នារីៗបើមាន ៦ យ៉ាងនេះបន្ថែមពីលើភាពស្រស់ស្អាត គឺកាន់តែទាក់ទាញក្នុងខ្សែភ្នែកមនុស្សជុំវិញខ្លួន
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នរណាៗក៏ចង់ក្លាយជាបុគ្គលដែលមានភាពទាក់ទាញដែរ មិនថាបុរស ឬ នារី។ ក្នុងនោះភាពទាក់ទាញរបស់មនុស្សស្រី គឺមិនត្រឹមតែកើតចេញពីសម្រស់ខាងក្រៅតែមួយមុខប៉ុណ្ណោះទេ តែក៏កើតចេញតាមរយៈចិត្តគំនិតដ៏ស្រស់បំព្រងរបស់គេផងដែរ។
ថ្ងៃនេះផងដែរ យើងសូមលើកយកនូវ អាថ៌កំបាំង ៦ យ៉ាង ដែលធ្វើឱ្យមនុស្សស្រីកាន់តែទាក់ទាញ និង គួរឱ្យស្រឡាញ់ ក្នុងខ្សែភ្នែកមនុស្សគ្រប់គ្នា ដែលមានដូចជា ៖
១. គោរព ឱ្យតម្លៃមនុស្សជុំវិញខ្លួន
មនុស្សស្រីកាន់តែមានភាពទាក់ទាញ នៅពេលដែលនាងចេះពីរបៀបគោរព និង ឱ្យតម្លៃដល់អ្នកដទៃ។ ការគោរពសរសើរ ឱ្យតម្លៃមនុស្សជុំវិញខ្លួន ជាការប្រើចក្ខុវិស័យមើលឃើញភាពស្រស់ស្អាត និង ភាពល្អនៅក្នុងខ្លួនអ្នកដទៃ ហើយផ្តល់ការគោរព ឱ្យតម្លៃទៅដល់ពួកគេ។ ពិតណាស់ ប្រសិនបើអ្នកគោរព ឱ្យតម្លៃអ្នកដទៃ ធ្វើឱ្យពួកគេសប្បាយចិត្ត ពួកគេនឹងតែងតែចង់នៅក្បែរអ្នក និង ធ្វើជាមិត្តជាមួយអ្នក។
២. តែងតែញញឹមដាក់មនុស្សគ្រប់គ្នា
ស្នាមញញឹមគឺជាចំណុចលេចធ្លោ ដែលបង្កើតភាពទាក់ទាញរបស់ស្ត្រី។ ស្នាមញញឹមនឹងជួយឱ្យអ្នកមើលទៅស្អាតជាងវ័យ ក្មេងជាងវ័យ ហើយនៅពេលជាមួយគ្នានោះ វាក៏ជាចំណុចបញ្ចេញភាពទាក់ទាញរបស់មនុស្សស្រី។ នៅពេលអ្នកញញឹម មិនត្រឹមតែអ្នកសប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ផ្តល់បរិយាកាសរីករាយ និង ថាមពលដល់អ្នកដទៃផងដែរ។ ដូច្នេះ ចូរទុកកង្វល់ដែលមិនចាំបាច់ រៀនរស់នៅដោយវិជ្ជមាន ហើយញញឹមឱ្យភ្លឺស្វាងជានិច្ច។
៣. ចេះសរសើរដោយស្មោះ
ជាការពិតណាស់ អ្នកណាក៏ចង់ទទួលបានការសរសើរ។ ដូច្នេះ ចូរយកចិត្តទុកដាក់ និង ផ្តល់ការសរសើរដោយស្មោះដល់មនុស្សជុំវិញខ្លួន ដើម្បីឱ្យពួកគេដឹងថាអ្នកចូលចិត្តអ្វីអំពីពួកគេ។ ពេលយើងសរសើរអ្នកណាម្នាក់ វាមិនត្រឹមតែនាំមកនូវភាពរីករាយដល់អ្នកនោះទេ។ ប៉ុន្តែយើងក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ជាមួយគ្នានេះ ទំនាក់ទំនងរបស់អ្នកក៏កាន់តែប្រសើរឡើងផងដែរ។
៤. ចងចាំឈ្មោះមនុស្សដែលជួប
ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ការចងចាំឈ្មោះអ្នកស្គាល់គ្នាថ្មី គឺមានសារសំខាន់ណាស់ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាសំខាន់ មានអារម្មណ៍ថាអ្នកបានផ្ដល់ការគោរពរាប់អានចំពោះពួកគេ។ ការចងចាំឈ្មោះមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវាក៏ជាអាថ៌កំបាំងមួយ ក្នុងការក្លាយជានារីដែលមានភាពទាក់ទាញ។
៥. ចេះទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន
គ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះទេ ហើយមិនមែនស្ត្រីគ្រប់រូបកើតមកមានមុខស្អាត ភ្នែកភ្លឺ ឬរាងស្អាតស្រាប់នោះដែរ។ វាជារឿងល្អក្នុងការទទួលយកអ្វីដែលខ្លួនមាន ព្រោះថាស្ត្រីដែលទាក់ទាញបំផុត គឺអ្នកដែលស្គាល់ពីតម្លៃខ្លួនឯងច្បាស់។ ពួកគេជាមនុស្សដែលមិនប៉ះពាល់អារម្មណ៍ ដោយសារមតិយោបល់អ្នកជុំវិញខ្លួនពួកគេទេ ព្រោះគេជាអ្នកដែលយល់ចិត្តខ្លួនឯងបានល្អបំផុត។ ជាទូទៅ ពួកគេនឹងមានភាពជឿជាក់ខ្លាំងមិនថាពួកគេនៅទីណានោះទេ ហើយនោះគឺជាភាពទាក់ទាញយ៉ាងខ្លាំងទៅកាន់បុរស។
៦. ជាមនុស្សឯករាជ្យ មានទំនុកចិត្ត
ស្ត្រីឯករាជ្យ និង រឹងមាំ តែងតែទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជាច្រើន។ ពេលមានស្នេហា បុរសតែងតែសន្យាថានឹងមើលថែមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែក្នុងនាមជាស្ត្រី អ្នកត្រូវមានគំនិត និង គោលដៅស្រលាញ់ខ្លួនឯងឱ្យអស់ពីចិត្ត ហើយបង្ហាញពីភាពរឹងមាំ និង ឯករាជ្យរបស់អ្នក ទាំងផ្លូវចិត្ត និង ផ្លូវកាយ៕
ប្រភព ៖ Phunutoday