ឆ្ងល់អត់? អ្នកខ្លះខ្វល់តែរឿងការងារ លែងខ្វល់រឿងស្នេហា ញ៉ែក៏ពិបាក តាមពិតមកពីមូលហេតុនេះ
ធ្វើការបានលុយ ស្នេហាបានក្តីសុខ ចុះហេតុអ្វីមិនជ្រើសយកទាំងពីរទន្ទឹមគ្នា? ជាការពិតណាស់ មានមនុស្សមួយចំនួនបានដាក់ចិត្តផ្តោតចម្បងតែលើការងារ ដោយសារពួកគេមានហេតុផលក្រោយខ្នងរៀងៗខ្លួន។ ដូច្នេះ បើអ្នកចាប់អារម្មណ៍លើបុគ្គលប្រភេទនេះ ញ៉ែដែរ តែមិនបាន វាអាចមកពីកត្តា ៤ យ៉ាងដូចខាងក្រោម៖
១. ផ្តល់ភាពសំខាន់លើអាជីព
មនុស្សខ្លះផ្តោតចម្បងទៅលើគោលដៅអាជីព និង ចង់ផ្តោតភាពជោគជ័យលើអាជីព មុនពេលចាប់ផ្តើមឬបន្តទំនាក់ទំនងស្នេហា។ ពួកគេអាចមានអារម្មណ៍ថា ភាពរ៉ូមែនទិកនៃទំនាក់ទំនងអាចរំខាន ឬបង្អាក់ដល់មហិច្ឆតារបស់ពួកគេ។
២. បទពិសោធចាស់
អ្នកខ្លះធ្លាប់ជួបបទពិសោធចាស់ៗមិនល្អដូចជា៖ បែកបាក់ស្នេហា ឬបរាជ័យក្នុងរឿងស្នេហា ដូច្នេះពួកគេសម្រេចជ្រើសរើសយកការងារជាត្រីមុខ ដើម្បីបញ្ចៀសអារម្មណ៍រងគ្រោះផ្លូវចិត្តឬការខកចិត្ត។
៣. ខ្លាចការទទួលខុសត្រូវ
បុគ្គលមួយចំនួនហាក់ស្ទាក់ស្ទើរក្នុងការចាប់ផ្តើមទំនាក់ទំនង ដោយសារតែខ្លាចមានទំនួលខុសត្រូវច្រើនជាងមុន ឬត្រូវគ្រប់គ្រងទាំងខ្លួនឯងផង និង ដៃគូផង។ ពួកគេគិតថា រឿងស្នេហាធ្វើឱ្យពួកគេរវល់ខ្វាយខ្វល់សឹងតែគ្រប់យ៉ាង។ ជួនអាចស្ត្រេសប៉ះពាល់ដល់អារម្មណ៍ផ្ចង់លើការងារទៀត។
៤. មិនទាន់ដល់ពេល
សម្រាប់ស្នេហា អ្នកខ្លះជឿជាក់ទៅលើពេលមួយដែលត្រឹមត្រូវ ហើយគិតថាបច្ចុប្បន្នផ្តោតតែលើការងារគឺគ្រប់គ្រាន់។ ពួកគេរង់ចាំឱ្យអាជីពការងារមានស្ថិរភាពសិនសឹមចាប់ផ្តើមរឿងស្នេហា៕