី IPod រហូតបង្កើតទូរស័ព្ទស្មាតហ្វូន ថាប្លេតដ៏ទំនើបៗ រួមទាំងនាឡិកា Apple Watch ដែលបច្ចុប្បន្នទទួលបានគាំទ្រពីអតិថិជនជុំវិញពិភពលោក។
៨. បានតែមាត់
សហគ្រិនជោគជ័យពួកគេមិនមែនចេះតែអង្គុយហើយនិយាយរៀបរាប់ពីគម្រោងដែលពួកគេត្រូវធ្វើឲ្យតែរួចពីមាត់ទេ ពួកគេនិយាយ ពួកគេចាប់ផ្តើមគម្រោង ពួកគេបោះជំហានតាមផ្លូវដែលបានគ្រោងទុក និង ប្រឹងប្រែងអស់ពីលទ្ធភាព។ ដូច្នេះប្រសិនបើចង់ធ្វើអ្វីមួយ គួរកុំចេះកុំឡូយបានត្រឹមតែមាត់ ត្រូវចេះរៀបគម្រោងហើយធ្វើសកម្មភាពដើរទៅរកវា។
៩. ចង់បានតែលុយ
ការចង់បានតែលុយដោយមិនគិតពីគុណភាព ថ្ងៃណាមួយអាជីវកម្មនឹងបាត់បង់ចំណូលឬអាចគ្មានអតិថិជនគាំទ្រ។ ជំនួសមកវិញ សហគ្រិនជោគជ័យ ពួកគេគិតគូរខ្លាំងពីគុណភាពច្រើនជាងបរិមាណ ពួកគេសុខចិត្តពង្រឹងទៅលើគុណភាពផលិតផល និងសេវាកម្មឲ្យខ្លាំងក្លាដើម្បីឲ្យអតិថិជនមានជំនឿទុកចិត្ត ក៏ដូចជាគាំទ្រអាជីវកម្មរបស់ខ្លួនកាន់តែច្រើន។ សហគ្រិនជោគជ័យជឿជាក់ថានៅពេលពួកគេខ្លាំងចំណុចទាំងនេះហើយ អតិថជនគ្រប់ច្រកល្ហកនឹងរត់មករកសេវាកម្ម ឬ ផលិតផលរបស់ពួកគេដោយឯកឯង ដែលប្រៀបបីដូចលុយរត់មករកដល់កន្លែងអីចឹង។
១០. បណ្តោយឱ្យភាពបរាជ័យបិទផ្លូវ
ចំណោមអាជីវកម្ម ១០ ក្នុងនោះមានអាជីវកម្ម ៨ ទៅហើយដែលធ្លាប់ជួបភាពបរាជ័យ ប៉ុន្តែសហគ្រិនដែលបរាជ័យនាអតីតកាលទាំងនោះ បច្ចុប្បន្នបានក្លាយជាសហគ្រិនជោគជ័យកំពុងកើបលុយពីអាជីវកម្មទៅវិញ នេះក៏ដោយសារពួកគេបានដឹងច្បាស់នូវបញ្ហាដើមចមដែលធ្វើឲ្យអាជីវកម្មបរាជ័យ ហើយភាពបរាជ័យបានក្លាយជាមេរៀនដែលអភិវឌ្ឍពួកគេឱ្យរីកចម្រើនឡើង ឱ្យខ្លាំងឡើង និង ពោរពេញដោយមហិច្ឆតាដល់សព្វថ្ងៃ៕