បើស្អប់មេចូលចិត្តតឹងតែង សូមគិតឡើងវិញ ធាតុពិតផ្ទុយពីការគិត ដឹងហើយអាចហូរទឹកភ្នែក ជួនកាលស្រលាញ់លើសដើមទៀត
បុគ្គលិកណាដែលមិនខ្លាចមេតឹងតែងនោះ តែបុគ្គលិកមួយចំនួនមិនត្រឹមតែខ្លាចប៉ុណ្ណោះទេ ថែមទាំងកើតចិត្តស្អប់ រហូតមិនទាំងចង់ឃើញមុខទៀត។ ធ្វើជាមេគេមានទំនួលខុសត្រូវច្រើនណាស់ ការតឹងតែងអាចមកពីកត្តាច្រើនយ៉ាង គ្រាន់តែពេលខ្លះ មេរបស់អ្នកមិនចង់បង្ហាញ ឬមិនចង់ឱ្យអ្នកដឹងចិត្តប៉ុណ្ណោះ។ នេះជាហេតុផល ៥ យ៉ាង នៅពីក្រោយមេតឹងតែង អ្នកធ្លាប់ស្អប់អានហើយដឹងតែត្រលប់មកស្រលាញ់លើសដើម។
១. ចង់បានស្តង់ដាដើម្បីជោគជ័យ៖ ជារឿយៗមេដែលតឹងតែង តែងមានការរំពឹងខ្ពស់ ដោយសារពួកគេចង់ឱ្យក្រុមការងារជោគជ័យ។ នៅពីក្រោយអាកប្បកិរិយាដ៏ម៉ឺងម៉ាត់ ពួកគេយកចិត្តទុកដាក់ខ្លាំងចំពោះការរីកចម្រើន ទាំងវិជ្ជាជីវៈរបស់បុគ្គលិក និង ខ្លួនគេផ្ទាល់។
២. ការពារក្រុមការងារ៖ មេដ៏តឹងរឹងអាចអនុវត្តច្បាប់ និង កំណត់ព្រំដែនច្បាស់លាស់ ដើម្បីការពារក្រុមការងារពីបញ្ហា ឬគ្រប់គ្រងសម្ពាធមកពីខាងក្រៅ។ ពួកគេចង់ឱ្យក្រុមការងារល្អបំផុត គ្រាន់តែពេលខ្លះ ពួកគេជាមេមិនចង់បញ្ចេញឱ្យដឹងប៉ុណ្ណោះ។
៣. កាចដើម្បីអភិវឌ្ឍន៍៖ ពួកគេជឿជាក់លើការអភិវឌ្ឍន៍ខ្លួន ទើបជាផ្លូវអាចរីកចម្រើន។ ពួកគេសុខចិត្តឱ្យបុគ្គលិកស្អប់ តែដើម្បីជំរុញឱ្យបុគ្គលិកចាកចេញពីតំបន់សុវត្ថិភាព ទៅប្រយុទ្ធ ទៅសាកល្បងនូវអ្វីដែលថ្មី ដើម្បីបានអភិវឌ្ឍន៍ខ្លួន និង រីកចម្រើន។ និយាយរួម មេរបស់អ្នកចង់ឱ្យអ្នកដឹងអ្វីទៅជាទេពកោសល្យ និង ភាពខ្លាំងរបស់អ្នកខ្លួនឯង។
៤. នៅមុខចិត្តអាក្រក់ ក្រោយខ្នងចិត្តល្អ៖ ខណៈដែលមេមិនបង្ហាញអាកប្បកិរិយាចិត្តល្អនៅចំពោះមុខអ្នក តែនៅក្រោយខ្នង ពួកគេតែងកត់សម្គាល់ភាពសកម្មរបស់អ្នកជានិច្ច។ កាលណាអ្នកសកម្ម ទោះមិនសម្រេចជោគជ័យ ១០០ ភាគរយ មេរបស់អ្នកក៏នឹងយល់ច្បាស់ពីការប្រឹងប្រែង ជួនផ្តល់ជារង្វាន់ ដំឡើងតួនាទី ដំឡើងប្រាក់ខែ ឬផ្តល់ឱកាសផ្សេងៗ។
៥. លើកទឹកចិត្តឱ្យមានវិន័យ និង ទំនួលខុសត្រូវ៖ ទោះតឹងតែងទៅលើចំណុចនេះ តែវាមានប្រយោជន៍សម្រាប់អ្នកទាំងថ្ងៃនេះ និង ទៅថ្ងៃមុខ។ ការតឹងតែងឱ្យមានវិន័យ និង ទំនួលខុសត្រូវ គឺជារបៀបនៃការយកចិត្តទុកដាក់ ដើម្បីរៀបចំក្រុមការងារសម្រាប់ការប្រឈម និង ប្រាកដភាពជោគជ័យរយៈពេលវែង។
និយាយជារួមឱ្យខ្លី មេដែលមើលមកតឹងតែង ភាគច្រើនសុទ្ធតែការខ្វាយខ្វល់ និង យកចិត្តទុកដាក់ចំពោះភាពជោគជ័យ និង ប្រយោជន៍ជារួមជាមួយក្រុមការងារ៕