កុំឱ្យហួសពេល! អ្នកធ្វើការចូលចិត្តអត់អាហារពេលព្រឹក ប្រញាប់មើលហេតុផល ៥ នេះឡើងវិញ ប្រយ័ត្នទៅមុនអាយុ
ការស្រស់ស្រូបអាហារពេលព្រឹក គឺជាភាពចាំបាច់មួយសម្រាប់មនុស្សទូទៅ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនបានបោះបង់វាចោល ដោយទម្លាប់មកបរិភោគអាហារពេលថ្ងៃត្រង់ជំនួសវិញ។ អ្នកជំនាញលើកឡើងថា ការមិនទទួលទានអាហារពេលព្រឹកនឹងជាទម្លាប់មិនល្អមួយដែលដាក់សម្ពាធទៅសុខភាព វាអាចធ្វើឱ្យសុខភាពប្រឈមបញ្ហាធ្ងន់ធ្ងរផ្សេងៗទៅថ្ងៃមុខ។ ចុះតើអ្នកបរិភោគអាហារពេលព្រឹកប្រចាំថ្ងៃដែរឬទេ? បើឆ្លើយថាទេ អ្នកគួរតែគិតវាឡើងវិញជាមួយហេតុផលខាងក្រោម ៖
១. ជំរុញប្រព័ន្ធរំលាយអាហារ
ហេតុផលសំខាន់បំផុតសម្រាប់ការបរិភោគអាហារពេលព្រឹក វាអាចជួយរំលាយអាហារដែលបរិភោគនៅពេលយប់បានឆាប់រហ័ស រួមទាំងជំរុញថាមពលរំលាយអាហារបានថែមមួយកម្រិតទៀត។ ដើម្បីឱ្យប្រព័ន្ធរំលាយអាហារសកម្មល្អ អ្នកគប្បីបរិភោគអាហារពេលព្រឹកឱ្យបានទៀងទាត់។ ការបរិភោគអាហារពេលព្រឹកក៏ជួយបន្ថយជាតិស្ករក្នុងឈាមបានយ៉ាងល្អបំផុត។
២. បន្ថែមថាមពល
អាហារពេលព្រឹកធ្វើឱ្យអារម្មណ៍ស្រស់ថ្លា មិនងាយតានតឹង ជាពិសេសវាបន្ថែមថាមពលដល់រាងកាយក្នុងការធ្វើការបានពេញមួយថ្ងៃ។ អ្នកអាចជ្រើសរើសអាហារណាដែលផ្តល់ថាមពលដល់រាងកាយ និង សុខភាព ដូចជាស៊ុត ជាដើម។
៣. បន្ថែមថាមពលខួរក្បាល
ការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគអាហារពេលព្រឹកធ្វើឱ្យខួរក្បាលមានថាមពល មានសុខភាពល្អ គិតអ្វីឆាប់ចេញ ឆាប់យល់ និង ស្រស់ថ្លាផងដែរ។ ជាឧទាហរណ៍ ចំពោះក្មេងៗបើពួកគេញុំាអាហារមុនពេលទៅសាលារៀន ពួកគេនឹងមានអារម្មណ៍រីករាយរៀនសូត្រឆាប់យល់ ឆាប់ចាប់បាន។
៤. សុខភាពល្អ
បរិភោគអាហារពេលព្រឹកអាចជួយឱ្យអ្នកកាត់បន្ថយការប្រឈមកើតជំងឺទឹកនោមផ្អែម កាន់បន្ថយការឡើងទម្ងន់និងដុះក្បាលពោះ។ អាហារពេលព្រឹកមិនមែនចេះតែញុំាឱ្យបានតែឆ្អែតក្រពះនោះទេ ត្រូវជ្រើសរើសអាហារណាដែលល្អចំពោះសុខភាពជាចម្បង។
៥. បរិភោគអាហារដែលមានជីវជាតិ
ជ្រើសរើសអាហារពេលព្រឹកដែលសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន ព្រោះអាហារប្រភេទនេះជួយឱ្យឆ្អែតបានយូរ សំខាន់វាជួយគ្រប់គ្រងការឃ្លានពីពេលមួយទៅពេលមួយបានល្អ។ សូម្បីតែដល់ពេលហាត់ប្រាណក៏មិនធ្វើឱ្យអស់កម្លាំងខ្លាំងផងដែរ៕