មិនមែនចេះតែរាប់ទេ! ជីវិតអាចធ្លាក់ដុនដាប បើយកមនុស្ស ៦ ប្រភេទនេះធ្វើជាមិត្ត
មុនអនុញ្ញាតឲ្យនរណាម្នាក់ចូលមកជីវិត គឺសំខាន់ណាស់ មនុស្សខ្លះចូលមកនាំនូវភាពរីកចម្រើន តែមនុស្សខ្លះអាចនាំជីវិតឲ្យដុនដាបបាន ប្រសិនបើភ្លេចខ្លួនតែបន្តិច ។ តទៅនេះសូមបង្ហាញមនុស្ស ៦ ប្រភេទ អាចនាំឲ្យជីវិតអ្នកដុនដាប ប្រសិនបើអ្នក មនចេះគ្រប់គ្រងខ្លួនឯងនោះទេ ៖
១. មនុស្សដែលមានទំនាក់ទំនងច្រើនតែសុទ្ធតែអត់ប្រយោជន៍ដូចគ្នា
មែនហើយ ការរាប់អានគ្នា មិនមែនទាល់តែមានផលប្រយោជន៍ឲ្យខ្លួនទើបរាប់អាននោះទេ តែក៏មិនមែនមានន័យថា ត្រូវតែសេពគប់មនុស្សគ្មានប្រយោជន៍អ្វីនោះដែរ ។ មុនសម្រេចចិត្តយកអ្នកណាមកធ្វើជាកល្យាណមិត្ត ក៏ត្រូវសង្កេតដែរថា តើមិត្តភក្ដិគេជាមនុស្សបែបណា ? ជាអ្នករៀនសូត្រ ឬបុគ្គលល្អក្នុងសង្គមឬទេ ? បើមើលទៅឃើញថា មនុស្សដែលគេសេពគប់ភាគច្រើនសុទ្ធតែអ្នកចូលចិត្តសប្បាយ បងធំបងតូច ប្រឡូកជាមួយគ្រឿងញៀន លេងល្បែង មិនគួរយកខ្លួនទៅបៀតឡើយ ព្រោះគ្មានបានប្រយោជន៍អ្វី និងមានអ្វីគួរឲ្យយកគំរូតាមឡើយ ។
២. មនុស្សដែលយកការសប្បាយជាធំក្នុងបច្ចុប្បន្នកាល
ជាការពិតមនុស្សគ្រប់រូបមិនអាចរស់ជាមួយតែការងារ និង រៀនសូត្រនោះទេ គឺត្រូវមានពេលវេលាលម្ហែខ្លះដែរ ។ ប៉ុន្តែត្រង់ចំណុចនេះ គឺសំដៅទៅដល់មនុស្សដែលមិនគិតគូរពីរឿងអនាគតសោះ ការងារក៏មិនច្បាស់លាស់ រៀនសូត្រក៏មិនខំស្រវាប្រទាញ គិតតែរឿងសប្បាយ ។ ការសេពគប់មនុស្សបែបនេះនឹងធ្វើឲ្យរីករាយក្នុងបច្ចុប្បន្ន តែបើនាំទៅរកអនាគតដ៏ល្អ គឺមានមិនមានឡើយ ។
៣. មនុស្សដែលរកបានប៉ុនណាចាយប៉ុណ្ណឹងគ្មានគិតវែងឆ្ងាយ
ភាគច្រើនមនុស្សប្រភេទនេះ តែងចាយលុយដោយគ្មានគោលការណ៍ គ្មានការសន្សំ គ្មានគោលដៅ ដឹងតែថា ចាយលុយឲ្យសប្បាយតាមចង់ ។ ការសេពគប់មនុស្សប្រភេទនេះ គ្មានចំណុចណាមួយគួររៀនសូត្រតាមនោះទេ តែផ្ទុយមកវិញនាំឲ្យយើងលង់ខ្លួនជាមួយទឹកលុយ ភ្លេចគិតពីរឿងអនាគត ចុងក្រោយបានត្រឹមសោកស្ដាយប៉ុណ្ណោះ។
៤. មនុស្សមានខ្លាំងចូលចិត្តសម្ញែងទ្រព្យសម្បត្តិ
ការបង្កើតទំនាក់ទំនងជាមួយបុគ្គលជោគជ័យដោយការខិតខំ និងបុគ្គលមានខ្លាំងដោយសារគ្រួសារ គឺជារឿងខុសគ្នាស្រឡះ ។ ការមានទំនាក់ទំនងជាមួយមនុស្សចូលចិត្តបង្អួតសម្ភារនិយម ឬមនុស្សចូលចិត្តភាពហ៊ឺហា បានត្រឹមនាំយើងទៅរកការចំណាយតាមបែបអ្នកមាន ស្គាល់ការសប្បាយឡូយឆាយហួសមាឌ ។ ដូចពាក្យចាស់តែងពោលថា «ចាយឲ្យមើលមាឌ កុំឃើញដំរីជុះធំ ជុះតាមដំរី» ដូចនេះហើយ គួរបង្កើតទំនាក់ទំនងជាមួួយបុគ្គលជោគជ័យដោយការតស៊ូ មនុស្សមិនចេះអួតអាងទ្រព្យសម្បត្តិ ទើបអាចទទួលបានបទពិសោធន៍ល្អៗ ។
៥. មនុស្សដែលមានបញ្ហាចាក់ស្រេះច្រើន
ត្រង់ចំណុចនេះ មិនមែនសំដៅថា ឲ្យតែមនុស្សមានបញ្ហាច្រើនមិនរាប់អាននោះទេ តែត្រូវដឹងថា បញ្ហាមនុស្សវាមានច្រើនខុសគ្នា ។ មនុស្សមានបញ្ហាចាក់ស្រេះមិនគួរសេពគប់ជាមួយដូចជា មនុស្សញៀនល្បែង សេពគ្រឿងញៀន ធ្វើបាបចិត្តឪពុកម្ដាយ ឬមានជម្លោះទាស់ទែងជាមួយអ្នកជិតខាង រឿងជំពាក់លុយមិនសង ។ ល ។ ដូច្នេះការយកខ្លួនទៅប្រឡូកជាមូយមនុស្សបែបនេះ ស្រួលមិនស្រួលអាចនាំរឿងដាក់ខ្លួនបាន ។
៦. មនុស្សដែលយកជាការមិនបានពេលមានការសំខាន់
ដោយឡែកមនុស្សបែបនេះវិញ សំដៅថា អ្នកដែលបានត្រឹមតែលេងសើចឡេះឡោះអត់ប្រយោជន៍ តែបើយកជាសាច់ការគឺគ្មានបានការអ្វីសោះ ។ ការសេពគប់មិត្តភក្ដិ មិនមែនឲ្យតែច្រើនចំនួន តែគ្មានគុណភាពនោះទេ មិត្តភក្ដិដែលល្អ គឺអ្នកដែលចេះព្រឹក្សាយោបល់ល្អៗពេលមានបញ្ហា មិត្តភក្ដិដែលចេះលើកទឹកចិត្តជាដើម ។ ដោយឡែកមនុស្សខ្លះ ស្គាល់យើងតែពេលសប្បាយប៉ុណ្ណោះ តែពេលមានបញ្ហារត់ចោលបាតជើងសព្រាត ៕