Crush គេម្នាក់ឯង ៥ ឆ្នាំ អត់ហ៊ានសារភាព ទីបំផុតស្ពាយឈ្មោះ Single អត់លិឍ
តាមពិតធម្មជាតិមនុស្សតែងមានក្តីស្រឡាញ់ និង គូជីវិតដែលមិនអាចប្រកែកបាន ទោះអ្នកនោះប្រុស ឬ ស្រី, ខ្មៅ ឬ ស, ស្គម ឬ ធាត់, ទាប ឬ ខ្ពស់, ស្អាត ឬ មិនស្អាត, មាន ឬ ក្រឡើយ ។
មនុស្សម្នាក់ៗត្រូវតែមានតម្រូវការស្នេហា ប៉ុន្តែសម្រាប់ស្នេហារបស់ខ្ញុំនៅពេលនេះមានតែចំពោះគ្រួសារប៉ុណ្ណោះ ព្រោះខ្ញុំហាក់រាងច្រាលនឹងការមានអារម្មណ៍ស្នេហា ដែលរងការឈឺចាប់កន្លងមក ខ្ញុំគ្មានភាពក្លាហាននឹងមានវាក្នុងចិត្តទៀតឡើយ ។ តាមពិតខ្ញុំក៏ធ្លាប់មានអារម្មណ៍ស្នេហា និង បានស្រឡាញ់មនុស្សម្នាក់ដែរ ប៉ុន្តែដោយសារតែជាស្នេហាខុសធម្មជាតិ ទើបខ្ញុំបានត្រឹមតែលួច Crush គេម្នាក់ឯង ។
រយៈពេល ៥ ឆ្នាំដែលខ្ញុំបានលួចស្រឡាញ់គេ និង ស្រឡាញ់គេខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ដំបូងខ្ញុំបានសួរខ្លួនឯង តើស្រឡាញ់គេបានដោយរបៀបណា បើទាំងដឹងថាវាជាស្នេហាមួយដែលសឹងតែគ្មានផ្លូវនឹងអាចដើរទៅមុខជាមួយគេរួចនោះ ? ទោះជាយ៉ាងនេះក្តី រាល់ពេលបន្តិចបន្តួចដែលខ្ញុំបានឃើញមុខគេ និង នៅក្បែរពេលខ្លះ ដែលភាគច្រើនត្រឹមនៅកន្លែងធ្វើការក្តី ខ្ញុំតែងមានអារម្មណ៍សុភមង្គល កក់ក្តៅ និង បេះដូងលោតញាប់គ្រប់ពេល ។ តើនេះជាអារម្មណ៍អ្វី ? ហេតុតែស្រឡាញ់គេ ឆ្កួតជាម្នាក់ឯង ?
ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំតែងតែចង់សារភាពប្រាប់គេថាខ្ញុំស្រឡាញ់គេ ទោះបីទាំងដឹងថាគេក៏ប្រហែលជាមានចិត្តខ្លះលើខ្ញុំ ប៉ុន្តែខ្ញុំមិនសេចក្តីក្លាហានសារភាពពីទំហំចិត្តដែលលួចស្រឡាញ់គេមុននោះឡើយ តាំងពីថ្ងៃដំបូងដែលខ្ញុំដឹងថាខ្លួនឯងបានស្រឡាញ់គេ រហូតដល់រយៈពេល ៥ ក្រោយ ក៏ខ្ញុំនៅតែគ្មានភាពក្លាហានក្នុងរឿងនេះ ព្រោះតែខ្ញុំគិតថាខ្ញុំអាចមិនស័ក្តិសមជាមួយគេ និង មានបញ្ហាមួយចំនួនទៀត (សង្គម និង គ្រួសារ) ដែលនេះធ្វើឱ្យខ្ញុំរារែកចិត្ត ។
មានពេលខ្លះខ្ញុំក៏បានបង្ហាញអារម្មណ៍ថាស្រឡាញ់ និង យកចិត្តទុកដាក់លើគេខ្លាំងនៅមុខមនុស្សជាច្រើន ហើយគេក៏អាចដឹងពីអ្វីដែលខ្ញុំបានធ្វើចំពោះគេ ប៉ុន្តែបានតែមួយពេលៗប៉ុណ្ណោះដែលគេបានឆ្លើយតបក្នុងន័យមានចិត្តមកវិញ រួចហើយក៏ហី… ដោយចាត់ទុកខ្ញុំត្រឹមជាមិត្តរួមការងារធម្មតា ជាហេតុធ្វើឱ្យខ្ញុំរឹតតែគ្មានភាពក្លាហានសារភាពត្រង់ៗចំពោះក្តីស្រឡាញ់មួយនេះ ។
ទីបំផុត ៥ ឆ្នាំដែលខ្ញុំចិញ្ចឹមចិត្ត និង លាក់ទុកក្តីស្រឡាញ់របស់ខ្លួនចំពោះរូបគេត្រូវខ្ទេច បន្ទាប់ពីគេផ្សេងមានចិត្តក្លាហានជាងខ្ញុំ ចូលទៅសារភាពស្នេហ៍ត្រង់ៗចំពោះគេ ហើយគេនោះក៏បានចូលរួមចំណែកឃុំគ្រងជីវិតគេ ចំណែកខ្ញុំបានត្រឹមតែកើតក្តីឈឺចាប់ សម្លឹងមើលមនុស្សជាទីស្រឡាញ់ត្រូវអ្នកដទៃឱបក្រសោប និង មើលថែជំនួស ជាមួយការសោកស្តាយរបស់ខ្ញុំដែលមិនមានសេចក្តីក្លាហានគ្រប់គ្រាន់សារភាពស្រឡាញ់គេមុនឱ្យបានអស់ចិត្តខ្លួនឯង ដោយមិនខ្វល់ពីចម្លើយបែបណា ? បទពិសោធនេះ ខ្ញុំមិនអាចឱ្យមានលើកទី ២ ឡើយ បើសិនខ្ញុំបានរកឃើញមនុស្សត្រូវចិត្តក្រោយៗទៀត ៕