មនុស្សស្រី ពេលបានប្ដីចេះយល់ចិត្តជារឿងមួយ តែបើមានម្តាយក្មេកចិត្តល្អទៀត ជីវិតនឹងមានពន្លឺសុភមង្គលខ្លាំង
ស្ត្រីគ្រប់រូបតែងប្រាថ្នាចង់បានជីវិតគ្រួសារមួយដែលមានសុភមង្គល ទទួលបានការស្រលាញ់ពីស្វាមីផង និង ក្រុមគ្រួសារខាងស្វាមីផងដែរ។ រៀបការក្លាយជាគ្រួសារតែមួយ អ្វីដែលស្ត្រីភរិយាចង់បានលើសពីស្វាមី គឺការមានម្តាយក្មេកដែលចិត្តល្អ ចេះស្រលាញ់ដូចជាកូនបង្កើត ដែលមិនដូចក្នុងរឿង «កូនប្រសាស្រី» ដែលកំពុងផ្ទុះល្បីនោះឡើយ។ យើងសូមលើកពីម្តាយក្មេក ៥ ប្រភេទ បើអ្នកកំពុងត្រៀមក្លាយជាកូនប្រសា ឬមួយកំពុងជាកូនប្រសា ចាត់ទុកថាអ្នកពិតជាសំណាងបំផុត។
១. ម្តាយក្មេកតែងតែគាំទ្រ
គាត់ជាម្តាយក្មេកដែលជួយណែនាំផ្លូវ និងផ្តល់ដំបូន្មាន ដោយគ្មានការបង្ខំឬលម្អៀងទៅខាងណាមួយឡើយ។ គាត់គោរពព្រំដែនរបស់អ្នក និង ស្តាប់នូវអ្វីដែលអ្នកបារម្ភខ្វាយខ្វល់ ហើយផ្តល់ការគាំទ្រដល់អ្នកជានិច្ច។
២. ម្តាយក្មេកប្រៀបដូចជាមិត្តយល់ចិត្ត
គាត់ជាម្តាយក្មេកដែលគិតពីអារម្មណ៍កូនប្រសា ដោយសារដើមឡើយគាត់ក៏ធ្លាប់ស្ថិតក្នុងស្ថានភាពដូចគ្នា។ គាត់បើកចិត្តក្នុងការស្តាប់ និយាយយល់ចិត្ត និង ផ្តល់កម្លាំងចិត្តដល់អ្នក ជួនពេលខ្លះទោះគាត់រវល់ តែគាត់នឹងឆ្លៀតពេលជួបជជែកជាមួយអ្នក ដើម្បីឱ្យអ្នកបានធូរស្រាលអារម្មណ៍ផងដែរ។
៣. ស្រលាញ់ដូចគ្រួសារតែមួយ
គាត់ជាម្តាយក្មេកដែលធ្វើឱ្យកូនសា និង អ្នករាល់គ្នាមានអារម្មណ៍ទទួលបានការស្វាគមន៍ជានិច្ច។ គាត់ស្រលាញ់អ្នកបីដូចជាកូនបង្កើត ជាគ្រួសារតែមួយ។ គាត់ជាមនុស្សគោលម្នាក់នៃគ្រួសារ ដែលបង្កើតការជួបជុំដើម្បីគ្រប់គ្នាមកពីគ្រប់ឋានៈបានភ្ជាប់ទំនាក់ទំនង។ ឱ្យតែមានកម្មវិធីបុណ្យទាន ឬជួបជុំក្រុមគ្រួសារ គាត់តែងតែអញ្ជើញអ្នក ហើយទទួលស្វាគមន៍អ្នកយ៉ាងកក់ក្តៅ។
៤. ផ្តល់ជំនួយជានិច្ច
ម្តាយក្មេកប្រភេទនេះគោរពឱ្យតម្លៃលើភាពឯករាជ្យរបស់អ្នក ប៉ុន្តែគាត់នឹងផ្តល់ជំនួយជានិច្ច បើសិនអ្នកត្រូវការ។ មិនថាការជួយមើលកូន ការងារផ្ទះ ឬសកម្មភាពគ្រួសារណាមួយ គាត់នឹងស្ម័គ្រចិត្តជួយដោយមិនរំពឹងចង់បានអ្វីឡើយ។
៥. តែងតែអបអរ
គាត់រក្សាអាកប្បកិរិយាវិជ្ជាមាន និង នាំមកនូវភាពរីករាយចំពោះគ្រួសារ។ មិនថាអ្នកជោគជ័យធំឬតូច គាត់តែងតែអបអរ ធ្វើឱ្យអ្នកមានអារម្មណ៍ត្រូវបានកោតសរសើរ និង លើកតម្កើង៕