លួចស្រឡាញ់គេម្នាក់ឯង មិនដឹងធ្វើម៉េចដើម្បីបំភ្លេចគេចេញពីខួរក្បាល ប្រើវិធី ១០ យ៉ាងនេះធានាបានផល ១០០ ភាគរយ
ការបំភ្លេចមនុស្សម្នាក់ វាមិនមែនជារឿងងាយស្រួលឡើយ បើជាមនុស្សដែលយើងលួចស្រលាញ់ទៀតនោះ គឺកាន់តែពិបាក។ ទោះយ៉ាងណា ការលួចស្រលាញ់គេម្នាក់ឯង បើដឹងថាមិនអាចទៅរួច ទោះប្រឹងយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។ វាខាតទាំងពេលវេលា ខាតទាំងអារម្មណ៍ល្អៗ ជួនប៉ះពាល់ផ្លូវចិត្តទៀតផង។ ដូច្នេះដើម្បីបំភ្លេចគេបាន «ប្រជាប្រិយ» សូមណែនាំវិធី ១០ យ៉ាងធានាអនុវត្តដឹងតែបានផល។
១. ទទួលស្គាល់ការពិត៖ ការចាប់ចិត្ត ឬ ស្រឡាញ់គេមិនមែនជាកំហុសនោះទេ វាជាអារម្មណ៍ពិតរបស់មនុស្សម្នាក់ៗ។ បើដឹងថាមិនអាចទៅរួច ចំាបាច់ត្រូវទទួលស្គាល់ការពិត ហើយដោះលែងអារម្មណ៍ និង រូបភាពគេចេញពីខួរក្បាល។
២. ថយមួយជំហាន៖ បើអាចត្រូវរកវិធីដកខ្លួននៅឱ្យឆ្ងាយពីគេ និងកុំឱ្យមានទំនាក់ទំនងអ្វីនឹងគេតទៅទៀត។
៣. ផ្តោតមកលើខ្លួនឯង៖ រាល់ដងធ្លាប់តែគិតពីគេ ឥឡូវដល់ពេលផ្តាច់ខ្លួនពីគេមកវិនិយោគពេលវេលាសម្រាប់ខ្លួនឯងវិញ។ ធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សមានថាមពលជាងមុន ទាំងផ្លូវកាយ ផ្លូវចិត្ត រួមទាំងរូបសម្រស់ផងដែរ។ ធ្វើឱ្យខ្លួនឯងរវល់ជាមួយសកម្មភាពផ្សេងៗដូចជា លេងកីឡា ហាត់ប្រាណ អានសៀវភៅ ធ្វើកិច្ចការផ្ទះ ដើរកម្សាន្ត ឬចំណាយពេលជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាដើម។
៤. កំណត់ព្រំដែន៖ កំណត់ព្រំដែនច្បាស់លាស់រវាងអ្នក និងគេ ដើម្បីការពារកុំឱ្យអារម្មណ៍ទន់ទោរខ្វះគេមិនបានកើតឡើង។ ឧទាហរណ៍ ឈប់តាមដានគេនៅលើបណ្តាញសង្គម ឈប់ចុចមើល Profile ឬ ចូល Comment ឱ្យមានការឆ្លើយឆ្លង បូករួមទាំងអាកប្បកិរិយាផ្សេងៗទៀត ដែលធ្វើឱ្យអ្នកមានអារម្មណ៍នៅតែបន្តស្រលាញ់គេ។
៥. មើលអ្នកផ្សេង៖ ធ្លាប់លួចស្រលាញ់គេ ចុះហេតុអ្វីមិនផ្លាស់ប្តូរទៅចាប់អារម្មណ៍លើអ្នកផ្សេង?។ ចាប់ផ្តើម Challenge ខ្លួនឯងទៅរកអ្នកផ្សេង ខ្វះអីនៅលើបណ្តាញសង្គម ខ្វះអីនៅកន្លែងជួបជុំខាងក្រៅ ថាមិនត្រូវអ្នកបន្ទាប់អាចនឹងជាមនុស្សក្នុងក្តីស្រមៃរបស់អ្នក។ ហោចណាស់ ក៏បានជួបមនុស្សថ្មីៗដើម្បីបំភ្លេចអ្នកចាស់ផងដែរ។
៦. បើកចិត្តភ្ជាប់ទំនាក់ទំនង៖ អ្នកខ្លះព្រោះតែលួចស្រលាញ់គេ សុខចិត្តមិនខ្វល់ពីអ្នកដទៃដែលតែងតែចាប់ចិត្តចាប់អារម្មណ៍មកលើខ្លួន។ ដូចនេះ ត្រូវចាប់ផ្តើមបើកចិត្តឡើងវិញ ផ្តល់ឱ្យខ្លួនឯងបានស្គាល់ពីការសន្ទនាសាសង ក៏ដូចជាស្គាល់ពីភាពខុសប្លែកនៃទំនាក់ទំនងរវាងមនុស្សខុសៗគ្នា។
៧. ធ្វើចិត្តឱ្យស្ងប់៖ ការធ្វើចិត្តឱ្យស្ងប់មានច្រើនវិធីដូចជា ការសមាធិ ការសម្រួលអារម្មណ៍ដោយការម៉ាស្សា និងការគេងដកដង្ហើមវែងៗ។ បើមានលទ្ធភាព អ្នកអាចចុះឈ្មោះវគ្គ Meditation ដែលវាជួយព្យាបាលអារម្មណ៍ ហើយថែមទាំងអាចឱ្យអ្នកបានស្គាល់មនុស្សថ្មីៗផងដែរ។
៨. សរសេរចេញមកឱ្យអស់៖ សរសេរគ្រប់យ៉ាងនូវអារម្មណ៍របស់អ្នកដែលមានចំពោះគេ ហើយគិតឡើងមកវិញ ហេតុអ្វីបានជាអ្នកមានអារម្មណ៍ជ្រាលជ្រៅចំពោះគេខ្លាំងដល់ថ្នាក់នឹង។ បន្ទាប់មករកមើលត្រង់ចំណុចណាដែលអាចផ្លាស់ប្តូរការគិតកុំឱ្យដាក់ចិត្តទៅលើគេទៀត។
៩. រកអ្នកជួយគាំទ្រ៖ អ្នកអាចនិយាយជាមួយមិត្តភក្តិណាម្នាក់ដែលទុកចិត្ត ប្រាប់គេពីរឿងរ៉ាវគ្រប់យ៉ាង និងរកវិធីដោះស្រាយ។ មិត្តភក្តិគេអាចនឹងជួយលើកទឹកចិត្តអ្នក ហើយផ្តល់យោបល់ល្អៗផងដែរ។
១០. អត់ធ្មត់៖ ចងចាំថាការព្យាបាលអារម្មណ៍អាចត្រូវការប្រើពេលបន្តិច។ ត្រូវប្រាប់ខ្លួនឯងថា ត្រូវតែអត់ធ្មត់ បន្តិចទៀតនឹងលែងអីហើយ។ ជឿជាក់លើពេលវេលា និងមើលថែខ្លួនឯងឱ្យល្អ ម្តងបន្តិចៗ អ្នកនឹងភ្លេចគេដោយមិនដឹងខ្លួន៕