ចង់គេថាយកដាក់សារមន្ទីរក៏ថាចុះ! អ្នកអាយុ ៣០+ អាចនឹងមិនស្រស់បំព្រងដោយការមានស្នេហា តែស្រស់បំព្រងដោយការមានលុយទៅវិញ
ស្នេហាពិតជាសំខាន់នៅក្នុងជីវិត ប៉ុន្តែពេលឈានដល់វ័យ ៣០ ឆ្នាំឡើង អ្វីដែលជាចំណែកសំខាន់ដើម្បីរក្សាផ្លូវចិត្តបានល្អ គឺការមានលំនឹងផ្នែកហិរញ្ញវត្ថុ ឬ សុវត្ថិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុ។ ជឿឬមិនជឿ អ្នកអាចយកហេតុផលទាំងនេះទៅពិចារណា៖
១. ស្ថិរភាព និង សុវត្ថិភាព
នៅក្នុងវ័យ ៣០ ឆ្នាំ ស្ថិរភាពក្លាយជារឿងដ៏សំខាន់ ដែលអ្នកត្រូវមានទំនួលខុសត្រូវទៅលើការចំណាយផ្សេងៗដូចជា ថ្លៃជួល បង់រំលោះ សូម្បីការថែទាំសុខភាពក៏ត្រូវចំណាយច្រើនជាងមុន។ ការមានប្រភពចំណូលឋិតឋេរ អាចធ្វើឱ្យអ្នកគ្រប់គ្រងចំណាយទាំងនេះបានដោយមិនចាំបាច់ស្ត្រេស និង មានសុខុមាលភាពផ្លូវចិត្ត។
២. សេរីភាព និង ឱកាស
គេថាលុយមិនសំខាន់ តែបើអត់លុយគឺធ្វើអ្វីមិនចេញ។ ជាការពិត លុយអាចឱ្យអ្នកបន្តមហិច្ឆតា បន្តក្តីស្រមៃ បន្តដើរកម្សាន្ត និង បន្តស្វែងរកគោលដៅរបស់ខ្លួន។ សេរីភាពឆ្ពោះទៅមុខដោយមិនខ្វល់ចិត្តរឿងរឹតត្បិតលុយនេះ នឹងបង្កើនគុណភាពជីវិត ក៏ដូចជាសុភមង្គលរបស់អ្នក។
៣. ផ្គត់ផ្គង់មនុស្សជាទីស្រលាញ់
ការមានធនធានហិរញ្ញវត្ថុអាចឱ្យអ្នកជួយដល់ក្រុមគ្រួសារ និង មិត្តភក្តិនៅពេលពួកគេមានតម្រូវការចាំបាច់ណាមួយ។ ចំណុចនេះផ្សារភ្ជាប់ទៅនឹងការពង្រឹងទំនាក់ទំនងល្អ បង្ហាញពីការយកចិត្តទុកដាក់ និង បំពេញឱ្យគ្នាទៅវិញទៅមក។
៤. ឯករាជ្យ
ការមានហិរញ្ញវត្ថុផ្ទាល់ខ្លួន អាចជួយកាត់បន្ថយការពឹងផ្អែកទៅលើអ្នកដទៃ ជាពិសេសផ្តល់ទំនុកចិត្តដល់ខ្លួនឯង។ មានលុយនៅអាយុ ៣០ ឆ្នាំ ធ្វើឱ្យផ្លូវចិត្តមានអំណាច ជាពិសេសអាចបង្កើតការសម្រេចចិត្តរឿងធំៗនៅក្នុងជីវិតដោយខ្លួនឯងបាន។
៥. សុខភាព និង សុខុមាលភាព
មានលុយអាចឱ្យអ្នកនាំខ្លួនឯងឆ្ពោះទៅរកសុខភាពល្អ ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ អ្នកអាចជ្រើសរើសសេវាថែទាំសុខភាពគុណភាពខ្ពស់ អាចបរិភោគអាហារសុខភាព អាចចូលកន្លែងហាត់ប្រាណល្អៗ និង កន្លែងព្យាបាលអារម្មណ៍កម្រិតស្តង់ដា…ជាដើម។ របៀបរស់នៅសុខភាពល្អនេះ នឹងបង្កើតសុភមង្គលដល់អ្នក ព្រមទាំងបង្កើនថាមពលសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។
៦. ត្រៀមខ្លួនសម្រាប់គ្រាអាសន្ន
មកដល់វ័យនេះ អ្វីៗជាច្រើនអាចកើតឡើងដោយមិនបានរំពឹងទុក ដូចជាការបាត់បង់ការងារ គ្រោះថ្នាក់ ឬ វិបត្តិគ្រួសារ ដែលសុទ្ធសឹងតម្រូវការចាយវាយ។ ការមានប្រាក់សន្សំអាចជួយកាត់បន្ថយការថប់បារម្ភ និង ផ្តល់នូវសុវត្ថិភាពផ្លូវចិត្ត ដោយធានាបានថាអ្នកអាចគ្រប់គ្រងវា ដោយមិនពឹងផ្អែកលើអ្នកដទៃ។
៧. គម្រោងអនាគត
អាយុខ្ទង់ ៣០ ឆ្នាំ ជាវ័យដែលគិតគូរពីគម្រោងរយៈពេលវែងដូចជា ការសន្សំលុយទិញផ្ទះ បង្កើតគ្រួសារ ឬ មួយសន្សំលុយសម្រាប់ទុកពេលចូលនិវត្តន៍។ ការមានហិរញ្ញវត្ថុនឹងនរអាចជួយឱ្យអ្នកកសាងអនាគតប្រកបដោយសុវត្ថិភាពផ្លូវចិត្ត៕