៥ ចំណុចពីអ្នកនិពន្ធ ម៉ីសន សុធារី ផ្ដាំអ្នកធ្វើការ Office ពិសេសអ្នកចេញធ្វើការដំបូងៗមិនគួរមាន ប្រយ័ត្នធ្វើអត់ចប់ការសាកល្បង
ជាបុគ្គលិកពូកែ និងជំនាញប៉ុនណា បើឥរិយាបថនៅកន្លែងធ្វើការមិនសមរម្យ មិនគោរព និងមិនឱ្យតម្លៃ នោះតម្លៃនៃភាពខ្លាំងរបស់ខ្លួនក៏នឹងបាត់បង់ទៅតាមនោះដែរ។ កន្លែងធ្វើការគឺជាផ្ទះទីទៃមួយទៀត ដែលមិនមែនចេះតែយកចរិតពីផ្ទះ ជាព្រះអង្គ ជាព្រះនាង មកប្រើនោះទេ ដូច្នេះត្រូវដឹងថាអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ទើបអាចរីកចម្រើនបាន។
មិនខុសគ្នាប៉ុន្មាន តាមរយៈអ្នកនិពន្ធដ៏មានប្រជាប្រិយភាព ម៉ីសន សុធារី អ្នកនាងបានចែករំលែកសារមួយដ៏មានប្រយោជន៍សម្រាប់សង្គមការងារបច្ចុប្បន្ន ដោយលើកចំណុច ៥ យ៉ាង ដែលមិនគួរធ្វើនៅកន្លែងធ្វើការ ជាពិសេសប្អូនៗអ្នកទើបចេញធ្វើការដំបូង។ តាមរយៈសារបង្ហោះនៅលើទំព័រហ្វេសប៊ុក អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេររៀបរាប់ដូចខាងក្រោម៖
ប្អូនៗ! មិនមានអ្នកណាម្នាក់ដែលអាចរៀបរយខ្លួន និង ប្រកបដោយសកម្មភាពវិជ្ជាជីវៈ Professional គ្រប់ពេលវេលានោះទេ។ យើងគ្រប់គ្នាចាប់ផ្តើមពី Unprofessional មករក Professional ជាបណ្តើរៗទៅតាមបទពិសោធរបស់យើង តែទាំងប៉ុន្មានខាងក្រោមនេះមិនគួរមានឡើយ សូម្បីទើបចេញធ្វើការដំបូងក្តី៖
១- មិនគោរពពេលវេលា យឺតយ៉ាវជាប្រចាំសម្រាប់ការប្រជុំ ឬ ការណាត់ជួប។
២- អាកប្បកិរិយារើសអើង បែងចែក ឬ ប្រើភាសាប្រមាថ និយាយស៊កសៀតបង្កកំហឹង លេងសើចមិនសមរម្យ នៅកន្លែងធ្វើការ។
៣- សំណេរ ឬទំនាក់ទំនងការងារមិនប្រាកដប្រជា រួមបញ្ចូលភាពមិនច្បាស់លាស់នៅក្នុងអ៊ីមែល ឬការសន្ទនា ករណីខ្លះមើលហើយមិនឆ្លើយតបទាន់ពេលវេលា ទុកចោលធ្វើពើមិនដឹងមិនឮនូវបណ្តាសារទំនាក់ទំនងសំខាន់ៗក្នុងការងារ។
៤- មើលងាយអង្គប្រជុំ ដូចជាកង្វះការត្រៀមខ្លួន សម្រាប់ការប្រជុំ បទបង្ហាញ ឬ យកចិត្តទុកដាក់ស្តាប់។
៥- ក្រមសីលធម៌ការងារស្ទើរ មិនបំពេញតាមកាលកំណត់ជាប់លាប់ ឬ ផ្តល់ការងារគុណភាពខ្ពស់យកពេលវេលាទៅផ្គាប់ចិត្តថា្នក់លើ មិនខិតខំធ្វើការងារឱ្យអស់ពីសមត្ថភាព។ល។
ត្រឹមតែប្រាំចំណុចនេះ ល្មមអាចទៅបំផ្លាញពិន្ទុនៃឥរិយាបថការងាររបស់ប្អូនៗបាន! សូមយកចិត្តទុកដាក់!