ប្រុសៗវ័យ ៣០ ឆ្នាំប្លាយ មុនបើកបេះដូងត្រូវគិតសិន កុំគេស្រឡាញ់ច្រើនគិតថាខ្លួនសង្ហាមានមន្តស្នេហ៍ វ័យនេះវ័យគេបោកទេ
ប្រុសៗឈានដល់វ័យ ៣០ ឆ្នាំក្រាស់ហើយ ត្រូវគិតឱ្យមែនទែនក្នុងរឿងស្នេហា ព្រោះវ័យនេះភាគច្រើនងាយប្រឈមគេបោកចិត្ត យកតែប្រយោជន៍ប៉ុណ្ណោះ។ ដូច្នេះបើចង់បើកបេះដូងរកមនុស្សច្បាស់លាស់ អ្នកគួរគិតគូរទៅលើចំណុច ៥ យ៉ាងនេះសិន។
១. មានគោលដៅដូចគ្នា ៖ ឈានមកដល់វ័យនេះ ពេលបើកបេះដូងជាមួយនរណាម្នាក់ ត្រូវប្រាកដថា អ្នក និង ដៃគូ មានគោលដៅដូចគ្នាមិនថា គម្រោងជីវិតគូ អាជីព ឬ អាជីវកម្ម និង របៀបរស់នៅ។
២. មិនជាប់ពាក់ព័ន្ធរឿងចាស់ ៖ អ្នកទាំងពីរត្រូវប្រាកដខ្លួនឯងថា មិនមានពាក់ព័ន្ធជាមួយអ្នកចាស់ និយាយរួមដាច់ស្រឡះខ្លួនមួយ ឬ រឿងរ៉ាវចាស់ៗទាំងប៉ុន្មានត្រូវបានដោះស្រាយរួចរាល់។
៣. បើកចិត្តនិយាយ ៖ បើកចិត្តសន្ទនាគ្នាអំពីអារម្មណ៍ តម្រូវការ ភាពភ័យខ្លាច និង ការមិនពេញចិត្តផ្សេងៗ ដើម្បីជៀសវាងការមិនយល់ពីគ្នាទៅវិញទៅមក។ កាលណាយល់ពីគ្នាច្បាស់ វាអាចបញ្ចៀសពីការបង្កជម្លោះ ឬ ខឹងដោយមិនដឹងមូលហេតុ។
៤. កុំសម្រេចចិត្តរហ័សពេក ៖ មិនថាអ្នកពេញចិត្តគេខ្លាំងប៉ុនណា ចាំបាច់ណាស់អ្នកត្រូវព្យាយាមចំណាយពេល ស្វែងយល់ពីគេឱ្យបានច្រើនជាមុនសិន។ ទំនុកចិត្តត្រូវកសាងឡើងពី ០ ដល់ ១០០ មិនមែនភ្លាម ១០០ លុះក្រោយមកធ្លាក់ដល់ ០ នោះទេ។
៥. សម្គាល់ភាពមិនចុះសម្រុង ៖ រាប់តាំងពីអាកប្បកិរិយា ការនិយាយស្តី ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ ទម្លាប់រស់នៅ និង ការគោរព ជាដើម។ បើមើលទៅមានចំណុចមិនចុះសម្រុងគ្នាច្រើន អ្នកគួរគិតគូរឡើងវិញ។ បទពិសោធច្រើនកន្លងមក គូស្នេហ៍ភាគច្រើនបែកគ្នាក៏ដោយសារតែចំណុចនេះ។
នេះគ្រាន់តែជាបទពិសោធមួយប៉ុណ្ណោះ សម្រាប់បុរសៗដែលឈានចូលដល់វ័យ ៣០ ប្លាយត្រូវគិតពិចារណាឱ្យច្បាស់លាស់ ព្រោះពេលខ្លះអ្នកចូលមករកយើងមិនប្រាកដថាជាក្ដីស្នេហ៍ស្ម័គ្រស្មោះចិត្ត និង ចិត្តឡើយ គេអាចសម្លឹងឃើញពីផលប្រយោជន៍ច្រើនជាង។ ដូចនេះ កុំគិតថាវ័យ ៣០ ប្លាយ ជាវ័យកំពុងពេញសង្ហា និង មានមន្តស្នេហ៍ ឃើញក្មេងៗស្អាតៗមកលែបខាយមានមោទកភាព ហើយក៏បើកបេះដូងឱ្យគេភ្លាមនោះ ត្រូវចាំថាពេលខ្លះវ័យនេះគឺជាវ័យគេកំពុងពេញបោកហើយ៕