ចង់ប្រជុំមានប្រសិទ្ធភាព ជៀសវាងការប្រជុំ ៥ យ៉ាងនេះ ស្តាប់ហើយធុញ ខាតពេល និង មិនសូវបានការ
រាល់ពេលមានការឬបញ្ហា ការប្រជុំជាផ្នែកមួយសំខាន់មិនអាចខ្វះបាន។ តែយ៉ាងណាមិញ ការប្រជុំមួយចំនួន ហាក់ធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍ឆាប់ធុញ និង គិតថាអត់ប្រយោជន៍ទៅវិញ។ ហេតុផលអាចមកពីកត្តាច្រើនយ៉ាង ដែលក្នុងនោះយើងសូមលើកពីការប្រជុំចំនួន ៥ បើមិនចាំបាច់ គួរកុំបង្កើតវាឡើង។
១. ប្រជុំផ្តល់ព័ត៌មានទូទៅ ៖ ការប្រជុំនេះទាក់ទិននឹងការចែករំលែកអំពីស្ថានភាព ដែលជាទូទៅវាងាយស្រួលធ្វើឡើងតាមរយៈអ៊ីម៉ែលឬតាមប្រព័ន្ធឆាតផ្សេងៗ ខណៈដែលការប្រជុំដោះស្រាយបញ្ហាឬបង្កើតការសម្រេចចិត្តណាមួយ ទើបជាការចាំបាច់ជាង។ ការប្រជុំនេះអាចធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍ខ្ជះខ្ជាយពេលវេលា។
២. ប្រជុំគ្មានគំនិតច្បាស់លាស់ ៖ ខណៈការបំផុសគំនិតឬ brainstorm ជាផ្នែកមួយដ៏សំខាន់ ការប្រជុំដែលមិនមានគោដៅឬគំនិតច្បាស់លាស់ អាចធ្វើឱ្យការប្រជុំរកមិនឃើញចំណុចសំខាន់ រីឯចូលរួមនឹងមានអារម្មណ៍ខកចិត្ត។
៣. ប្រជុំញឹកញាប់ពេក ៖ ប្រជុំប្រចាំថ្ងៃញឹកញាប់ពេក អាចធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍មិនបានការ មិនចាំបាច់ និង ខ្ជះខ្ជាយពេលវេលា។ ជាពិសេស ការងារខ្លះភ្លាមៗទើបតែនិយាយគ្នាមិនបានប៉ុន្មាន ក៏ចាប់ផ្តើមប្រជុំម្តងទៀត។
៤. ប្រជុំគ្មានរបៀបវារៈ ៖ ការប្រជុំនេះច្រើនធ្វើឱ្យអ្នកចូលរួមខ្វះការផ្តោតអារម្មណ៍។ វាអាចធ្វើឱ្យការពិភាក្សាស្រពេចស្រពិល និង ខាតពេលវេលា។ ជួនពេលប្រជុំចប់ អ្នកចូលរួមមិនដឹងថាការប្រជុំនេះចង់និយាយពីអ្វីឱ្យប្រាកដ។
៥. ធ្វើបទបង្ហាញយូរពេក៖ ការធ្វើបទបង្ហាញពី Slide មួយទៅ Slide មួយយូរពេក អាចធ្វើឱ្យអ្នកចូលរួមលែងចាប់អារម្មណ៍ និង ធុញទ្រាន់។ បើអាចផ្តល់ការបង្ហាញបែបខ្លី មានន័យ និង ស្រួលយល់ ជាជាងរ៉ាយរ៉ាប់យូរម៉ោង៕