បើធ្វើការមិនទៅមុខ សាកដាក់ប្រទាល ៧ មុខនេះលើតុ ការងារជោគជ័យ លុយហូរចូល ឈ្នះអស់មារជ្រែក
នៅក្នុងហុងស៊ុយ តុធ្វើការតំណាងឱ្យហេតុផលជាខ្លួនឯង ឬបំណងនៅក្នុងជីវិត។ តុតំណាងឱ្យអាជីពរបស់អ្នក ប្រសិនបើអ្នកមានការងារអាជីព ឬជំនួញអាជីវកម្ម។ បើអ្នកចូលនិវត្តន៍ ឬមិនទាន់ធ្វើការ នោះតុនឹងតំណាងឱ្យការខិតខំប្រឹងប្រែងផ្សេងទៀតនៅក្នុងជីវិត។
ដូច្នេះគប្បីរក្សាតុធ្វើការឱ្យមានរបៀបរៀបរយ ព្រោះវានឹងជួយបង្កើនថាមពលចូលទៅក្នុងជីវិត ក៏ដូចជាជួយសម្រេចគោលដៅរបស់អ្នក។ យ៉ាងណាមិញ ការតាំងរុក្ខជាតិប្រទាលនៅលើតុ វាមិនត្រឹមតែបង្កើនសម្រស់តុធ្វើការប៉ុណ្ណោះទេ បើតាមគោលការណ៍ហុងស៊ុយ វាថែមទាំងនាំមកនូវថាមពល និងរឿងល្អៗចូលមកកាន់អ្នកទៅតាមប្រភេទដើមរបស់វា។
«ប្រជាប្រិយ» សូមលើកពីប្រទាលដាក់លើតុធ្វើការ ៧ មុខ ដែលវាផ្តល់ហុងស៊ុយល្អបំផុតនៅកន្លែងធ្វើការ។ ចង់ដឹងថាមានប្រទាលអ្វីខ្លះ តស់! យើងទៅទស្សនាខាងក្រោមដូចតទៅ៖
១. ដើមរាសី
ងាយស្រួលដាំ ងាយស្រួលរក និងតម្លៃធូរថ្លៃ ដើមរាសី ជារុក្ខជាតិដែលល្អជាងគេនៅក្នុងហុងស៊ុយ។ វាជាដើមនាំ ទ្រព្យសម្បត្តិ ភាពរុងរឿង សំណាងល្អ ភាពស្មោះត្រង់ សុភមង្គល ការដាក់ខ្លួន ការលូតលាស់ និងបង្កើនថាមពល។
២. ប្រទាលរីករាយ
ប្រទាលនេះមើលទៅស្រស់ស្អាត ស្លឹកបៃតងភ្លឺរលោង ហើយស្លឹករបស់វាមានរាងជាលុយកាក់។ ប្រទាលរីករាយជារុក្ខជាតិនាំមកនូវ សុខភាពល្អ ភាពសុខដុម ការចាប់ផ្តើមថ្មី ការតាមរកការសិក្សា ទ្រព្យសម្បត្តិ សំណាងល្អ និងភាពចម្រុងចម្រើន។
៣. អ័រគីដេ
អ័រគីដេជាដើមផ្កាដ៏ស្រស់ស្អាត និងមានច្រើនពណ៌។ ពណ៌សជួយលើកកម្ពស់ភាពសុខដុម និងសន្តិភាព។ ឯពណ៌ស្វាយ និងពណ៌ផ្កាឈូកតំណាងឱ្យភាពសម្បូរគំនិត និងសេចក្តីស្នេហា។ បើនិយាយជារួម ផ្កានេះនាំមកនូវសន្តិភាព ភាពសុខដុម គ្រួសារ និងការកើតកូនកើតចៅ។
៤. ប្រទាលស្តេចនាគស
ប្រទាលនេះដាក់តាំងលម្អមើលទៅគួរឱ្យស្រលាញ់ ប៉ុន្តែវាតម្រូវកន្លែងតាំងមានទំហំរាងធំបន្តិច។ ផ្កាពណ៌សរបស់វាជានិមិត្តសញ្ញានៃសន្តិភាព។ តាមហុងស៊ុយ វាជាប្រទាលបន្សាបភាពអវិជ្ជមាន និងទាក់ទាញថាមពលវិជ្ជមាន នាំមកនូវសុខដុម សន្តិភាព ភាពស្ងប់សុខ និងស្ងប់ស្ងាត់។
៥. ដើមលុយ
តាមគោលការណ៍ហុងស៊ុយ ដើមលុយល្អបំផុតសម្រាប់ដាក់តាំងនៅលើតុធ្វើការ និងកន្លែងស្តុកលុយ ដូចជាលើទូដែកជាដើម។ ដើមរាងមាំ ដុះឡើងខ្ពស់ ស្លឹករាងមូលទ្រវែងនេះ នឹងទាក់ទាញនូវថាមពលវិជ្ជមានទៅកាន់ជ្រុងទ្រព្យសម្បត្តិរបស់អ្នក។ វាជាដើមនាំមកនូវ សិរីមង្គល វិបុលសុខ មហាប្រសើរ ចម្រើនរុងរឿង ទ្រព្យសម្បត្តិ និងសំណាងល្អ។
៦. ដើមត្រចៀកក្រាញ់
ស្លឹករបស់រុក្ខជាតិនេះមានរាងដូចទៅនឹងលុយកាក់ ដែលនាំយកថាមពលនៃភាពរុងរឿងទៅកាន់តុរបស់អ្នក។ វាជាដើមនាំមកនូវសំណាងល្អ ទ្រព្យសម្បត្តិ និងភាពសម្បូរបែប។
៧. ប្រទាលម្លូ
ប្រទាលនេះងាយស្រួលដាំ ទឹកក៏រស់ ដីក៏រស់ ស្លឹករបស់វាមានរាងបេះដូង ដាក់តាំងត្រង់ណាក៏បង្កើនសម្រស់ និងគួរឱ្យស្រលាញ់។ វាជាដើមមានភាពខ្លាំងអាចបន្សាបភាពអវិជ្ជមាន និងទាក់ទាញថាមពលវិជ្ជមានឱ្យចូលមកវិញ៕
ប្រភព៖ petalrepublic