៥ យ៉ាង បង្ហាញថាបុគ្គលិកចូលចិត្តកុម្ម៉ង់អីវ៉ាន់អនឡាញក្នុងម៉ោងធ្វើការ មានភាពវ័យឆ្លាតខ្ពស់
កន្លែងធ្វើការមានភាពចម្រុះទៅដោយបុគ្គលិកច្រើនបែប ដែលមកពីមជ្ឈដា្ឋនផ្សេងៗគ្នា។ ក្នុងម៉ោងធ្វើការ បុគ្គលិកមួយចំនួន ពួកគេបានឆ្លៀតពេលធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ រួមទាំងរឿងមួយចំនួនដែលមិនពាក់ព័ន្ធនឹងការងារ តែវាជាចំណូលចិត្តរបស់ពួកគេ។ ជាក់ស្តែង ចំពោះបុគ្គលិកចូលចិត្តធ្វើការបណ្តើរ និង ឆ្លៀតកុម្ម៉ង់អីវ៉ាន់អនឡាញបណ្តើរ ពួកគេត្រូវបានចាត់ទុកជាមនុស្សឆ្លាតវៃ ដែលអាចធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ។ ខាងក្រោមនេះ ជាចំណុច ៥ យ៉ាងដែលបង្ហាញថាពួកគេមានភាពវ័យឆ្លាតខ្ពស់។
១. សមត្ថភាពពហុជំនាញ៖ ពួកគេមានសមត្ថភាពអាចធ្វើការច្រើនមុខក្នុងពេលតែមួយ។ មានន័យថាពួកគេចេះបែងចែក រវាងទំនួលខុសត្រូវលើការងារ និង រឿងផ្ទាល់ខ្លួនដូចជាការឆ្លៀតពេលកុម្មង់ទិញទំនិញនេះឯង។ ដូច្នេះ បើមានការងារផ្សេងៗចូលមកក្នុងពេលតែមួយ នេះជាសមត្ថភាពខ្លាំងដែលពួកគេអាចធ្វើបាន។
២. ចេះផ្តល់ភាពសំខាន់ចម្បង៖ ពួកគេដឹងនូវអ្វីដែលជាភាពសំខាន់ ដោយប្រាកដថាការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ និង ប្រាកដថាមិនប៉ះពាល់គ្នា។ ពួកគេចេះគ្រប់គ្រងពេលវេលាបានល្អ និង មានជំនាញលើការផ្តល់ភាពសំខាន់។
៣. សម្រេចចិត្តរហ័ស៖ ការទិញទំនិញអនឡាញរមែងតម្រូវទិញឱ្យទាន់ការបញ្ចុះតម្លៃ និង ស្តុកដែលមានចំនួនកំណត់។ ជំនាញនេះអាចយកមកប្រើនៅកន្លែងធ្វើការ ដោយពួកគេនឹងធ្វើការងាររហ័ស ហើយថែមទាំងអាចធ្វើការសម្រេចចិត្តលឿនក្នុងករណីចាំបាច់បន្ទាន់ណាមួយ។
៤. ប្រសិទ្ធភាព៖ ពួកគេបំពេញការងារលឿន និង ប្រកបដោយប្រសិទ្ធភាព។ ពួកគេគិតថា កាលណាបំពេញការងាររួចរាល់ទាន់ពេល ពួកគេអាចមានពេលដើម្បីធ្វើរឿងផ្ទាល់ខ្លួន ឬធ្វើការងារណាមួយបន្ថែមទៀត។
៥. ចេះគ្រប់គ្រងស្ត្រេស៖ ការទិញទំនិញអនឡាញអាចជាផ្នែកមួយជួយកាត់បន្ថយស្ត្រេសបានយ៉ាងឆាប់រហ័ស។ ដូច្នេះបន្ទាប់ពីកាត់ស្ត្រេស ពួកគេនឹងត្រលប់មកធ្វើការប្រកបដោយផលិតភាព និង ផ្តោតការយកចិត្តទុកដាក់បានល្អ៕