មុនចូលគេងធ្វើតែ ១០ ក្បាច់នេះ ធានាព្រឹកឡើងភ្ញាក់ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ
មនុស្សពីរនាក់ទៅធ្វើការដូចគ្នា ចុះហេតុអ្វីម្នាក់ទៅទៀងម៉ោង ឯម្នាក់ទៀតតែងតែយឺត? ពិតប្រាកដណាស់ ធាតុពិតជាក់ស្តែង វាកើតមកពីកត្តាទម្លាប់ កាលណាយើងចេះរៀបចំបង្កើតទម្លាប់ត្រឹមត្រូវ និង ត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃស្អែក ការឆ្ពោះទៅកាន់គោលដៅរមែងតែទៀងពេលជានិច្ច។ ជាក់ស្តែង រាប់តាំងពីទម្លាប់ភ្ញាក់ ទម្លាប់រៀបចំខ្លួន រហូតដល់ការចេញដំណើរ កាលណាយើងចេះត្រៀមខ្លួនរួចរាល់ ទោះកន្លែងធ្វើការឆ្ងាយប៉ុនណា ក៏យើងនៅតែអាចឆ្ពោះទៅទាន់ម៉ោងដែរ។ «ប្រជាប្រិយ» សូមលើកពីទម្លាប់ ១០ យ៉ាងមុនពេលចូលគេង ដើម្បីកែខ្លួនជាថ្មីទៅធ្វើការទាន់ម៉ោងវិញ។
១. កំណត់ម៉ោងគេងឡើងវិញ៖ ការកំណត់ម៉ោងចូលគេងទៀងទាត់ យូរៗទៅវានឹងក្លាយទៅជាទម្លាប់។ ត្រូវចូលគេងពីព្រលប់ហើយភ្ញាក់ពីព្រលឹម។ ត្រូវប្រាកដថាគេងបានគ្រប់គ្រាន់ពី ៧-៩ ម៉ោង។
២. ឱ្យខួរក្បាលសម្រាក៖ អាចជាសកម្មភាពធ្វើឱ្យអារម្មណ៍សម្រាកដូចជា អានសៀវភៅ ងូតទឹកក្តៅឧណ្ហៗ ឬ សមាធិ…ជាដើម។
៣. កំណត់ការមើលអេក្រង់ឧបករណ៍អេឡិចត្រូចនិច៖ ពន្លឺពណ៌ខៀវចេញពីអេក្រង់ឧបករណ៍អេឡិចត្រូនិច ដូចជា ទូរស័ព្ទ ទូរទស្សន៍ ថាប្លេត និង កុំព្យូទ័រ អាចធ្វើឱ្យលែងងងុយ។ ដូចនេះ ត្រូវនៅឱ្យឆ្ងាយពីឧបករណ៍ទាំងនេះហោចណាស់ ១ ម៉ោងមុនពេលចូលគេង។
៤. រៀបចំសម្រាប់ថ្ងៃបន្ទាប់៖ រៀបចំរបស់របរសម្រាប់ថ្ងៃស្អែកឱ្យរួចរាល់ មិនថាសម្លៀកបំពាក់ កាបូបធ្វើការ រួមទាំងគិតគូរឱ្យហើយនូវអាហារសម្រាប់ពេលថ្ងៃត្រង់។ ការធ្វើដូចនេះ ជួយសន្សំសំចៃពេលនៅពេលភ្ញាក់ឡើង ម្យ៉ាងវានឹងមិននាំឱ្យឆោឡោពេលរៀបចំខ្លួន ក៏ដូចជាភ្លេចនេះភ្លេចនោះពេលទៅដល់កន្លែងធ្វើការ។
៥. ដាក់ម៉ោងរោទ៍៖ ទម្លាប់ដាក់ម៉ោងរោទ៍ត្រឹមតែពីរដង មួយជាម៉ោងដាស់ និង មួយទៀតជាម៉ោងក្រើនរម្លឹក។ កាលណាដាក់តែពីរដង វាជួយបង្ខំឱ្យឆាប់ក្រោក ហើយក៏បង្ខំឱ្យឆាប់រៀបចំខ្លួន។
៦. ជៀសវាងផឹកកាហ្វេ និង ញុំាអាហារពិបាករំលាយ ៖ ការផឹកកាហ្វេមុនពេលចូលគេង និង ញុំាអាហារដែលពិបាករំលាយដូចជា ប៊ឺហ្គឺរ ភីហ្សា ឬនំប៉័ង សុទ្ធតែរំខានដល់ការគេង។
៧. ធ្វើឱ្យបន្ទប់មានផាសុកភាព៖ ត្រូវប្រាកដថាបន្ទប់គេងរបស់អ្នកស្ងប់ស្ងាត់ ងងឹង និងបរិយាកាសល្អ។ កាលណាបន្ទប់គេងមានផាសុកភាព វាជួយឱ្យការគេងឆាប់លក់ ហើយភ្ញាក់ឡើងមកមានអារម្មណ៍ស្រស់ស្រាយ។
៨. ផឹកទឹកឱ្យបានច្រើន៖ អំឡុងពេលថ្ងៃត្រូវផឹកទឹកឱ្យបានច្រើន ប៉ុន្តែមុនពេលចូលគេង ត្រូវផ្អាកផឹកទឹកហោចណាស់ពីរម៉ោងមុនដំណេក ដើម្បីជៀសវាងក្រោកនោមនៅពេលយប់។ ការក្រោកនោមអាចធ្វើឱ្យលែងងងុយផងដែរ។
៩. ហាត់ប្រាណជាប្រចាំ៖ មិនថារវល់ប៉ុនណា អ្នកគួរឆ្លៀតធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ តែត្រូវជៀសវាងការធ្វើលំហាត់ប្រាណបែបខ្លាំងៗនៅកៀកម៉ោងចូលគេង។
១០. ជៀសវាងគេងថ្ងៃជ្រុល៖ បើល្វើយខ្លាំង អ្នកអាចទម្រេតខ្លួនបិទភ្នែកមួយស្រលេត តែកុំសំងំយូររហូតច្រើនម៉ោង ព្រោះវាអាចបណ្តាលឱ្យលែងងងុយនៅពេលយប់៕