![មនុស្សប្រុសចេះគិតគូររឿង ៥ យ៉ាងនេះ បើមិនបានយកធ្វើប្ដី អ្នកអាចនឹងបោ-/កក្បាលស្ដាយក្រោយ](https://www.popular.com.kh/wp-content/uploads/2024/06/Master-for-Web-9.jpg)
មនុស្សប្រុសចេះគិតគូររឿង ៥ យ៉ាងនេះ បើមិនបានយកធ្វើប្ដី អ្នកអាចនឹងបោ-/កក្បាលស្ដាយក្រោយ
ភាពសង្ហារបស់បុរសមិនឋិតនៅលើសម្រស់ទាំងស្រុងនោះទេ ពោល បុរសសង្ហាពិតប្រាកដ គឺជាមនុស្សដែលចេះគិតគូរច្រើនយ៉ាង ជាមនុស្សក្លាហាន និង អាចពឹងពាក់បានទៅថ្ងៃមុខ។ ការជ្រើសរើសគូជីវិត បើជ្រើសត្រូវ ជីវិតនឹងល្អប្រសើរ ដូចនេះវាពិតជាចាំបាច់ដែលមនុស្សស្រីគ្រប់រូបគួរតែពិចារណាឱ្យបានល្អិតល្អន់ មុនពេលសម្រេចយកបុរសណាម្នាក់ធ្វើជាគូជីវិត។ មួយផ្នែកអំពីជីវិតគូ «ប្រជាប្រិយ» សូមលើកពីមនុស្សប្រុសដែលចេះគិតគូរ ៥ យ៉ាង បើមនុស្សស្រីណាបានជាគូ ធានាថាជីវិតនឹងរស់នៅមានន័យបំផុត។
១. ចេះរៀបចំផែនការជីវិតច្បាស់លាស់
បុរសមានផែនការជីវិតច្បាស់លាស់ កម្រណាស់ដែលគេបរាជ័យនៅក្នុងជីវិត។ ផែនការជីវិតរាប់បញ្ចូលតាំងពី ការសន្សំលុយ ការរកស៊ី ការមានកន្លែងរស់នៅ ការមានគូស្រករ រហូតដល់ការបង្កើតកូនចៅមានជីវិតថ្កុំថ្កើង។ គិតមើលទៅបើអ្នកបានគេជាគូ ជីវិតអ្នកនឹងមិនលំបាកឡើយ។ បុរសបែបនេះបើគេច្បាស់លាស់ជាមួយនារីណាម្នាក់ គេនឹងបង្ហើបអំពីគម្រោងជីវិតរបស់គេ ហើយគេអាចនឹងសុំរៀបការឆាប់ៗផងដែរ។
២. ចេះជួយយកអាសាដៃគូពេលជួបការលំបាក
ត្រឹមតែអ្នករាប់អានគ្នា ពេលគេយកអាសា យើងគោរពស្រលាញ់គេណាស់ទៅហើយ ចុះទម្រាំមនុស្សដែលជាគូស្នេហ៍ចេះយកអាសាទៀត តើនឹងបាក់ចិត្តកម្រិតណា?។ ពិតប្រាកដណាស់ បើសម្គាល់ឃើញថាបុរសដៃគូចេះជួយយកអាសា ជាពិសេសនៅគ្រាលំបាក ពេលបានជាគូទៅថ្ងៃមុខ មិនថាមានសុខឬជួបទុក្ខ គេនឹងនៅតែរួមរស់ជាមួយអ្នកអស់មួយជីវិត។
៣. ចេះបង្កើតមុខរបរច្បាស់លាស់
មិនខុសពីចំណុចទី ១ បុរសចេះរកស៊ីតែងតែជាមនុស្សដែលមានផែនការជីវិតច្បាស់លាស់។ គេចេះរកស៊ីដើម្បីជីវិត ដើម្បីមានបាន ដើម្បីរីកចម្រើន ហើយក៏ដើម្បីមានទ្រព្យសម្រាប់ចាប់ផ្តើមជីវិតគូផងដែរ។ យកមនុស្សប្រុសមានគំនិតប្រសើរជាងមនុស្សប្រុសបានតែគិត។
៤.ចេះមានទំនួលខុសត្រូវ និង មានការរាប់អានល្អ
បើនារីណាម្នាក់កំពុងជួបបុរសបែបនេះ ដាច់ខាតកុំបណ្តោយឱ្យរបូតពីដៃ។ បុរសមានទំនួលខុសត្រូវ បើបានរៀបការក្លាយជាគូជីវិត គេនឹងជាជំហរដ៏រឹងមាំនៅក្នុងគ្រួសារ។ ហើយការដែលគេមានទំនាក់ទំនងល្អ ជីវិតគ្រួសាររបស់អ្នកនឹងពោរពេញទៅដោយភាពរីករាយ និងការកោតសរសើរ។ នេះក៏ព្រោះគេងាយចុះសម្រុងជាមួយមនុស្សទាំងពួង រាប់ទាំងក្រុមគ្រួសារ បងប្អូន និងញាតិមិត្តទាំងឡាយ។
៥.ចេះស្រឡាញ់ដៃគូ និង គ្រួសារទាំងសងខាង
បុរសជាដៃគូជីវិត គួរតែជាបុរសដែលចេះស្រឡាញ់ទាំងអ្នក និងក្រុមគ្រួសាររបស់អ្នក។ គេចេះខ្វាយខ្វល់ពីអ្នកផង និងខ្វាយខ្វល់ពីគ្រួសារអ្នកផងដែរ។ បើកំពុងជួបបុរសបែបនេះហើយ គួរកុំបង្អង់យូរ ប្រញាប់បបួលគេនិយាយអំពីរឿងអនាគតភ្លាម!!!៕