លួច Crush គេម្នាក់ឯងចង់សារភាព តែពិបាកបំផុត ២ ចំណុចនេះ ខ្លាចប្រាប់ហើយស្ពៃទាំងស្នេហា ស្ពៃទាំងមិត្តភាព
ការដែលយើងកំពុងតែលួចស្រឡាញ់នរណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ ក្រៅពីចិត្តចង់ជួបគេ និង ទៅណាមកណាជាមួយគេ ហើយព្យាយាមធ្វើល្អឱ្យគេឃើញ។ អ្វីដែលកាន់តែស្មុគក្នុងចិត្តទៀតនោះគឺស្រឡាញ់គេ តែមិនអាចប្រាប់ពីអារម្មណ៍ក្នុងចិត្តទៅកាន់គេបាន ដោយខ្លាចមិនហ៊ានសារភាព និង ខ្លាចសារភាពហើយគេមិនស្រឡាញ់ ហើយបាត់បង់មិត្តភាពទៀត ដូច្នេះតើគួរធ្វើបែបណាចំពោះចិត្តដែលស្រឡាញ់មួយនេះ?
បើតាមការផ្តល់យោបល់ពីអ្នកគ្រូពេទ្យ ក៏ដូចជាម្ចាស់ផេកព្រឹក្សារឿងស្នេហាយុវវ័យម្នាក់ឈ្មោះ Dr.Jing បានឱ្យយោបល់ និង ប្រាប់ពីផលវិជ្ជមាន និង អវិជ្ជមានចំពោះអ្នកដែលកំពុងតែលួចស្រឡាញ់គេម្នាក់ឯងផងដែរ។ សម្រាប់ផលវិជ្ជមានចំពោះការសារភាព អាចធ្វើឱ្យយើងបាននិយាយអារម្មណ៍ក្នុងចិត្ត ហើយនឹងបានដឹងពីអារម្មណ៍របស់គេមកកាន់យើងវិញ ប្រសិនបើគេមានចិត្តឱ្យយើងដែរ ទំនាក់ទំនងច្បាស់ជាអាចទៅមុខ ពោលគឺលើសពីអ្នកស្គាល់ ឬ លើសមិត្ត។ ចំពោះផលអវិជ្ជមានក្នុងការសារភាពនោះគឺ ប្រសិនបើសារភាពទៅគេមិនស្រឡាញ់ គេបដិសេធវាអាចធ្វើឱ្យមនុស្សពីរនាក់ដែលស្គាល់គ្នាប្រែក្លាយជាមើលមុខគ្នាមិនចំ ឬ បាត់បង់មិត្តភាពក៏ថាបាន។
ដោយឡែក ប្រសិនបើយើងមិនសារភាពវិញនោះ វាក៏មានចំណុចវិជ្ជមាន និង អវិជ្ជមានផងដែរ។ សម្រាប់ផលវិជ្ជមាននៃការដែលអ្នកមិនសារភាពគឺ អាចធ្វើឱ្យគេគ្មានអារម្មណ៍ស្មុគស្មាញ ឬ ទើសចិត្ត រក្សារមិត្តភាពបានដូចដើម។ ចំណែកផលអវិជ្ជមានគឺយើងអាចនឹងមានអារមម្មណ៍ស្មុគស្មាញខ្លួនឯង ត្រូវលាក់អារម្មណ៍មិនអាចនិយាយចេញមកបាន ដូច្នេះអ្នកត្រូវថ្លឹងថ្លែងថា មួយណាដែលអ្នកគិតថាល្អ អ្នកគួរតែជ្រើសរើសមួយក្នុងចំណោមអ្វីដែលលើកឡើងខាងលើ៕