មិនសូវត្រូវធាតុជាមួយមេ តែស្រឡាញ់ការងារ គួរបន្តបែបណាដើម្បីជីវភាព តស់សាកល្បងវិធី ៨ នេះនឹងធូរចិត្ត!
ស្រឡាញ់ការងារ តែមិនសូវស៊ីខ្សែជាមួយមេ ឬ ចៅហ្វាយនាយ ដើមចមភាគច្រើនកើតមកពីការយល់ច្រឡំ ឬ មិនទាន់យល់ពីគ្នាទៅលើចំណុចណាមួយ។ ការធ្វើការក្នុងស្ថានភាពបែបនេះ វានឹងជាសម្ពាធតឹងតែងរហូតប្រឈមការចាកចេញ។ យ៉ាងណាមិញ ដើម្បីអាជីព ដើម្បីជីវភាព ហើយក៏ដើម្បីធូរស្បើយឡើយវិញ អ្នកអាចសាកល្បងធ្វើការផ្តោតទៅលើចំណុចទាំង ៨ ដូចខាងក្រោម។
១. ផ្តោតលើការងារ
ប្រើចិត្តស្អប់មកបន្ថែមថាមពលបំពេញការងារ និង ទំនួលខុសត្រូវឱ្យកាន់តែពេញលេញជាងមុន។ ដើម្បីជំរុញអារម្មណ៍ពីក្នុង ត្រូវរៀបចំគោលដៅឡើយវិញ និង តាមដានលទ្ធផលរបស់ខ្លួនឱ្យជាប់។
២. វាយតម្លៃឡើងវិញ
វាយតម្លៃថាតើមានចំណុចណាមួយដែលមិនយល់គ្នារវាងអ្នក និង មេរបស់អ្នក រួចដោះស្រាយដោយស្ងៀមស្ងាត់។ ជាមួយគ្នានេះ រិះរកវិធីបញ្ជាក់ទស្សនៈរបស់អ្នក ដែលពិតជាសមស្រប និង គ្មានការទាស់ទែងជាមួយមេ។
៣. ទំនាក់ទំនងតែចាំបាច់
កាត់បន្ថយទំនាក់ទំនងដែលមិនចាំបាច់ជាមួយមេរបស់អ្នក ដោយរក្សាតែទំនាក់ទំនងក្នុងភាពជាអាជីព និង ចំចំណុច។ រាល់ការទំនាក់ទំនងតាម Email ឬ អនឡាញ គប្បីមានភាពច្បាស់លាស់ ជាពិសេសការផ្ញើឯកសារ។
៤. បង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ
កសាងទំនាក់ទំនងឱ្យរឹងមាំជាមួយក្រុមការងារណាដែលផ្តល់ការគាំទ្រផ្លូវចិត្ត និង ជាមនុស្សជំនាញ។ ទន្ទឹមគ្នានេះ ចែករំលែកដំបូន្មានក្នុងន័យស្ថាបនា តែចៀសវាងនិយាយដើមមេ ដើម្បីរក្សាភាពវិជ្ជាជីវៈរបស់ខ្លួន។
៥. បណ្តុះជំនាញ និង បង្កើតបណ្តាញ
បង្កើនសមត្ថភាពរបស់ខ្លួន ដោយវិនិយោគរៀនជំនាញថ្មីៗ និង ពង្រីកបណ្តាញជាមួយមនុស្សជុំវិញខ្លួន។ មនុស្សម្នាក់ឱកាសមួយ មនុស្សច្រើនឱកាសច្រើន ហើយវាក៏អាចជាឱកាសសម្រាប់អ្នកពិចារណាផ្លាស់ប្តូរកន្លែងថ្មីផងដែរ។
៦. ភ្ជាប់ទំនាក់ទំនងជាមួយអ្នកពូកែប្រឹក្សា និង សម្របសម្រួល
បើមាននរណាម្នាក់នៅកន្លែងធ្វើការពូកែខាងប្រឹក្សា និង សម្របសម្រួល គួរភ្ជាប់ទំនាក់ទំនងជាមួយពួកគេឱ្យស្និទ្ធស្នាល។ កាលណាជិតដិតនឹងមនុស្សប្រភេទនេះ ពួកគេអាចនឹងជួយសម្របសម្រួលនៅពេលអ្នកមានបញ្ហាជាមួយមេ។
៧. រក្សាភាពជាអាជីព
មិនត្រូវបង្ហាញការមិនពេញចិត្តមេ ឬ មិនចូលចិត្តនរណាម្នាក់នៅកន្លែងធ្វើការឡើយ។ ត្រូវផ្តោតចម្បងតែការបំពេញការងារ ហើយស្ថិតក្នុងរូបភាពវិជ្ជមានជានិច្ច។
៨. គិតគូរគោដៅរយៈពេលវែង
វាយតម្លៃថាតើតួនាទីការងារបច្ចុប្បន្នរបស់អ្នក ដើរស្របនឹងគោលដៅអនាគតរបស់អ្នកឬអត់។ បើមិនចំគោលដៅ ហើយព្យាយាមសម្របសម្រួលអស់លទ្ធភាពនៅតែគ្មានលទ្ធផល ដល់ពេលដែលអ្នកគិតគូរគម្រោងបោះជំហានទៅកន្លែងបន្ទាប់ ដើម្បីអភិវឌ្ឍន៍ខ្លួន ក៏ដូចជាអាជីពឱ្យរីកចម្រើន៕