មានឆ្ងល់អត់? មនុស្សខ្លះឆេវឆាវជាមួយតែអ្នកក្នុងផ្ទះ តែបែរជាដឹងខុសត្រូវសប្បាយជាមួយអ្នកក្រៅទៅវិញ
នៅផ្ទះអត្តចរិតដូចជាមិនខ្លាចនរណា ដល់ពេលចេញក្រៅជាមនុស្សរាបសាដឹងខុសត្រូវ ជួនខ្លាចចិត្តគេទៀតផង។ ធ្លាប់ទេជួបមនុស្សបែបនេះ? ឬមានទេសមាជិកក្នុងគ្រួសារបែបនេះ? បើតាមការសិក្សាមួយចំនួន ដើមហេតុនៃមនុស្សមានអត្តចរិតបែបនេះ វាអាចមកពីកត្តា ៥ យ៉ាង៖
១. ទម្លាប់រស់នៅស្រួលពេក៖ ពីតូចរហូតដល់ធំ ពួកគេមានទម្លាប់ធ្វើអ្វីក៏បាន ចង់បានអ្វីបាននឹង គ្មានអ្នកអាចប្រឆាំង ដែលប៉ុន្មានចំណុចនេះ វានឹងបណ្តុះពួកគេក្លាយជាមនុស្សមិនចេះខ្វល់ ធ្វើអ្វីមិនចេះគិត ជាពិសេសមិនខ្លាចអ្នកផ្ទះសូម្បីតែម្នាក់។ ពួកគេចាត់ទុកផ្ទះជាកន្លែងផ្គាប់ផ្គុន និង ត្រូវតែចាញ់ក្រាបគេគ្រប់រឿង ដែលខុសពីពេលទៅក្រៅ ពួកគេត្រូវប្រឈមជាមួយមជ្ឈដ្ឋានថ្មី និង សម្របខ្លួនទៅតាមសង្គម។
២. ភាពតានតឹង៖ ការងារ រឿងផ្ទាល់ខ្លួន និង សម្ពាធពីសង្គម អាចដាក់សម្ពោធទៅលើរូបគេ ជាហេតុធ្វើឱ្យពួកគេក្លាយជាមនុស្សឆាប់ខឹងឆាប់មួម៉ៅ។ ដូចនេះបន្ទាប់ពីតានតឹងពីខាងក្រៅ ផ្ទះជាកន្លែងសុវត្ថិភាពមួយទៀត ដែលពួកគេអាចបញ្ចេញអារម្មណ៍។ កាលណាគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ពួកគេនឹងឆាប់ឆេវឆាវ អាចជះកំហឹងដាក់អ្នកផ្ទះ។
៣. គ្មានច្បាប់ទម្លាប់ក្នុងគ្រួសារ៖ ការមិនមានច្បាប់ទម្លាប់នៅក្នុងគ្រួសារដូចជា ការគោរព ការនិយាយស្តី ដឹងពីឋានៈ ឬរបៀបទំនាក់ទំនងគ្នា វាក៏ជាដើមហេតុធ្វើឱ្យសមាជិកម្នាក់ៗ មិនគោរពឱ្យតម្លៃគ្នា រហូតកើតជាការបញ្ចេញអារម្មណ៍ប៉ះពាល់គ្នាទៅវិញទៅមក។ ដូច្នេះគ្រួសារគួរតែបង្កើតច្បាប់ទម្លាប់ និង យល់ដឹងពីការគោរពគ្នាទៅវិញទៅមក រាប់តាំងពីបងរហូតដល់ប្អូន និង ពីកូនរហូតដល់ឪពុកម្តាយ។
៤. ជៀសវាងបញ្ហាខាងក្រៅ៖ មនុស្សមួយចំនួនដើម្បីជៀសវាងមានបញ្ហាជាមួយអ្នកក្រៅ សុខចិត្តមកបញ្ចេញអារម្មណ៍ដាក់អ្នកផ្ទះ ជាកន្លែងដែលអាចទទួលបានការលួងលោម និង ចុះចាញ់។ ទម្លាប់នេះយូរៗទៅ វានឹងក្លាយជាគំរូមិនល្អដល់កូនៗ និង អ្នកក្នុងគ្រួសារ។ ពួកគេនឹងចាត់ទុកផ្ទះជាកន្លែងបញ្ចេញអារម្មណ៍ដូចគ្នា។
៥. តម្រូវការត្រួតត្រា៖ អ្នកខ្លះដោយធ្លាប់ជាមនុស្សគ្មានអំណាច មិនធ្លាប់គ្រប់គ្រងអ្នកណាបាន ដល់ពេលមានគ្រួសារ ឬមានមនុស្សដែលខ្លួនស្រលាញ់ ពួកគេចាប់ផ្តើមមានតម្រូវការចង់ត្រួតត្រាឬគ្រប់គ្រងឱ្យបានវិញម្តង៕