ប្រុសៗស្ត្រេសពីកន្លែងធ្វើការ សាកធ្វើរឿង ៥ នេះក្នុងបន្ទប់ទឹក ធានាអារម្មណ៍ស្រស់ស្រាយ គេងលក់ស្រួល
ភាពមមាញឹកនៃការងារ ធ្វើឱ្យអារម្មណ៍ទទួលរងសម្ពាធច្រើន រហូតកើតជាស្ត្រេសរុំារ៉ៃ អាចប៉ះពាល់ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ប្រសិនបើអ្នកឧស្សាហ៍ស្ត្រេសពីកន្លែងធ្វើការ ហើយមិនសូវមានពេលបន្ធូរអារម្មណ៍នៅខាងក្រៅ អ្នកអាចជ្រើសរើសត្រឹមបន្ទប់ទឹក ក៏អាចជាកន្លែងជួយបានច្រើនផងដែរ។ យើងសូមលើកពីតិចនិចបន្ធូរអារម្មណ៍ ៥ ដែលអ្នកអាចអនុវត្តងាយៗនៅក្នុងបន្ទប់ទឹក។
១. ងូតទឹកក្តៅ
ការងូតទឹកក្តៅឧណ្ហៗអាចជួយសម្រួលសាច់ដុំ និង បន្ធូរបន្ថយអារម្មណ៍ស្ត្រេស ធ្វើឱ្យអារម្មណ៍សម្រាក។ បើមានអាងត្រាំទឹក អ្នកអាចបន្ថែមការដាក់ប្រេងក្រអូបប្រហើរ ដូចជាក្លិនស្លឹកគ្រៃ ឬក្លិនឡាវ៉ែនឌ័រ ដែលវាជួយសម្រួលអារម្មណ៍ឆាប់ធូរស្រាល។ ការងូតទឹកយូរជាងសព្វដង ក៏ជួយបង្កើនអារម្មណ៍ស្រស់ថ្លាផងដែរ។
២. ផ្តោតអារម្មណ៍លើរាងកាយ
អំឡុងងូតទឹក ផ្អាកគិតពីការងារ ដោយងាកមកផ្តោតអារម្មណ៍ជាមួយសំឡេងទឹក លំហូរទឹកលើដងខ្លួន និង បង្កើតភាពស្និទ្ធស្នាលជាមួយក្លិនសាប៊ូ និង ផលិតផលផ្សេងៗដែលកំពុងប្រើប្រាស់។ ការធ្វើដូចនេះ វានឹងជួយឱ្យអ្នកភ្លេចការគិត និង រំសាយបានលឿន។
៣. ប្រើផលិតផលសម្រស់
មិនថាបុរសឬស្ត្រី អ្នកគប្បីយកចិត្តទុកដាក់ជាមួយខ្លួនឯង ដោយថែសម្រស់ជាប្រចាំ។ អំឡុងងូតទឹកហោចណាស់ គួរមានបន្ថែមម៉ាសលាបមុខឬស្ក្រាប់ស្បែក ដែលវានឹងបន្តសកម្មភាពងូតទឹករយៈពេលយូរ អារម្មណ៍សម្រាកក៏ទទួលបានកាន់តែច្រើន។ ការចេះថែខ្លួន ក៏ជាចំណែកមួយធ្វើឱ្យយើងមានភាពជឿជាក់ ស្រលាញ់ខ្លួនឯងជាងមុន ព្រមជាមួយការជំរុញចិត្តពីខាងក្នុង។
៤. ដកដង្ហើមវែងៗ
ខណៈបន្ទប់ទឹកជាកន្លែងស្ងប់ស្ងាត់ អ្នកអាចអនុវត្តការដកដង្ហើមចេញចូល វែងៗ យឺតៗ ដូចជាការសមាធិ ដែលវានឹងសម្រួលអារម្មណ៍ឱ្យស្ងប់។
៥. ចាក់តន្ត្រីកំដរ
បង្កើតបរិយាកាសបន្ទប់ទឹកឱ្យរ៉ូមែនទិក ឬរីករាយ ដោយចាក់ចម្រៀងឬភ្លេងកំដរអំឡុងពេលងូតទឹក។ ការងូតទឹកមានចម្រៀង វានឹងបន្លប់អារម្មណ៍ពីការគិត ដោយងាកមករីករាយនឹងការងូតទឹកផង តន្ត្រីផង ដូចជាការកម្សាន្តមួយបែប។ បើថែមពន្លឺភ្លើងទៀន ឬជាទៀនក្រអូបទៀតនោះរឹតតែពិសេស៕