មានសង្សារជាអ្នករកស៊ី និង ជាបុគ្គលិកអូហ្វីស មួយណាល្អជាង? នេះជាចម្លើយ
ជាការពិតដែលបុរសជាអ្នករកស៊ី និង ជាបុគ្គលិកក្រុមហ៊ុនមានស្ថានភាពខុសគ្នា។ ចុះរវាងអ្នកទាំងពីរ បើយកជាសង្សារឬគូស្នេហ៍ តើមួយណាជាជម្រើសល្អ? អ្វីៗតែងមានគុណសម្បត្តិ និង គុណវិបត្តិ ដូច្នេះអ្នកអាចពិចារណា ដោយផ្អែកលើចំណុចមួយចំនួនខាងក្រោម។
សង្សារជាបុគ្គលិកអូហ្វីស៖
- ស្ថិរភាព និង ជាប្រចាំ៖ អ្នកធ្វើការអូហ្វីសជាធម្មតាអាចព្យាករទៅលើប្រាក់ចំណូល និង ម៉ោងការងារ។ ពួកគេអាចដឹងពីស្ថិរភាពផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ និង ក្នុងទំនាក់ទំនងស្នេហា។
- បែងចែកពេលវេលា៖ ពួកគេអាចរីករាយនឹងការបែងចែកពេលវេលាបានល្អ រវាងការងារ និង ស្នេហា។ និយាយឱ្យចំ ងាយស្រួលក្នុងការរៀបចំពេលវេលាផ្ទាល់ខ្លួន។
- អភិវឌ្ឍន៍អាជីព៖ អ្នកធ្វើការអូហ្វីសអាចរីកចម្រើនទៅតាមការឡើងមុខតំណែង និង ប្រាក់ខែ ប៉ុន្តែវាមិនរំភើបខ្លាំងដូចជាអ្នកជំនួញ ដែលពេលជោគជ័យ ពួកគេអាចរកលុយបានច្រើនក្រាស់ក្រែល ហើយមោទកភាពចំពោះការប្រឹងប្រែងដោយខ្លួនឯង។
សង្សារជាអ្នករកស៊ី៖
- ចេះបត់បែន និង មានចក្ខុវិស័យ៖ អ្នករកស៊ីអាចបត់បែនពេលវេលា តែមិនប្រាកដថាមានពេលទំនេរគ្រប់ពេល។ ការគិតរបស់ពួកគេទូលំទូលាយ។ ជាធម្មតាពួកគេជាមនុស្សមានមហិច្ឆតាកសាងអ្វីដោយខ្លួនឯង និង មានគំនិតច្នៃប្រតិដ្ឋខ្ពស់។
- ការប្រថុយប្រថាន៖ ជារឿយៗអ្នករកស៊ីតែងប្រឈមហិរញ្ញវត្ថុចុះ និង ឡើង។ បើនៅជាមួយគេ ត្រូវត្រៀមខ្លួនធ្វើជាអ្នកអបអរនៅពេលគេជោគជ័យ និង លើកទឹកចិត្តនៅពេលបរាជ័យ។
- ពេលវេលា៖ ការរកស៊ីមិនគិតពីពេលវេលាឬម៉ោងកំណត់ដូចអ្នកធ្វើការឡើយ។ ដូច្នេះពួកគេមានពេលតិចតួចសម្រាប់ទំនាក់ទំនងស្នេហា។ តែបើគេស្រលាញ់អ្នកពិតប្រាកដ គេនឹងប្រើពេលវេលាតិចតួចឱ្យមានតម្លៃបំផុតជាមួយអ្នក៕