កុំខ្វល់រឿង ៤ ចំណុចនេះ ប្ដី-ប្រពន្ធទើបរៀបការរួចថ្មីថ្មោង ដឹងតែកម្រមានរឿងឈ្លោះគ្នាណាស់
មនុស្សពីរនាក់ទម្រាំអាចស្គាល់គ្នា យល់ចិត្តគ្នា អាចស្រឡាញ់គ្នា រហូតអាចកាន់ដៃគ្នាចូលរោងការបំពេញមុខមេបាទាំងសងខាងបាន មិនមែនជារឿងងាយស្រួលនោះទេ ហើយភាគីទាំងសងខាងក៏មិនមែនទើបតែស្គាល់គ្នាបានមួយថ្ងៃពីរនោះដែរ នេះសុទ្ធតែជារឿងត្រូវចំណាយពេលមើលចិត្តថ្លើមគ្នា រៀនស្គាល់ រៀនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ។
តែយ៉ាងណាបើអ្នកសម្រេចចិត្តកាន់ដៃគ្នារៀបការក្លាយជាប្ដី-ប្រពន្ធតាមប្រពៃណីហើយ សូមកុំខ្វល់រឿង ៤ យ៉ាងនេះពីមាត់មនុស្សដែលចាំតែឈ្នានីសអ្នកឱ្យសោះ នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នក នឹងកម្រមានរឿងឈ្លោះប្រកែកគ្នាណាស់ ។
១- ប្ដីក្មេងជាងប្រពន្ធ ៖ ភាគច្រើនបុរសរៀបការជាមួយស្រ្តីដែលមានអាយុក្មេងជាងខ្លួន តែបើប្ដូរទៅជាប្រពន្ធមានអាយុច្រើនជាងប្ដីវិញ នោះនឹងមានគេនិយាយថា ប្រពន្ធចាស់ប្ដីក្មេង មិនយូរមិនឆាប់ប្ដីប្រាកដជាមានស្រីខាងក្រៅមិនខាន ។
២- ប្រពន្ធមានការងារល្អ មិនសូវគោរពប្ដី ៖ មិនត្រូវយល់ថា អ្នកជាប្រពន្ធមានការងារល្អនៅក្នុងសង្គមយ៉ាងណា ឬពេលខ្លះអាចរកចំណូលបានច្រើនជាងប្ដី មិនចាំបាច់គោរពប្ដីពេកក៏បាននោះទេ ។ ប្ដីនៅតែជាមេគ្រួសារ ជាជំហរដ៏រឹងមាំសម្រាប់ប្រពន្ធ-កូនជានិច្ច ប្ដី-ប្រពន្ធត្រូវចេះគោរព និង ឱ្យតម្លៃគ្នាទៅវិញទៅមក ។
៣- រឿងមានកូន ៖ ច្បាស់ណាស់ក្រោយរៀបការ ប្ដី-ប្រពន្ធគួរតែមានកូនដើម្បីរឹតបន្តឹងចំណងស្នេហាឱ្យកាន់តែមានសុភមង្គល និង ក្លាយជាគ្រួសារមួយពិតប្រាកដ តែបើភាគីខាងប្ដី ឬខាងប្រពន្ធមិនអាចមានកូនបាន សូមកុំសោកសៅធ្វើអ្វី ព្រោះអ្នកបានសម្រេចចិត្តរួមដំណើរជីវិតជាមួយគ្នាហើយ ។
៤- ការងារផ្ទះ ៖ សម័យនេះទៅហើយ គេលែងប្រកាន់ថាបុរស ឬស្រ្តីជាអ្នកធ្វើការងារផ្ទះទៀតហើយ ព្រោះបច្ចុប្បន្ន ស្រ្តីក៏មានការងារធ្វើ អាចរកចំណូលចិញ្ចឹមជីវិតបានដោយខ្លួនឯង ពេលខ្លះស្រ្តីមានតួនាទីធំជាងបុរសទៀត ដូច្នេះបើអ្នកនៅប្រកាន់រឿងកំប៉ិចកំប៉ុកនេះ នោះគ្រួសារនឹងគ្មានស្គាល់ពាក្យថាសុភមង្គលឡើយ ៕