នារីៗបានប្ដីល្អត្រឹមមានសំណាង តែបើបានម៉ែក្មេកពេញចិត្តទៀត ទើបហៅថាមហាសំណាង
មនុស្សស្រីគ្រប់រូបតែងតែស្រមៃចង់បានស្វាមីដែលមានរូបរាងស្អាត សង្ហា ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និង មានត្រកូលគ្រួសារល្អ ហើយលើសពីរូបសម្បត្តិផ្នែកខាងក្រៅ ពួកគេក៏ប្រាថ្នាចង់បានស្វាមីដែលមានអត្ដចរិតល្អ ចេះស្រឡាញ់ថ្នាក់ថ្នមប្រពន្ធ យកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ ចិត្តមួយថ្លើមមួយ និង ចេះគោរពផ្ដល់តម្លៃឱ្យស្ត្រីជាប្រពន្ធខ្ពស់ ។
ស្ត្រីដែលរកបានស្វាមីគ្រប់ប្រការ មានទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ និង ចរិយាសម្បត្តិ ត្រូវបានសាច់ញាតិភូមិផងចាត់ទុកជាមនុស្សស្រីដែលមានសំណាងមួយរូប ប៉ុន្ដែនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ មនុស្សស្រីដែលមានសំណាងពិតប្រាកដ ទាល់តែមានម្ដាយក្មេកស្រឡាញ់ពេញចិត្តទៀតទើបគេចាត់ទុកជានារីមហាសំណាង ។
បច្ចុប្បន្នមនុស្សភាគច្រើនមើលរំលងចំណុចមួយនេះ ព្រោះពួកគេយល់ថា បានប្ដីល្អ បានប្ដីស្អាត ចេះស្រឡាញ់ប្រពន្ធគឺគ្រប់គ្រាន់ហើយ ម្យ៉ាងសម័យនេះទៅហើយ ពេលរៀបការរួចក៏មិនមែនរស់នៅជាមួយឪពុក-ម្ដាយក្មេកដូចពីជំនាន់មុនទៀតដែរ ពោលគឺក្រោយពេលរៀបការរួច ពួកគេនឹងបែកផ្ទះចេញទៅរស់នៅតែប្ដី-ប្រពន្ធពីរនាក់ ។
ថ្វីដ្បិតតែសម័យនេះមិនដូចពីមុន ហើយប្ដី-ប្រពន្ធខ្លះ ពេលរៀបការរួចបែកផ្ទះនៅរស់នៅផ្សេងក៏ដោយ តែដូចមានបទចម្រៀងចំណងជើង «អណ្ដាតម្ដាយក្មេក» បើម៉ែក្មេកមិនពេញចិត្តហើយ ជីវិតគូរបស់អ្នករស់នៅក៏មិនបានសុខដែរ មិនយូរមិនឆាប់នឹងមានរឿងរ៉ាវឈ្លោះបែកបាក់គ្នាជាក់ជាពុំខាន ហេតុដូច្នេះទើបគេនិយាយថា រកបានប្ដីល្អមួយ មិនស្មើនឹងរកបានម៉ែក្មេកស្រឡាញ់នោះទេ ៕