កំពូលសំណួរពេញនិយមទាំង ៤ ពេលទៅលេងស្រុកថ្ងៃចូលឆ្នាំ អ្នកជិតខាងចូលចិត្តសួរបំផុត គឺសួរមិនចេះហត់
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពិធីបុណ្យជាតិម្ដងៗ ជាពិសេសគឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ ដែលចាកចេញពីស្រុកកំណើតទៅប្រកបការងារផ្សេងៗនៅតាមបណ្ដារាជធានី-ខេត្ត ដទៃ រមែងតែងស្វះស្វែងវិលទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិបងប្អូន កម្រនឹងខកខានណាស់។
ជាក់ស្ដែងនៅពេលដែលអ្នកឃ្លាតឆ្ងាយពីស្រុកកំណើត ហើយពេលត្រលប់ទៅលេងស្រុកម្ដងៗ តែងតែមានញាតិមិត្តជិតខាង សួរនាំខ្លះៗជារឿងជៀសមិនផុត ដើម្បីបានដឹងពីសុខទុក្ខគ្នាទៅវិញទៅមក ហើយក្រៅពីសួរសុខទុក្ខ គេសង្កេតឃើញសំណួរពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន រឿងមុខរបរ រឿងប្រាក់ចំណូល គឺនៅតែជាសំណួរដ៏ពេញនិយម ដែលគេកម្រនឹងរំលងណាស់។ ខាងក្រោមនេះ គឺជាសំណួរដ៏ពេញនិយមទាំង ៤ ដែលពេលទៅស្រុកម្ដងៗ មានគេសួរនាំច្រើនបំផុត ៖
១. ឥឡូវធាត់ម្ល៉េះ ឬស្គមម្ល៉េះ
ធម្មតាពេលបែកគ្នាយូរ នៅពេលដែលអ្នកឃើញគ្នាជាថ្មី ប្រាកដណាស់ គឺចាប់អារម្មណ៍ទៅលើរូបរាងមុនគេ ហើយប្រសិនជារូបរាងរបស់អ្នកផ្លាស់ប្ដូរខុសពីមុន ដូចជាមានសាច់ជាងមុន ឬស្គមជាងមុន ប្រាកដណាស់ សំណួរនេះនឹងលេចឡើងភ្លាមៗ។
២. ធ្វើការខាងអី, នៅទីណា?
រឿងការងារ ឬមុខរបរ គឺជាសំណួរដ៏ពេញនិយមបំផុត កម្រមានអ្នករំលងសំណួរនេះណាស់ ពេលបានជួបគ្នាម្ដងៗ ព្រោះមនុស្សម្នាក់ៗត្រូវតែមានការងារដើម្បីបានប្រាក់ចំណូលចិញ្ចឹមជីវិត ម្យ៉ាងទៀត គេចង់ដឹងថា ពេលអ្នកចាកចេញពីស្រុកទៅរស់នៅលើទឹកដីថ្មី អ្នកប្រកបការងារអ្វី ដើម្បីចិញ្ចឹមជីវិត។
៣. ប្រាក់ខែប៉ុន្មាន
នៅពេលដែលសួរដល់រឿងប្រាក់ខែ ស្ដាប់មើលទៅអាចនឹងជាសំណួរអសីលធម៌បន្តិច ប៉ុន្ដែវាគឺជាសំណួរដ៏ពេញនិយមមួយ ព្រោះគេមិនត្រឹមតែចង់ដឹងលើជំនាញការងារយើងនោះទេ អ្វីដែលសំខាន់គឺលើប្រាក់ខែ តើអ្នកទទួលបានកម្រៃខ្ពស់ ឬក៏ទាប អាចចិញ្ចឹមខ្លួនឯងរស់ដែរឬទេ។
៤. ពេលណាគិតគូរយកប្ដី ឬប្រពន្ធ
បើអ្នកមានវ័យសមល្មម ហើយនៅមិនទាន់រៀបការទេ ប្រាកដណាស់ពេលទៅលេងស្រុកកំណើតម្ដងៗ គឺមិនអាចគេចផុតពីសំណួរមួយនេះបានទេ ហើយសំណួរនេះទៀតសោត ក៏ជាសំណួរដ៏ពិបាកឆ្លើយបំផុតដែរ ព្រោះរឿងគូស្រករនេះ មិនមែនថាយក គឺយកបានទេ ត្រូវការពេលវេលាមើលចិត្តគ្នា ហើយក៏ត្រូវការនិស្ស័យដែរ៕