រសាត់ឆ្ងាយពីសិល្បៈច្រើនឆ្នាំ ឈិត សុជាតា រស់នៅចាយជីវិតមើលថែកូនភ្លោះយ៉ាងរឹងមាំ
ច្រើនឆ្នាំមកនេះ តារាសម្ដែង ឈិត សុជាតា កាន់តែបន្សាត់ខ្លួនឃ្លាតកាន់តែឆ្ងាយពីវិស័យសិល្បៈ ដោយបច្ចុប្បន្នអ្នកនាងកំពុងមមាញឹកនឹងមុខជំនួញ ព្រមទាំងបែងចែកពេលវេលាបំពេញតួនាទីជាម្ដាយល្អ មើលថែកូនភ្លោះប្រុសស្រីទាំងពីរ ឱ្យធំធាត់ឡើងប្រកបដោយភាពឆ្ងាតវៃ និង ភាពកក់ក្ដៅ។
មកដល់ពេលនេះ កូនភ្លោះប្រុសស្រីដ៏គួរឱ្យស្រឡាញ់ទាំង ២ របស់អ្នកនាង ឈិត សុជាតា មានអាយុខ្ទង់ជាង ៧ ឆ្នាំហើយ ដោយកូនៗរបស់អ្នកនាង សុទ្ធតែទាំងស្អាតៗ និង ឆ្លាតៗណាស់ ដោយទម្រង់មុខមាត់ស្រដៀងនឹងម្ដាយខ្លាំងណាស់។
ឈិត សុជាតា ជាម្ដាយម្នាក់ដែលមើលថែកូនៗផង និង ប្រឹងប្រែងរកស៊ីផង តែទោះបីជាបែបនេះ អតីតតារាស្រីរូបនេះ នៅតែរស់នៅយ៉ាងរឹងមាំ ធ្វើជាម្ដាយដ៏កក់ក្ដៅសម្រាប់កូនៗ ជាពិសេសអ្នកនាងធ្វើការរកលុយចិញ្ចឹមកូន និង ផ្ដត់ផ្គង់គ្រួសារដោយកម្លាំងញើសឈាម មិនមានពាក្យត្អូញត្អែរទេ បែរជាកាន់តែមានកម្លាំងចិត្តតស៊ូយកឈ្នះគ្រប់ឧបសគ្គជានិច្ច។
ឈិត សុជាតា បានរៀបរាប់ពោរពេញដោយភាពជឿជាក់ថា ៖ «ក្តីសុខក្នុងចិត្ត បើយើងឱ្យសុខ គឺសុខ បើយើងឱ្យទុក្ខ គឺទុក្ខ។ ខ្ញុំអត់អន់ចិត្តនឹងខ្លួនជាមនុស្សស្រីទេ តែមោទកភាពនឹងអ្វីដែលមាន ទោះស្រី ឬ ប្រុស គឺប្រើប្រាជ្ញា សមត្ថភាព និង ចំណេះជំនាញមករកលុយដូចតែគ្នា មនុស្សស្រីមានឱកាសច្រើនជាងប្រុសផង។ វាគ្រាន់តែជាគំនិតខ្ញុំទេ ព្រោះមនុស្សយើងមានការគិតផ្សេងៗ គេគិតមិនដូចយើង យើងគិតក៏មិនដូចគេ»៕