បើច្បាស់លាស់ ភ្ជុំនេះនាំគេទៅស្គាល់ប៉ាម៉ាក់នៅស្រុកផង តែកុំភ្លេចត្រៀមខ្លួន ៥ យ៉ាងនេះ ប្រយ័ត្នអ្នកផ្ទះឆោឡោ
មកដល់បុណ្យភ្ជុំបិណ្ឌ ជាពេលដែលគ្រួសារតែងជួបជុំគ្នានៅស្រុកកំណើត។ នេះជាឱកាសល្អ បើអ្នកមានដៃគូ ឬ គូស្នេហ៍ច្បាស់លាស់ មានគម្រោងអនាគតជាមួយគ្នា អ្នកគួរឆ្លៀតពេលណែនាំទៅកាន់ឪពុកម្តាយ ក៏ដូចជាបងប្អូនញាតិមិត្តឱ្យហើយ។ ដើម្បីឱ្យការណែនាំប្រកបទៅដោយរលូន អ្នកគួរគប្បីត្រៀមខ្លួនធ្វើរៀង ៥ យ៉ាងនេះឱ្យរួចរាល់ជាមុនសិន។
១. ឱ្យដៃគូត្រៀមខ្លួន
ត្រូវប្រាប់ដៃគូរបស់អ្នកអំពីទម្លាប់ ឬ ប្រពៃណីនៃគ្រួសាររបស់អ្នក ដើម្បីឱ្យដៃគូត្រៀមខ្លួនរួចរាល់ចំពោះការគោរព និង របៀបដាក់ខ្លួនឱ្យចុះចំណោម។ សំខាន់ឱ្យដៃគូយល់ពីរបៀបគោរពមនុស្សចាស់ជាងខ្លួន ទៅតាមទម្លាប់គ្រួសារ ដូចជាការឱនលំទោន ឬ លើកដៃជម្រាបសួរពេលជួបមុខ ជាដើម។
២. ឱ្យគ្រួសារអ្នកត្រៀមខ្លួន
មុនពេលទៅ ត្រូវផ្តល់ដំណឹងទៅកាន់ក្រុមគ្រួសាររបស់អ្នក ដែលអ្នកនឹងនាំដៃគូទៅលេង។ ធ្វើដូចនេះដើម្បីឱ្យគ្រួសារអ្នកត្រៀមខ្លួនរួចរាល់ទាំងការរៀបចំផ្ទះ និង ការទទួល។ លើសពីនេះ ប្រាប់គ្រួសារអ្នកខ្លះៗអំពីដៃគូដូចជា ប្រវត្តិ បុគ្គលិកលក្ខណៈ និង អត្តរិត ជាដើម ដើម្បីពេលទៅដល់ គ្រួសារអ្នកនឹងឆាប់យល់ពីគ្នាកាន់តែច្បាស់ជាមួយដៃគូ។
៣. ត្រៀមរបៀបណែនាំទៅកាន់គ្រួសារ
ប្រើការនិយាយបែបគោរព និង ណែនាំដៃគូទៅកាន់គ្រួសារ ដោយលើកឡើងពីចំណុចល្អៗរបស់ដៃគូ និង ហេតុផលដែលអ្នកសម្រេចចិត្តជ្រើសរើសគេ។ ត្រូវចេះបញ្ចុះបញ្ចូលគ្រួសារ ដោយមិននិយាយលើកដៃគូធំជាងគ្រួសារ ឬ គ្រួសារធំជាងដៃគូ។ និយាយរួម ត្រូវនិយាយឱ្យតម្លៃទាំងសងខាង ជាពិសេសប្រាប់ពីចំណុចសំខាន់ដែលដៃគូ និង គ្រួសារ អាចចុះសម្រុងគ្នាបាន។
៤. បង្កើតឱ្យមានភាពស្និទ្ធស្នាល
ពេលដៃគូទៅដល់ស្រុក អ្នកអាចឱ្យគេចូលរួមសកម្មភាពជាមួយគ្រួសារដូចជា ជួយធ្វើម្ហូប ទៅវត្តជាមួយគ្នា និង សកម្មភាពផ្សេងៗនៅរដូវភ្ជុំនេះ។ អ្វីដែលសំខាន់ អ្នកត្រូវប្រាប់ដៃគូអំពីអត្តចរិត ឬ បុគ្គលិកលក្ខណៈនៃសមាជិកគ្រួសារម្នាក់ៗផងដែរ។ ធ្វើដូចនេះអាចឱ្យដៃគូបានត្រៀមខ្លួន និង ដឹងពីរបៀបទំនាក់ទំនងទៅតាមប្រភេទបុគ្គល។ យ៉ាងណាមិញ អ្នកក៏គួរឧស្សាហ៍នៅក្បែរដៃគូ ដើម្បីឱ្យគេមានអារម្មណ៍កក់ក្តៅផងដែរ។
៥. មានរបស់ផ្ញើ
អ្នកដឹងច្បាស់ថាគ្រួសារអ្នកចូលចិត្តអ្វី ដូច្នេះអ្នក និង ដៃគូ គួរត្រៀមរបស់ផ្ញើជាកាដូសម្រាប់ចាស់ៗ ឬ ក្មេងៗប្រសិនបើមាន។ កាដូទោះតិច ឬ ច្រើន ហោចណាស់ក៏ជាការបង្ហាញពីការគោរព និង ឱ្យតម្លៃសម្រាប់មនុស្សជួបគ្នាថ្មីថ្មោង។ ម្យ៉ាងការឱ្យកាដូនេះ ក៏ជាពិន្ទុនាំមុខពេលជួបគ្នាដំបូងផងដែរ៕