ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ ក្លាយជាទំនើងឈ-ា/មរាវ ដើរបង្កតែរឿងពាលាបាតផ្សារនាំទុក្ខម៉ែឪ
ក្មេងទំនើងសំដៅដល់ក្មេងដែលធ្វើអ្វីតាមតែអំពើចិត្តឬអំណាចចិត្ត ជាក់ស្តែង ដូចឃើញបច្ចុប្បន្ន មានក្មេងមួយចំនួនមិនចេះស្តាប់ឪពុកម្តាយ ដើរបង្ករឿងកាប់ចាក់គេឯង នាំក្តីក្តាំងអំពល់ទុក្ខទាំងខ្លួនឯង ទាំងអ្នកដទៃ និង ក្រុមគ្រួសារ។ យ៉ាងណាមិញ មុនពេលពួកគេក្លាយជាក្មេងទំនើងបែបនេះ អ្នកសិក្សាជំនាញបានកត់សម្គាល់មកពីមូលហេតុ ៥ យ៉ាង។
១. ឈាមរាវ
ឈាមរាវសំដៅដល់វ័យខ្ចីគំនិត ធ្វើអ្វីៗមិនគិតត្រូវខុស ព្រហើនកោងកាច។ ពួកគេមិនទាន់ដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ដូចជាការខឹង និង ខកចិត្តជាដើម។ នៅពេលមានអ្វីមួយប៉ះពាល់អារម្មណ៍ ពួកគេចូលចិត្តបញ្ចេញកំហឹង និយាយស្តីពាក្យអសុរោះឬរហូតដល់ការប្រើហិង្សាវាយកាប់ចាក់។
២. អារម្មណ៍ខ្វះការយកចិត្តទុកដាក់
មនុស្សវ័យក្មេង ច្រើនបង្ហាញអារម្មណ៍ចំពោះមុខនៅពេលពួកគេមានអារម្មណ៍មិនត្រូវបានយកចិត្តទុកដាក់ឬមើលរំលង។ ក្នុងនោះរាប់តាំងពីការមិនយកចិត្តទុកដាក់ពីក្រុមគ្រួសារ, បងប្អូន, គ្រូបង្រៀន និង មិត្តភក្តិ។ ទង្វើបែបនេះធ្វើឱ្យពួកគេកើតការតូចចិត្ត លែងចូលជិត ឬរហូតដល់ចងគំនុំចង់សងសឹកទៀតផង។
៣. ឥទ្ធិពលពីមិត្តភក្តិ
រាប់អានមិត្តភក្តិជុំវិញខ្លួនទៅដោយក្មេងមានអត្តចរិតទំនើង ឆេវឆាវ ចូលចិត្តប្រើការវាយតប់ ក៏ជាផ្នែកមួយជំរុញឱ្យពួកគេមានអត្តចរិតស្រដៀងគ្នាផងដែរ។ ត្រង់ចំណុចនេះ ឪពុកម្តាយត្រូវកត់សម្គាល់ និង ប្រញាប់អូសទាញកូនចេញមកវិញឱ្យឆាប់បំផុត ពុំដូច្នោះខួរក្បាលពួកគេនឹងបណ្តុះគំនិតគិតថា សកម្មភាពដែលមិត្តភក្តិធ្វើពិតជាត្រឹមត្រូវ ហើយអស្ចារ្យបំផុត។
៤. ការប៉ះទង្គិចផ្លូវចិត្ត
ក្មេងដែលទទួលបទពិសោធស្មុគស្មាញផ្លូវចិត្ត ដូចជាជម្លោះក្នុងគ្រួសារ ការមើលងាយ ការសម្លុត ឬបំពាក់ទឹកចិត្ត អាចធ្វើឱ្យពួកគេប្រែទៅជាមនុស្សមានអត្តចរិតឈ្លើយឬកោងកាចនៅពេលធំឡើង។ បើពួកគេជួបបញ្ហាទាំងនេះ អ្នកគប្បីដោះស្រាយបញ្ហាទាំងឡាយឱ្យប្រសើរ និង បណ្តុះគំនិតពួកគេឱ្យគិតបែបសន្តិវិធីឬក្នុងផ្លូវវិជ្ជមាន។
៥. ខ្វះអ្នកជាគំរូ
ជាទូទៅក្មេងៗរៀនឆាប់ចាប់បានពីអ្វីៗនៅជុំវិញខ្លួន។ បើមជ្ឈដ្ឋានជុំវិញ មិនមានអ្នកណាជាអ្នកណែនាំអំពីការយល់ចិត្ត សេចក្តីសប្បុរស និង ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព នោះពួកគេនឹងពិបាកក្នុងការដោះស្រាយនៅពេលមានការខ្វែងគំនិត រួមទាំងប្រើការគិតមុនពេលធ្វើអ្វីមួយ។ នេះហើយជាដើមចមដែលធ្វើឱ្យក្មេងៗក្លាយទៅជាមនុស្សឈ្លើយ និង មានអត្តចរិតទំនើង៕