លក្ខណៈពិសេស ៥ យ៉ាង របស់យុវវ័យ Gen Z ក្រុមហ៊ុនគួរទទួលយកធ្វើបុគ្គលិក ទោះពួកគេមិនទាន់មានបទពិសោធក្ដី
មនុស្សជំនាន់ Gen Z ឬ Generation Z សំដៅដល់អ្នកកើតចាប់ពីឆ្នាំ ១៩៩៧-២០១២ បើគិតជាអាយុ មានចន្លោះពី ១២ ឆ្នាំ ដល់ ២៧ ឆ្នាំ។ បើចំពោះវ័យអ្នកចូលធ្វើការ ភាគច្រើនអាចចាប់ពី ២០ ឆ្នាំឡើងទៅ។ យុវវ័យជំនាន់ Gen Z កើតក្នុងសម័យបច្ចេកវិទ្យា រាល់អ្វីៗសុទ្ធតែទំនើប និង មានការអភិវឌ្ឍន៍ខ្ពស់។ ពួកគេជាមនុស្សប្រកបដោយថាមពល មានគំនិតច្នៃប្រតិដ្ឋ និង ពហុជំនាញ។ ទាំងនេះជាលក្ខណៈពិសេស ៥ យ៉ាង ក្រុមហ៊ុនគួរទទួលយកធនធាន Gen Z ជាបុគ្គលិក បើទោះពួកគេមិនទាន់មានបទពិសោធពេញលេញក្តី។
១. ឆ្លាតខាងបច្ចេកវិទ្យា
យុវវ័យជំនាន់ Gen Z ធំឡើងជាមួយបច្ចេកវិទ្យា និង ការយល់ដឹងខ្ពស់ពីការប្រើប្រាស់ឧបករណ៍ឌីជីថល បណ្តាញសង្គម និង កម្មវិធី App ផ្សេងៗ។ ដោយសារឆ្លាតខាងបច្ចេកវិទ្យា ពួកគេអាចជាផ្នែកមួយជំរុញឱ្យក្រុមហ៊ុនមានភាពច្នៃប្រតិដ្ឋ និង រហ័សរហួសខ្លាំងនៅក្នុងទីផ្សារឌីជីថល។
២. ចេះលឿន ពូកែបត់បែន
ក្មេងៗជំនាន់ Gen Z ខួរក្បាលឆ្លាតណាស់ រៀនអ្វីក៏ឆាប់ចេះ ហើយបត់បែនរហ័សទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន។ ពួកគេមានបទពិសោធនៅក្នុងសង្គមច្រើន និង តាមទាន់ការផ្លាស់ប្តូររបស់បច្ចេកវិទ្យា។ អាចថានេះជាសមត្ថភាពខ្ពស់មួយ ដែលពួកគេអាចយកមកប្រើប្រាស់ សម្រួលប្រព័ន្ធថ្មីៗនៅក្នុងក្រុមហ៊ុន គ្រប់គ្រងដំណើរការការងារ ឬតួនាទីនៅក្នុងក្រុមហ៊ុនជាដើម។
៣. ដោះស្រាយបញ្ហាបែបច្នៃប្រតិដ្ឋ
យុវវ័យជំនាន់នេះមានការគិតដោយឡែក ឬលើសពីជ្រុងម្ខាង សំខាន់មានគំនិតច្នៃប្រតិដ្ឋមិនចេះចប់។ នេះក៏ដោយសារពួកគេបានយល់ដឹងច្រើនអំពីវប្បធម៌ចម្រុះ និង គំនិតផ្សេងៗនៅលើប្រព័ន្ធអនឡាញ។ រាល់ពេលមានបញ្ហា ពួកគេនឹងប្រើប្រាស់ការយល់ដឹងទាំងនេះ ដើម្បីដោះស្រាយ ព្រមជាមួយទស្សនៈថ្មីបែបច្នៃប្រតិដ្ឋបំផុត។
៤. មានមហិច្ឆតាសម្រាប់គោលបំណង
យុវវ័យ Gen Z ភាគច្រើនធ្វើការទាំងកម្លាំងកាយកម្លាំងចិត្ត មិនដើម្បីតែប្រាក់ខែមួយមុខប៉ុណ្ណោះទេ ពួកគេធ្វើឡើងផ្តល់ភាពសំខាន់ចំពោះក្រុមហ៊ុន រួមជាមួយគោលបំណងសម្រេចគោលដៅ និង តម្លៃនៃការប្រឹងប្រែងរបស់ពួកគេ។ ការប្តេជ្ញានេះ អាចធ្វើឱ្យការងារឆ្ពោះទៅរកប្រសិទ្ធភាពខ្ពស់ និង ជំរុញទឹកចិត្ត ថ្វីបើពួកគេកង្វះបទពិសោធក៏ដោយ។ នេះក៏ជាហេតុផលមួយ ដែលក្រុមហ៊ុនគួរពិចារណាផ្តល់ជារង្វាន់ ការកោតសរសើរ ដំឡើងតួនាទី ឬដំឡើងប្រាក់ខែ នៅពេលការខិតខំប្រឹងប្រែងរបស់ពួកគេចបានសម្រេច។
៥. ជំនាញធ្វើការជាក្រុម
យុវវ័យ Gen Z ឱ្យតម្លៃទៅលើការធ្វើការជាក្រុម និង បើកចិត្តក្នុងការទំនាក់ទំនង។ ទាំងរបៀបទំនាក់ទំនងធ្វើការតាមអនឡាញ និង ជួបផ្ទាល់ ពួកគេ អាចជំរុញឱ្យការធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព។ សូម្បីពេលធ្វើការពីចម្ងាយ ពួកគេនៅតែឆ្លាតវៃអាចដំណើរការវាទៅដោយរលូន និង មានប្រសិទ្ធភាពតាមបច្ចេកវិទ្យាទំនើប៕