កុំខ្វះសុជីវធម៌លើ ៣ ចំណុចនេះដាច់ខាត ពេលមានអ្នកណាម្នាក់ ហ៊ានយករឿងក្នុងចិត្តរបស់គេប្រាប់អ្នក
មិនថាយើងមិនថាគេ ពេលពិបាកចិត្តក៏ចង់រកនរណាម្នាក់មកស្ដាប់រឿងក្នុងចិត្ត តែអ្នកខ្លះក៏មិនសូវចង់និយាយរឿងក្នុងចិត្តប៉ុន្មានឡើយ ដោយសារពិបាករកអ្នកមកស្ដាប់រឿងក្នុងចិត្តរបស់ខ្លួនឯងដែលអាចជឿទុកចិត្ត តែប្រសិនបើមាននរណាម្នាក់មកនិយាយរឿងក្នុងចិត្តប្រាប់អ្នកហើយ អ្នកគួរកុំធ្វើនូវរឿង ៣ ចំណុចនេះដាច់ខាតអំឡុងពេលស្ដាប់គេនិយាយ។
១. កុំធ្វើអ្វីផ្សេងអំឡុងពេលស្ដាប់
ប្រសិនបើមាននរណាម្នាក់និយាយរឿងក្នុងចិត្តប្រាប់អ្នក ខណៈនោះអ្នកគួរកុំលេងទូរស័ព្ទបណ្ដើរស្ដាប់បណ្ដើរ ឬមើលនេះ មើលនោះ និងមើលនាឡិកាជាដើម ព្រោះទង្វើបែបនេះហាក់ដូចជាអ្នកមិនចាប់អារម្មណ៍ចំពោះរឿងដែលគេកំពុងនិយាយឱ្យអ្នកស្ដាប់ ហើយច្បាស់ណាស់ថាលើកក្រោយៗគេនឹងមិននិយាយអ្វីប្រាប់អ្នកទៀតឡើយ។
២. កុំកាត់ចង្វាក់ខណៈពេលគេកំពុងនិយាយមិនទាន់ចប់
អ្នកគួរកុំកាត់ចង្វាក់ខណៈពេលនរណាម្នាក់និយាយប្រាប់អ្នកទាំងដែលរឿងនោះ គេនៅនិយាយមិនទាន់ចប់ ឬអ្នកចង់បន្ថែមចំពោះរឿងដែលគេកំពុងនិយាយ ឬចង់ផ្ដល់យោបល់ជាដើម អ្នកគួររង់ចាំគេនិយាយឱ្យចប់សិនរួចចាំនិយាយតាមក្រោយ ឬផ្ដល់យោបល់នៅពេលដែលគេចង់បានបន្ទាប់ពីប្រាប់រឿងទាំងនោះចប់។
៣. កុំកាត់សេចក្ដីរឿងទាំងនោះលឿនពេក បើមិនទាន់ស្ដាប់ចប់
ទង្វើមួយទៀតដែលអ្នកស្ដាប់ភាគច្រើនអាចភ្លេចខ្លួន អំឡុងពេលមាននរណាម្នាក់និយាយរឿងក្នុងចិត្តប្រាប់ តែងនិយាយថា ដឹងមុនហើយថារឿងហ្នឹងនឹងទៅជាបែបនេះ ទាំងដែលគេនៅមិនទាន់និយាយចប់ តែអ្នកក៏កាត់សេចក្ដី ឬសរុបថាវាទៅជាបែបណាទៅហើយ កុំភ្លេចថារឿងដែលអ្នកជួប និង រឿងដែលគេបានជួប វាអាចនឹងមិនដូចគ្នាទាំងស្រុងឡើយ៕