បុគ្គលិកឆ្កួត ៣ ប្រភេទ ក្រុមហ៊ុនទុកចំណេញខ្លាំង បើដកចេញដឹងតែខកបំណង
បុគ្គលិកម្នាក់ៗមានលក្ខណៈពិសេសរៀងៗខ្លួន។ ជាក់ស្តែង ចំពោះ បុគ្គលិកឆ្កួត យើងចង់សំដៅដល់បុគ្គលិកដែលមានគុណភាពពិសេសប្លែកគេ ដោយពួកគេមានទេពកោសល្យ និង សមត្ថភាពអាចជួយជំរុញឱ្យក្រុមហ៊ុន ឬ ស្ថាប័នមានភាពរីកចម្រើនបាន។ បុគ្គលិកឆ្កួតទាំង ៣ ប្រភេទមានដូចជា៖
១. បុគ្គលិកឆ្កួតនឹងភាពច្នៃប្រតិដ្ឋ
បុគ្គលិកប្រភេទនេះតែងតែមានគំនិតថ្មីៗ ពួកគេរមែងតែងគិតលើសពីជ្រុងម្ខាង។ ពួកគេដោះស្រាយបញ្ហាដោយប្រើមុំមួយដោយឡែក និង មកជាមួយដំណោះស្រាយបែបច្នៃប្រតិដ្ឋ ដែលពេលខ្លះយើងស្ទើរតែមិននឹកស្មានដល់។ ពួកគេបង្កើតការគិតដែលអាចដឹកនាំអ្វីដែលថ្មីដូចជា ផលិតផល សេវាកម្ម ឬប្រសិទ្ធភាពដំណើរការផ្សេងៗ ដែលអាចធ្វើឱ្យក្រុមហ៊ុនរីកចម្រើន ជាពិសេស បត់បែនទៅតាមការប្រកួតប្រជែងនៅលើទីផ្សារ។
២. បុគ្គលិកឆ្កួតនឹងការប្រថុយ
អ្នកដែលហ៊ានប្រថុយជាមនុស្សម្នាក់ដែលមិនខ្លាចការបោះជំហាន ឬ ប្រជែងស្ថានភាពបច្ចុប្បន្ន។ បុគ្គលិកប្រភេទនេះមានឆន្ទៈក្នុងការពិសោធយុទ្ធសាស្ត្រថ្មីៗ ដើម្បីចូលទៅក្នុងទីផ្សារសម័យទំនើប ឬបច្ចេកវិទ្យាចុងក្រោយ។ ខណៈពេលខ្លះពួកគេធ្វើទៅហាក់ប្រថុយប្រថាន ប៉ុន្តែការសម្រេចចិត្តដ៏មុតមាំរបស់ពួកគេ អាចជាលទ្ធផលនៃចំណូលធំ ធ្វើឱ្យក្រុមហ៊ុនឈានមុខគេ។
៣. បុគ្គលិកឆ្កួតនឹងបដិវត្ត
អ្វីៗត្រូវតែអភិវឌ្ឍន៍ទៅមុខជានិច្ច។ ពេលខ្លះទម្លាប់ចាស់អាចធ្វើឱ្យក្រុមហ៊ុននៅនឹងទ្រឹងដដែល។ ការមានបុគ្គលិកដែលមិនខ្លាចក្នុងការនិយាយប្រឆាំងដើម្បីការប្រែប្រួល អាចឱ្យពួកគេនាំយកទស្សនៈថ្មីៗ និង ការប្រកួតប្រជែងថ្មីៗមកកាន់ក្រុមហ៊ុន។ បុគ្គលិកប្រភេទនេះអាចរុញច្រានឱ្យក្រុមហ៊ុនមានសក្តានុពលឡើង និង ការគិតឆ្ពោះទៅមុខជានិច្ច។ ពួកគេនឹងលើកកម្ពស់វប្បធម៌ការងារឱ្យមានភាពបត់បែន និង រីកចម្រើន ដែលនេះជាភាពសំខាន់មួយសម្រាប់ភាពជោគជ័យរយៈពេលវែង៕